(ភ្នំពេញ)៖ អ្នកអត្ថាធិប្បាយបញ្ហាសង្គម និងនយោបាយកំពុងមានប្រជាប្រិយភាពលើបណ្តាញសង្គម Facebook លោក សុខ សុគន្ធ ហៅជេម សុខ បានលើកឡើងថា ប្រទេសរកស៊ីជាមួយអាមេរិកបើមិនឆ្លាតទេនោះ នឹងត្រូវអាមេរិកបូមយកអស់ដូចជាឥណ្ឌូនេស៊ី និងហ្វីលីពិនជាដើម។
លោក សុខ សុគន្ធ លើកឡើងបែបនេះឆ្លើយតបទៅនឹងសំណួរបស់អ្នកគាំទ្ររបស់អ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិតាមរយៈការផ្សាយផ្ទាល់នៅលើបណ្តាញសង្គម Facebook នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។
អ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិនៅសហរដ្ឋអាមេរិកដូចនឹងលោក សុខ សុគន្ធ ដែរនោះ បានចោទសួរលោក សុខ សុគន្ធ ថា មូលហេតុអ្វីបានជារាជរដ្ឋាភិបាលខ្មែរចូលចិត្តសេពគប់ជាមួយប្រទេសកុម្មុយនិស្តដូចជាចិន ហើយមិនសេពគប់ជាមួយប្រទេសសេរីដូចជាសហរដ្ឋអាមេរិក។
ឆ្លើយតបសំណួរនេះអ្នកអត្ថាធិប្បាយបញ្ហាសង្គម និងនយោបាយរូបនេះបានលើកឡើងថា សហរដ្ឋអាមេរិកមិនមែនជាអ្នកប្រជាធិបតេយ្យនិយមនោះទេ បើជាអ្នកប្រជាធិបតេយ្យនិយម ក៏មិនទៅសេពគប់ជាមួយបណ្តាប្រទេសនៅតំបន់អារ៉ាប់នោះដែរ។ លោកបានបន្ថែមថា ការសេពគប់ទាំង គឺសុទ្ធតែដើម្បីប្រយោជន៍រៀងៗខ្លួន។
លោក សុខ សុគន្ធ បានបន្ថែមទៀតថា រូបលោកចង់ឲ្យរាជរដ្ឋាភិបាលខ្មែរមានទំនាក់ទំនងជាមួយអាមេរិក តែត្រូវតែមានភាពវៃឆ្លាតបើមិនដូច្នោះត្រូវអាមេរិកបូមមិនសល់នោះឡើយ។ លោក សុខ សុគន្ធ បានលើកជាឧទាហរណ៍ដូចជាប្រទេសឥណ្ឌូនេស៊ី និងហ្វីលីពិន ត្រូវអាមេរិកបូមគ្មានសល់។
ដោយឡែកប្រទេសថៃ កូរ៉េខាងត្បូង និងជប៉ុន ជាប្រទេសមានមេដឹកនាំឆ្លាតទើបរកស៊ីចំណេញជាមួយសហរដ្ឋអាមេរិក។ សូមស្តាប់ការអត្ថាធិប្បាយរបស់លោក សុខ សុគន្ធ៖