(ក្រចេះ)៖ អាជ្ញាធរក្រុងក្រចេះ និងមន្ទីរបរិស្ថានខេត្ត នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានដឹកនាំក្រុមការងារ ចុះពិនិត្យមើលក្រុមហ៊ុនរបស់កូរ៉េកិនម្សៅដំឡូងមីឈ្មោះ Sing Song ស្ថិតនៅផ្លូវជាតិលេខ៧ សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ ដែលពាក់ព័ន្ធការបង្ហូរកាកសំណល់កខ្វក់ ចូលតាមព្រែក អូរ និងបឹងបណ្ដាលឲ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ នៅមូលដ្ឋានក្រុងក្រចេះ និងស្រុកចិត្របុរី។

អាជ្ញាធរបញ្ជាក់ឲ្យដឹងនៅរសៀលថ្ងៃនេះថា ក្រោយអាជ្ញាធរ និងមន្ទីរបរិស្ថាន បានចុះទៅដល់ក្រុមហ៊ុនរួចមក ក្រុមហ៊ុនបញ្ជាក់ថា ការបង្ហូរទឹកនោះ គឺទឹកល្អទេ តែកាលពីខែវិច្ឆកា ឆ្នាំ២០១៨ មានភ្លៀងធ្លាក់ខ្លាំង ទើបអាចទឹកកខ្វក់ហូរចូលក្នុងអាង ហើយហូរចេញតាមចុងសាយ៉ូ ហើយក្រុមហ៊ុនកំពុងព្យាយាមកែតម្រូវ មិនឲ្យមានក្លិនស្អុយ និងមិនមានទឹកកខ្វក់ហូរចូលទៀតទេ។

លោក ឆាយ ដួងសាវុធ ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ ឲ្យដឹងថា ក្រោយពីលោកបានចុះទៅដល់ក្រុមហ៊ុន ហើយសួរនាំទៅខាងក្រុមហ៊ុន បានឲ្យដឹងថា ការបង្ហូរទឹកនេះ តាំងពីថ្ងៃទី៧ ខែកុម្ភៈ តែហូតដល់ថ្ងៃទី១៧ ខែកុម្ភៈ ទើបគេប្រទេះឃើញត្រីងាប់ ហើយនាំគ្នាសង្ស័យថា ពុលទឹកដែលក្រុមហ៊ុនបង្ហូរចូល។ លោកថា ករណីនេះ នៅមិនទាន់ដឹងការពិតនៅឡើយទេ ហើយលោក យកទឹកដែលបង្ហូរចូលបឹងនោះ ទៅពិនិត្យនៅក្រសួងបរិស្ថានហើយ តែមិនទាន់ដឹងលទ្ធផលយ៉ាងណានោះទេ។

លោកបន្តទៀតថា បើការសន្និដ្ឋានបឋម គឺប៉ុន្មានថ្ងៃនេះមេឃក្ដៅខ្លាំង ហើយត្រីផុសឡើង ពេលនោះប្រជាពលរដ្ឋឃើញក៏នាំគ្នានេសាទ បណ្ដាលឲ្យទឹកល្អក់ហើយត្រីពុលងាប់តែម្ដង។

លោកប្រធានមន្ទីររូបនោះ បានបញ្ជាក់ទៀតថា លោកបានហាមឃាត់ក្រុមហ៊ុន មិនឲ្យបង្ហូរទឹកទៅទីសាធារណៈទៀតទេ បើចង់បង្ហូរ ក្រុមហ៊ុនត្រូវជូនដំណឹងមកខាងមន្ទីរជាមុនសិន ហើយត្រូវយកទឹកនោះទៅពិនិត្យនៅក្រសួងបរិស្ថានសិន បើក្រោយការពិនិត្យឃើញថា ទឹកនោះមិនមានផលប៉ះពាល់ ទើបមន្ទីរអនុញ្ញាតឲ្យ ដើម្បីកុំឲ្យមានផលប៉ះពាល់ ដល់ប្រជាពលរដ្ឋទូទៅតទៅទៀត។

សូមបញ្ជាក់ថា ក្រុមហ៊ុនកូរ៉េកិនម្សៅដំឡូងមី ឈ្មោះ SingSong ដែលមានទីតាំងស្ថិតនៅផ្លូវជាតិលេខ៧ សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ បាន និងកំពុង បង្ហូរកាកសំណល់កង្វះរបស់ក្រុមហ៊ុន ចូលតាមព្រែក អូរ និងបឹង បណ្ដាលឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅក្រុងក្រចេះ និងស្រុកចិត្របុរី។

សមត្ថកិច្ចមូលដ្ឋាន បានប្រាប់អង្គភាព Fresh News ឲ្យដឹងនៅរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះថា ដោយសារការបង្ហូរកាកសំណល់កង្វះបែបនេះ បានបណ្ដាលឲ្យត្រីតូចធំជាច្រើន ដែលរស់នៅតាមបឹង ព្រែកអូរ ដែលស្ថិតនៅក្បែរទីតាំងក្រុមហ៊ុន ក្នុងក្រុងក្រចេះ និងនៅស្រុកចិត្របុរី បានពុលទឹកងាប់អណ្តែតពេញផ្ទៃទឹកជាបន្ដបន្ទាប់។

របាយការណ៍របស់សមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា ការពុលងាប់ត្រីក្នុងទឹកបឹង អូរ និងព្រែកនេះ ត្រូវបានពលរដ្ឋថា បណ្តាលមកពីការពុលដោយសារការបង្ហូរកាកសំណល់ពី ក្រុមហ៊ុនកូរ៉េចូលមកទឹកបឹង និងអូរ។ ក្នុងស្ថានភាពការពុលបែបនេះ ពលរដ្ឋមានការព្រួយបារម្ភពីសុវត្ថិភាពសុខភាពរបស់ពួកគាត់ ក៏ដូចជាសត្វពាហនៈដែលសព្វថ្ងៃ បានពឹងផ្អែកលើទឹកបឹងទឹកព្រែក និងទឹកអូរ៕