(ភ្នំពេញ)៖ ស្ថានទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា នឹងរៀបចំព្រឹត្តិការណ៍ជាច្រើននៅសប្តាហ៍នេះ ដើម្បីជាផ្នែកមួយនៃយុទ្ធនាការរបស់ខ្លួនឈ្មោះថា Education is GREAT ដោយមានគោលបំណង ក្នុងការផ្សព្វផ្សាយវិស័យអបរំ របស់ចក្រភពអង់គ្លេស មកកាន់កម្ពុជា។ យុទ្ធនាការនេះ ចាប់ដំណើរការនាសប្តាហ៍នេះ តាមរយៈកម្មវិធីតាំងបង្ហាញអំពីការអប់រំកម្រិតខ្ពស់មួយ ឈ្មោះថា ពិព័រណ៍ការសិក្សាចក្រភពអង់គ្លេស២០១៩។
ពិព័រណ៍ការសិក្សាចក្រភពអង់គ្លេស២០១៩នេះ នឹងមានការចូលរួមពីមន្ត្រីផ្នែកជ្រើសរើសសិស្សនិស្សិត មកពីសាកលវិទ្យាល័យ២០កន្លែង មកពីប្រទេសអង់គ្លេស។ ពួកគាត់នឹងផ្ដល់ជូននូវព័ត៌មានផ្សេងៗពាក់ព័ន្ធនឹងគ្រឹះស្ថានអប់រំរបស់ពួកគាត់ ក៏ដូចជាកម្មវិធីសិក្សាជាច្រើនប្រភេទផងដែរ។ លើសពីនេះ ពួកគាត់ក៏នឹងស្វាគមន៍ចំពោះរាល់សំណួរទាំងអស់ របស់សិស្ស និងអាណាព្យាបាលសិស្សផងដែរ។
កម្មវិធីតាំងបង្ហាញនេះ នឹងចុះធ្វើទស្សនៈកិច្ចនៅតាមសាលារៀនមួយចំនួនក្នុងរាជធានីភ្នំពេញ មុននឹងឈានដល់ការរៀបចំពិព័រណ៍ការសិក្សាចក្រភពអង់គ្លេស២០១៩ នៅឯផ្សារទំនើបអ៊ី អន១ ក្នុងបរិវេណ Daylight Plaza នាថ្ងៃទី២០កុម្ភៈ ឆ្នាំ២០១៩ ចាប់ពីម៉ោង៥៖៣០ល្ងាចរហូតដល់ម៉ោង៨៖៣០នាទីយប់ សម្រាប់ឱ្យសាធារណៈជនបានចូលទស្សនា។ អតីតនិស្សិតអាហាររូបករណ៍ Chevening ក៏នឹងចូលរួមក្នុងកម្មវិធីនាពេលល្ងាចនោះផងដែរ ដើម្បីជួបពិភាក្សាគ្នាជាមួយអ្នក ដែលមានចំណាប់អារម្មណ៍ចង់ដាក់ពាក្យចូលរួមប្រលងអាហាររូបករណ៍ Chevening របស់រដ្ឋាភិបាលអង់គ្លេស។
លោកស្រី ធីណា រែតសរ (Tina Redshaw) ឯកអគ្គរាជទូតអង់គ្លេស បានថ្លែងថា «ការទៅសិក្សានៅប្រទេសអង់គ្លេស គឺស្មើនឹងការទទួលបានការសិក្សាលំដាប់ពិភពលោក នៅឯគ្រឹះស្ថានអប់រំដ៏មានឈ្មោះបោះសំលេង។ ក្នុងចំណោមសាកលវិទ្យាល័យកំពូលទាំងដប់ក្នុងពិភពលោក មានសាកលវិទ្យាល័យកំពូលដល់ទៅបីឯណោះ ដែលមានទីតាំងនៅប្រទេសអង់គ្លេស។ អង់គ្លេសជាប់ចំណាត់ថ្នាក់លេខពីរ ក្នុងពិភពលោកលើផ្នែកវិទ្យាសាស្ត្រនិងស្រាវជ្រាវ ហើយ៥៤ភាគរយនៃលទ្ធផលការងារ ដែលកើតចេញពីវិស័យទាំងពីរនេះ គឺសុទ្ធតែនាំមុខគេក្នុងពិភពលោក។ ការសិក្សានៅប្រទេសអង់គ្លេស ក៏ជួយពង្រីកឱកាសទទួលបានការងាររបស់អ្នកទាំងអស់គ្នាផងដែរ»។
