(ភ្នំពេញ)៖ លោក ជា ពិសី ជំនួយការសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអភិបាលខណ្ឌឫស្សីកែវ បានដឹកនាំយកគ្រឿងចក្រ ទៅឈូសឆាយពង្រាបផ្លូវលំ១ខ្សែ ក្នុងការស្ថាបនាជាផ្លូវបេតុង ប្រវែងជាង៥០០ម៉ែត្រ និងទទឹង២០ម៉ែត្រ ដែលតភ្ជាប់មកផ្លូវបុរីអង្គរផ្នែកខាងលិច និងផ្នែកខាងកើតតភ្ជាប់ទៅផ្លូវលេខ១៨០០ ដើម្បីបញ្ជៀសរាល់ការកកស្ទះ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ សម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក្នុងពេលខាងមុខនេះ។
ការងារដឹកនាំអនុវត្តគម្រោងស្ថាបនាផ្លូវរបស់អាជ្ញាធរខណ្ឌឫស្សីកែវខាងលើនេះ មានការរួមដំណើរដោយលោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌ, លោក ប៊ុន ឡុង ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខណ្ឌ និងមន្ត្រីពាក់ព័ន្ធនានា និងបានធ្វើឡើងនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ស្ថិតនៅក្នុងភូមិទួលពពែ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ។
ក្នុងសកម្មភាពនេះ លោក ប្រាជ្ញ សីហា បានថ្លែងថា រាល់ការពន្លឿនឈូសឆាយពង្រាបដីឲ្យស្មើ និងអាចឈានដល់ដំណាក់កាលស្ថាបនាជាផ្លូវបេតុង ក្នុងពេលដ៏ខ្លីខាងមុខ ក្នុងការកាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ សម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋអាចដំណើរការទៅបានយ៉ាងរលូន ដោយសារតែមានកិច្ចសហការល្អពីភាគីពាក់ព័ន្ធ នៃម្ចាស់ព្រំដី រួមចំណែករុះរើការប៉ះពាល់ផ្សេងៗ ក្នុងការចូលរួមអភិវឌ្ឍន៍មូលដ្ឋានជាមួយអាជ្ញាធរ។
លើសពីនេះ លោក ជា ពិសី បានបញ្ជាក់ថា ក្រោយធ្វើការឈូសឆាយ និងការស្ថាបនាចេញជារូបរាងផ្លូវបេតុងជាស្ថាពរ ផ្លូវ១ខ្សែនេះ បានផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើន ទាំងការបញ្ជៀសបាននូវរាល់ការកកស្ទះចរាចរណ៍ និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ដែលមានទទឹង២០ម៉ែត្រ ប្រវែងជាង៥០០ម៉ែត្រ ដោយផ្នែកខាងកើតតភ្ជាប់ទៅផ្លូវលេខ១៨០០ និងផ្នែកខាងលិចតភ្ជាប់មកផ្លូវបុរីអង្គរភ្នំពេញ៕