(ភ្នំពេញ)៖ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនចោរឆក់០២នាក់ ចូលពន្ធនាគារព្រៃស ដោយអនុវត្តតាមការសម្រេចរបស់ដីកាសាលាដំបូងរាជធានីភ្នំពេញ។
មន្ដ្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា ជនសង្ស័យទី១៖ឈ្មោះ ទេព មេត្តា ហៅប្រុស អាយុ៣០ឆ្នាំ និងទី២៖ឈ្មោះ ឡាយ ប៉ក់ អាយុ១៩ឆ្នាំ ដែលពួកគេទាំង០២នាក់ ត្រូវកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌចំការមន ឃាត់ខ្លួននៅយប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុច មុខហាងម៉ាស្សា Golden Spa ផ្លូវរដ្ឋសភាថ្មី សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បន្ទាប់ពីរូបគេបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃរបស់ប្រជាពលរដ្ឋ ដែលកំពុងធ្វើដំណើរលើដងផ្លូវ។
តាមស្តាប់ចម្លើយសារភាព ពួកគេទាំង០២នាក់ បានប្រាប់សមត្ថកិច្ចអាវុធហត្ថឲ្យដឹងថា កន្លងមកពួកគេធ្លាប់ធ្វើសកម្មភាពឆក់ទៅលើជនជាតិចិន០៤លើក រួចមកហើយ ដោយប្រើម៉ូតូ០១គ្រឿង ម៉ាកស្មាសវី ពណ៌ខ្មៅ ពាក់ផ្លាកលេខកំពង់ចាម1I-7456។
*លើកទី១៖ ប្រព្រឹត្តអំឡុងដើមខែមករា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល០៩យប់ ឆក់បានទូរស័ព្ទដៃ០១គ្រឿងមិនចាំម៉ាក នៅចំណុចម្តុំផ្សារកុងទីន័រ ជិតស្ថានទូតរុស្ស៊ី យកទៅលក់នៅម្តុំផ្សារកណ្តាល បានតម្លៃ៤០ដុល្លារអាមេរិកចែកគ្នាស្មើ។
*លើកទី២៖ ប្រព្រឹត្តក្នុងអំឡុងខែមករា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល១០យប់ នៅចំណុចជិតស្ថានទូតរុស្ស៊ី ឆក់បានទូរស័ព្ទដៃ០១គ្រឿង មិនស្គាល់ម៉ាក យកទៅលក់ឲ្យកម្មករសំណង់ម្នាក់ បានតម្លៃ៣០ដុល្លារអាមេរិកចែកគ្នាស្មើ។
*លើកទី៣៖ ប្រព្រឹត្តក្នុងអំឡុងចុងខែមករា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល០៩យប់ នៅចំណុចម្តុំក្រោយស្ថានទូតរុស្ស៊ី ឆក់បានទូរស័ព្ទ០១គ្រឿង មិនចាំម៉ាក យកទៅលក់ឲ្យកម្មករសំណង់ បានតម្លៃ៤០ដុល្លារអាមេរិកចែកគ្នាស្មើ។
*លើកទី៤៖ ប្រព្រឹត្តក្នុងអំឡុងដើមខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោងប្រហែល០៨យប់ បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនជាតិចិនម្នាក់ តែពុំបានសម្រេចដោយសារជនរងគ្រោះដឹងខ្លួនទាន់។ លុះរហូតដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង១០យប់ បន្ទាប់ពីពួកគេបានចេញពីកន្លែងផឹកស៊ី ជិះម៉ូតូដល់មុខក្លឹបមួយកន្លែងខាងលិចកោះពេជ្រ បានឃើញជនជាតិចិនម្នាក់ កំពុងឈរចុចទូរស័ព្ទឃើញឱកាសល្អ ពួកខ្លួនបានជិះម៉ូតូទៅក្បែរ ហើយធ្វើសកម្មភាពឆក់តែម្តង ពេលនោះស្រាប់តែមានកម្លាំងអាវុធហត្ថដែលល្បាតក្នុងភូមិសាស្រ្តនោះ ឃើញក៏ប្រដេញស្ទាក់ឃាត់ពួកខ្លួនទាំង ០២នាក់ ភ្លាមៗផងដែរ៕