(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជាសាខាខេត្តស្វាយរៀង បានសម្ពោធអគារថ្មីស្រឡាងមួយ ស្ថិតនៅចំកណ្ដាលក្រុងស្វាយរៀង និងប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ខែឆ្នាំ២០១៩នេះ។
ការសម្ពោធអាគារថ្មីនេះ ធ្វើឡើងក្រោមការចូលរួមពីលោក ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ព្រមទាំងមន្រ្ដីធនាគារជាតិជាច្រើនរូបផងដែរ។
លោកនាយកធនាគារជាតិសាខាខេត្តស្វាយរៀងឲ្យដឹងថា អគារសាខាធនាគារជាតិសាខាខេត្តស្វាយរៀង ដែលដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃនេះ ជាអគារទំនើបសម័យថ្មីមួយ ដែលដំណើរការដោយប្រព័ន្ធបច្ចេកវិទ្យាជាន់ខ្ពស់ និងមានប្រព័ន្ធការពារសន្ដិសុខកម្រិតខ្ពស់។
លោកបន្ដថា អគារថ្មីនេះបានចាប់ផ្ដើមសាងសង់នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៧ ដែលមានបណ្ដោយ២៨ម៉ែត្រ និងទទឹង២៦ម៉ែត្រ តាមរចនាបទជំនាន់ខ្មែរ-បារាំងហើយអគារនេះជាអាគារទី៤ ដែលមានរចនាបទបែបនេះ បន្ទាប់ពីអគារសាខាធនាគារជាតិ ខេត្តបាត់ដំបង, ខេត្តកំពត និងខេត្តព្រៃវែង។
លោក ម៉ែន វិបុល បានសម្ដែងការរីករាយអបអរសាទរ និងបានចាត់ទុកសមិទ្ធលផលថ្មីនេះ បញ្ជាក់ពីការរីកចម្រើន និងការធំធាត់របស់វិស័យធគារជាតិប៉ុណ្ណោះទេ ប៉ុន្តែបានរួមចំណែកលើកស្ទួយមុខមាត់ទឹកដីខេត្តស្វាយរៀង ឲ្យកាន់តែស្រស់ត្រកាលថែមទៀត។
លោក ជា ចាន់តូ បានឲ្យដឹងថា អគារសាខាធនាគារជាតិនៃកម្ពុជា ខេត្តស្វាយយរៀងថ្មីនេះ នឹងផ្តល់នូវសារសំខាន់ថ្មីមួយទៀត សម្រាប់បម្រើលើវិស័យធនាគារជាតិនៅកម្ពុជាពិសេសសម្រាប់ទឹកដីខេត្តស្វាយរៀង ទាំងមូលឲ្យទទួលបានការរីកចម្រើន និងមានការអភិវឌ្ឍថ្មីៗបន្ថែមទៀត។
លោក ជា ចាន់តូ បញ្ជាក់ថា ការសាងសង់អគារថ្មីនេះគឺ ដើម្បីឆ្លើយយតបទៅនឹងការអភិវឌ្ឍរីកចម្រើននៃ វិស័យសេដ្ឋកិច្ចរបស់ខេត្តស្វាយរៀង និងតម្រូវការចាំបាច់ក្នុងការគ្រប់គ្រង និងសម្របសម្រួលប្រតិបត្តិការរូបិយវត្ថុ ក៏ដូចជាការជំរុញការលើកកម្ពស់ប្រាក់រៀល ឱ្យកាន់ទូលំទូលាយថែមទៀត។
លោកបន្ថែមថា សមិទ្ធផលថ្មីនេះមិនត្រឹមតែបង្ហាញពី ការអភិវឌ្ឍរីកចម្រើនក្នុងធនាគារ ខេត្តស្វាយរៀងប៉ុណ្ណោះទេ ប៉ុន្តែបានរួមចំណែកក្នុងការអនុវត្តន៍កំណែទំរង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល និងបានលើកតម្កើនសោភ័ណ្ឌភាព ក្រុងស្វាយរៀងកាន់តែស្រស់ស្អាតថែមទៀងផង៕