លោកស្រី បន្ដថា «លទ្ធផលស្ថិតិលំដាប់ពិភពលោកជាច្រើន បានបង្ហាញឱ្យឃើញជាបន្តបន្ទាប់ថា សញ្ញាបត្រពីប្រទេសអង់គ្លេស សុទ្ធតែទទួលបានការវាយតម្លៃខ្ពស់ នៅទូទាំងពិភពលោកទាំងមូលតែម្ដង។ អង់គ្លេស ស្ថិតក្នុងចំណោមប្រទេសកំពូលទាំងប្រាំ លើពិភពលោក លើផ្នែកសហការរវាងក្រុមហ៊ុន និងសាកលវិទ្យាល័យ។ កត្តានេះជួយផ្ដល់ឱកាសកាន់តែខ្ពស់ សម្រាប់ឱ្យនិស្សិតដែលបញ្ចប់ការសិក្សា អាចទទួលបានការងារធ្វើ និងឱកាសហាត់ការងារ ជាហេតុនាំឱ្យនិស្សិតនោះមានប្រៀបជាងនិស្សិតដទៃ នៅក្នុងទីផ្សារការងារ»។
ស្ថានទូតអង់គ្លេស ក៏នឹងចូលរួមទិវាវិស្វកម្ម និងវិទ្យាសាស្ត្រកម្ពុជា ឆ្នាំ២០១៩នេះផងដែរ (CSEF2019) ចាប់ពីថ្ងៃទី២១ ដល់២៣ ខែកុម្ភៈ នៅឯពហុកីឡដ្ឋានជាតិអូឡាំពិក ក្នុងរាជធានីភ្នំពេញ។ ស្ថានទូតអង់គ្លេស គាំទ្រយ៉ាងខ្លាំងក្លាដល់ការអប់រំមុខវិជ្ជាស្ទែមនៅកម្ពុជា។ នាឆ្នាំនេះ ស្តង់របស់ស្ថានទូតអង់គ្លេស នឹងមានតាំងបង្ហាញស្ថាប័នមួយចំនួន ដែលកំពុងអនុវត្តគម្រោងបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនៅប្រទេសកម្ពុជា។
អមជាមួយនឹងការផ្សព្វផ្សាយថាចក្រភពអង់គ្លេស គឺជាកន្លែងសិក្សាដ៏ពិសេសអស្ចារ្យ សម្រាប់សិស្សនិស្សិតនេះ យុទ្ធនាការ Education is GREAT ក៏នឹងផ្តល់ជូនសិស្សនិស្សិត និងអាណាព្យាបាលរបស់ពួកគាត់ នូវព័ត៌មានដ៏មានតម្លៃអំពីការដាក់ពាក្យចូលរៀន និងការសុំទិដ្ឋាការសំខាន់ៗ ការស្នើសុំប្រាក់កម្ចីសម្រាប់បង់ថ្លៃសិក្សារបស់ពួកគាត់ និងឱកាសទទួលបានការងារធ្វើនៅប្រទេសអង់គ្លេសដោយផ្ទាល់តែម្ដង សម្រាប់និស្សិតទាំងឡាយដែលរៀនចប់។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ទំព័រហ្វេសប៊ុក របស់ស្ថានទូតអង់គ្លេស តាមរយៈអាសយដ្ឋាន៖ www.facebook.com/BritishEmbassyCambodia ៕