(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអះអាងថា ការបញ្ជាក់អត្តសញ្ញាណជូនប្រជាពលរដ្ឋ មានភាពយឺតយ៉ាវខុសពីការរំពឹងទុក មិនមែនដោយសារការមិនយកចិត្តទុកដាក់ពីអង្គភាពជំនាញនោះទេ គឺដោយសារតែស្ថានភាពនយោបាយ ជាពិសេសជាប់រវល់ការងារបោះឆ្នោតនាពេលកន្លងទៅ។
ថ្លែងនៅក្នុងកិច្ចប្រជុំលើកទី៣ នៃគណៈកម្មាធិការជាតិដឹកនាំតម្រង់ទិសដៅ ការងារអត្រានុកូលដ្ឋានស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម (គ.ជ.ដ.អ) នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង បានថ្លែងយ៉ាងដូច្នេះថា៖ «ការអនុវត្តគោលបំណងយុទ្ធសាស្ដ្រនីមួយៗ នៃគណៈកម្មាធិការជាតិ ស្ដីពីអត្តសញ្ញាណកម្មមានភាពយឺតយ៉ាវពីការរំពឹងទុក ប៉ុន្ដែការយឺតយ៉ាវនោះ មិនមែនដោយសារការមិនយកចិត្តទុកដាក់ របស់អង្គភាពជំនាញនោះទេ។ ប៉ុន្ដែគឺដោយសារតែស្ថានភាពនយោបាយសង្គមរបស់ប្រទេសជាតិយើងផង ព្រមទាំងការជាប់រវល់ការងារបោះឆ្នោត និងកិច្ចការអាទិភាពជាច្រើនទៀត របស់រាជរដ្ឋាភិបាលនាពេលកន្លងមកនេះ»។
សម្ដេចក្រឡាហោម ក៏បានអំពាវនាវដល់មន្រ្តីដែលពាក់ព័ន្ធទាំងអស់ ត្រូវសកម្មឡើងវិញក្នុងការធ្វើ និងបញ្ជាក់អត្តសញ្ញាណជូនដល់ប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលាឡើងវិញ និងប្រកបដោយវិជ្ជាជីវៈរបស់ខ្លួន មិនត្រូវធ្វើអ្វីលើសកម្រិត ដែលនាំឲ្យមានការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋនោះឡើយ។
សូមជម្រាបថា នៅក្នុងកិច្ចប្រជុំលើកទី៣ នៃ គ.ជ.ដ.អ មានរបៀបវារៈជាច្រើនដូចជា៖ ទី១៖ពិនិត្យកូរ៉ុម, ទី២៖ពិនិត្យ និងអនុម័តលើរបៀបវារៈអង្គប្រជុំ, ទី៣៖អនុម័តកំណត់ហេតុអង្គប្រជុំលើកទី២, ទី៤៖របាយការណ៍ប្រចាំឆ្នាំ២០១៨ ស្ដីពីវឌ្ឍនភាព នៃការអនុវត្តផែនការយុទ្ធសាស្ដ្រជាតិស្ដីពី អត្តសញ្ញាណកម្ម ឆ្នាំ២០១៧-២០១៨, ទី៥៖របាយការណ៍ស្ដីពីការវាយតម្លៃការអនុវត្តសាកល្បង ច្រកចេញតែមួយសេវាអត្តសញ្ញាណកម្មនៅសាលាឃុំ-សង្កាត់ នៅខេត្តកំពត និងខេត្តកែប, ទី៦៖របាយការណ៍សង្ខេប ស្ដីពីវឌ្ឍនភាពនៃការរៀបចំសេចក្ដីព្រាងច្បាប់ ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម និងទី៧៖បញ្ហាផ្សេងៗទៀត៕