(កំពង់ចាម)៖ លោកបណ្ឌិត ម៉ា ឈឿន តំណាងរាស្ដ្រមណ្ឌលកំពង់ចាម សមាជិកគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកជើងព្រៃ បានថ្លែងថា កូនខ្មែរគ្រប់រូបត្រូវចងចាំថា គ្មានបរទេសណា ស្រលាញ់ខ្មែរ ជាងខ្មែរគ្នាឯងនោះទេ ហើយខ្មែរស្រលាញ់ខ្មែរ ទើបខ្មែររស់ និងមិនបាត់ពូជសាសន៍ចេញពីពិភពលោកនេះ ។
ការថ្លែងដូច្នេះរបស់លោកបណ្ឌិត ម៉ា ឈឿន ក្នុងឱកាសសម្ពោធឧប្បដ្ឋានសាលា និងសមិទ្ធផលនានា នៅវត្តឧុទុម្ពរ(ហៅវត្តទំពរ) ភូមិទំពរ ឃុំត្រពាំងគរ ស្រុកជើងព្រៃ ខេត្តកំពង់ចាម នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ ដែលមានអញ្ជើញចូលរួមប្រមាណ៦០០នាក់។
តំណាងរាស្ដ្រមណ្ឌលកំពង់ចាម លោកបណ្ឌិត ម៉ា ឈឿន បានថ្លែងបន្ដថា អ្វីៗដែលប្រជាពលរដ្ឋយើងទទួលបានថ្ងៃនេះ គឺកើតចេញពីកត្ដាបីយ៉ាង រួមមាន សុខសន្ដិភាព ការអភិវឌ្ឍន៍ និងការសាមគ្គីគ្នា ដែលដឹកនាំដ៏ត្រឹមត្រូវឈ្លាសវៃ ប្រកបដោយគិតបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រមុខដឹកនំាប្រទេសកម្ពុជាដ៏រឹងមាំ ។
ជាងនេះទៅទៀត លោកបណ្ឌិតបន្ដថា «យើងត្រូវដឹងច្បាស់ថា បើគ្មាន៧មករា ក៏គ្មានសុខសន្ដិភាព គ្មានសុខសន្ដិភាព ក៏គ្មានការអភិវឌ្ឍរីកចម្រើន ។មានការអភិវឌ្ឍន៍រីកចម្រើន ហើយ អ្វីដែលយើងទាំងអស់គ្នា ត្រូវធ្វើ គឺត្រូវតែសាមគ្គីគ្នា តែបើយើងបែកបាក់គ្នា ដឹងតែអន្ដរាយហើយ។ យើងត្រូវស្គាល់ខ្លួនថា យើងជាខ្មែរ ស្គាល់ខ្មែរឲ្យច្បាស់ គ្មានបរទេសណា ស្រលាញ់ខ្មែរ ជាងខ្មែរគ្នាឯងនោះទេ គឺខ្មែរស្រលាញ់ខ្មែរ ទើបខ្មែររស់ បើខ្មែរមិនចេះស្រលាញ់ខ្មែរទេ ខ្មែរនឹងបែកបាក់គ្នា ខ្មែរនឹងអន្ដរាយបាត់ពូជសាសន៍ ចេញពីលើពិភពលោកនេះ»។
លោកបណ្ឌិត ម៉ា ឈឿន បានថ្លែងបន្ដថា «ចាប់តាំងពីគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយ ដោយសារតែទង្វើក្បត់ជាតិរបស់ខ្លួន ដោយ មានគម្រោងសហការជាមួយសហរដ្ឋអាមេរិក ធ្វើបដិវត្ដន៍ពណ៌ ផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់ ដែលវាខុសនឹងច្បាប់រដ្ឋធម្មនុញ្ញ ដែលត្រូវបានតុលាការ រំលាយចោល ហើយ ចាប់ពីរំលាយគណបក្សនេះទៅ យើងក៏មានសុខសន្ដិភាព មិនមានបាតុកម្ម ឬកូតកម្ម ស្លាប់, របួស និងបង្កចលាចល បង្កើតភាពភ័យខ្លាចដល់ប្រជាពលរដ្ឋផងដែរ»។
ទន្ទឹមនឹងនោះ តំណាងរាស្ដ្រមណ្ឌលកំពង់ចាម ក៏បានថ្លែងអំពាវនាវដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ គឺបន្ដថែរក្សា បន្ដអនុវត្ដន៍ភូមិឃុំមានសុវត្ថិភាព ធ្វើម៉េចធ្វើឲ្យភូមិឃុំមានសុវត្ថិភាព បំបាត់ចោរលួចចោលប្លន់គ្រប់ប្រភេទ បំបាត់ការជួញដូរកុមារ ការប្រើអំពើហិង្សាលើគ្រួសារ និងប្រព្រឹត្ដល្បែងស៊ីសង ។ពិសេសជាងនេះទៅទៀត ការពារឲ្យបាននូវសុខសន្ដិភាព កុំឲ្យមានបាតុកម្ម ឬកូតកម្ម កើតមានឡើង ហើយបើមានបញ្ហាអ្វី និយាយគ្នាទៅ៕