(ភ្នំពេញ)៖ លោក គង់ គាំ ប្រធានកិត្តិយសគណបក្សឆន្ទៈខ្មែរ និងជាអតីតប្រធានគណបក្សសមរង្ស៉ី នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានចំអកជាថ្មីដល់ ទណ្ឌិត សម រង្ស៉ី មេចលនាសង្រ្គោះជាតិ ដែលមិនហ៊ានវិលត្រឡប់មកកាន់ប្រទេសកម្ពុជា ដូចអ្វីដែលលោកបានប្រកាស។
លោក គង់ គាំ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ប្រធានស្តីទី (រស់តែពាក្យ ត្រគាកងាប់ស្តូក) មួយម៉ាត់ (មុន) គាត់ថា សុខចិត្តបូជាជីវិត មួយម៉ាត់ (ក្រោយ) គាត់ថាមេដឹកនាំដែល "បូជាជីវិត" ឬ "សុខចិត្តជាប់គុក" គឺឥតប្រយោជន៍។ សម រង្ស៉ី ខ្ញុំគឺ (ក្របីស៊ីស្រូវបងមិនសូវហ៊ានដេញ ក្របីដើរចេញបងដេញអោយស្រីមើល ក្រពើនៅរស់បងមិនសូវហ៊ានចាប់ ក្រពើងាប់ស្រាប់បងចាប់អោយស្រីមើល)»។
កាលពីយប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ លោក សម រង្ស៉ី មេចលនាសង្រ្គោះជាតិ បានប្រកាសតាមរយៈវិទ្យុអាស៊ីសេរី (RFA) ថា នឹងត្រឡប់ចូលក្នុងប្រទេសកម្ពុជាវិញ នៅពេលដែលមានទណ្ឌកម្មពីអន្តរជាតិធ្ងន់ធ្ងរ មិនអាចចូលនៅពេលនេះទេ។ ពោលគឺលោកនឹងមិនវិលត្រឡប់មកកម្ពុជា ទៅតាមការភ្នាល់ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នោះឡើយ។
លោក សម រង្ស៉ី បានលើកឡើងថា បើសិនជាលោកវិលត្រឡប់មកកម្ពុជា តាមអ្វីដែលលោកបានបបួល សម្តេចតេជោ ហ៊ុន សែន ភ្នាល់នោះលោកនឹងត្រូវចាប់ខ្លួន។ លោកលើកហេតុផលថា បើសិនជាមេដឹកនាំណាត្រូវជាប់គុកនោះ នឹងធ្វើឱ្យអ្នកគាំទ្ររូបលោកទាំងអស់មានការបាក់ស្បាត មិនហ៊ានតស៊ូតទៅទៀត។
លោក គង់ គាំ បានចាត់ទុកថា គំនិត សម រង្ស៉ី មានភាពរាក់កំផែល ដែលចូលចិត្តប្រើល្បិចភូតត្លុក ភូតត្រពាំង បោកប្រាសប្រជាពលរដ្ឋ។ លោករំលឹកទៅកាន់ លោក សម រង្ស៉ីថា «សហរដ្ឋអាមេរិក (សម្ព័ន្ធមិត្តបរទេស) គ្មានជោគជ័យនៅអាហ្វហ្គានីស្ថាន គ្មានជោគជ័យនៅស៊ីរី ដោយប្រតិបត្តិការទាំងកម្លាំងបាយ ទាំងកម្លាំង(ទណ្ឌកម្ម) ទេ»៕