(ភ្នំពេញ)៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងដឹកនាំគណៈប្រតិភូអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងធ្វើជាសហប្រធានជាមួយលោក សាលើមនៃ គុំម៉ាស៊ីត រដ្ឋមន្ត្រីការបរទេសឡាវ ដឹកនាំកិច្ចប្រជុំលើកទី១៣ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី រវាងកម្ពុជា និងឡាវ ចាប់ពីថ្ងៃទី២១-២២ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទីក្រុងវៀងចន្ទន៍។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃនេះ។
ក្រសួងការបរទេស បានបញ្ជាក់ថា លោក ប្រាក់ សុខុន នឹងពិភាក្សាជាមួយលោក សាលើមសៃ គុំម៉ាស៊ីត លើទិដ្ឋភាព ផ្សេងៗនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងគោលបំណងពង្រីកវិសាលភាព និងជម្រៅនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងវិស័យទាំងអស់ដែលមានសក្តានុពល។ លោកក៏នឹងផ្លាស់ប្តូរទស្សនទាន ជាមួយសមភាគីឡាវ លើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍រួមផងដែរ។
ជាមួយគ្នានេះ ក្នុងអំឡុងពេលស្នាក់នៅទីក្រុងវៀងចន្ទន៍ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នឹងអញ្ជើញចូលជួប សម្តែងការគួរសមដាច់ដោយឡែកពីគ្នាជាមួយប្រធានាធិបតី ប៊ុនញាំង វរជិត និងឯកឧត្តមបណ្ឌិត ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្ត្រីឡាវ។
ទស្សនកិច្ចលើកទី៣នេះ ទៅកាន់ប្រទេសឡាវ របស់ឧបនាយករដ្ឋមន្ត្រី ក្នុងឋានៈជារដ្ឋមន្ត្រីការបរទេស រយៈពេលបីឆ្នាំកន្លងមក នឹងជួយលើកកម្ពស់បន្ថែមទៀតនូវចំណងមិត្តភាពដ៏ជិតស្និទ្ធ និងយូរលង់រវាងប្រទេសទាំងពីរ៕