(ភ្នំពេញ)៖ លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក) នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីប្រមូលធាតុចូលពីតំណាងវិស័យឯកជន ដៃគូអភិវឌ្ឍន៍ ស្ថាប័នស្រាវជ្រាវ និងក្រុមហ៊ុនប្រឹក្សាផ្នែកច្បាប់ ចំនួនប្រមាណ៧០រូប។
គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិភាក្សា និងប្រមូលធាតុចូលពីស្ថាប័នទាំងអស់នេះ ដើម្បីបានជាមូលដ្ឋានក្នុងការរៀបចំសេចក្តីព្រាងច្បាប់ថ្មី ស្តីពីវិនិយោគឱ្យកាន់តែមានភាពទាក់ទាញ និងបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា។
ក្នុងកិច្ចប្រជុំនោះ លោក សុខ ចិន្តាសោភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងស្វាគមន៍ដោយក្តីសោមនស្សចំពោះវត្តមានដ៏ច្រើនកុះករ ដែលបានបង្ហាញយ៉ាងច្បាស់ ពីការយកចិត្តទុកដាក់ខ្ពស់របស់អ្នកចូលរួមទាំងអស់មកលើច្បាប់ ស្តីពីវិនិយោគនៃកម្ពុជា។
លោកបានរំឭកអំពីសាវតារនៃការបង្កើតច្បាប់ ស្តីពីវិនិយោគនៃម្ពុជាលើកដំបូង ក្រោយការបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រនីតិកាលទី១ ឆ្នាំ១៩៩៣ ដែលបានអនុម័ត និងដាក់ឱ្យអនុវត្តចាប់តាំងពីឆ្នាំ១៩៩៤មក ហើយដែលបន្ទាប់មកត្រូវបានធ្វើវិសោធនកម្មនៅឆ្នាំ២០០៣ ឱ្យស្របទៅតាមការវិវត្តផ្នែកសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជានាពេលនោះ។
លោក សុខ ចិន្តាសោភា ក៏បានលើកឡើងពីការបន្តខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលក្នុងការធ្វើឱ្យកាន់តែប្រសើរឡើង នូវបរិយាកាសវិនិយោគ ក្នុងនោះច្បាប់វិនិយោគមួយដែលមានភាពទាក់ទាញ គ្រប់ជ្រុងជ្រោយ និងមានលក្ខណៈប្រកួតប្រជែងខ្ពស់ គឺជាកត្តាដែលមិនអាចខ្វះបាន ដែលទាមទារឱ្យរាជរដ្ឋាភិបាលមានភាពចាំបាច់ ក្នុងការពិនិត្យឡើងវិញនូវក្របខណ្ឌកតិយុត្តិ និងរៀបចំច្បាប់ថ្មី ស្តីពីវិនិយោគ ដើម្បីឱ្យស្របទៅនឹងបរិការណ៍តំបន់ ក៏ដូចជាឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់កម្ពុជា បើទោះជាច្បាប់ ស្តីពីវិនិយោគបច្ចុប្បន្នមានលក្ខណៈបើកទូលាយជាងច្បាប់របស់បណ្តាប្រទេសមួយចំនួននៅក្នុងតំបន់ក៏ដោយ។ ក្នុងន័យនេះ ការចូលរួមរបស់វិស័យឯកជន ដៃគូអភិវឌ្ឍន៍ ស្ថាប័នស្រាវជ្រាវ និងក្រុមហ៊ុនប្រឹក្សាផ្នែកច្បាប់ គឺពិតជាមានសារៈសំខាន់ក្នុងការពិភាក្សា ផ្តល់ធាតុចូល និងមតិយោបល់សម្រាប់ការរៀបចំតាក់តែងច្បាប់ថ្មីមួយនេះ។
លោក សុខ ចិន្តាសោភា បានបញ្ជាក់បន្ថែមទៀតថា កន្លងមក ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានធ្វើការសិក្សា និងទទួលបាននូវធាតុចូលមួយចំនួនរួចហើយពីទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA), របាយការណ៍ការពិនិត្យឡើងវិញ នូវគោលនយោបាយស្តីពីវិនិយោគនៅកម្ពុជា របស់អង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ (OECD), និងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) អំពីបទពិសោធន៍ និងឧត្តមានុវត្តនៃការរៀបចំច្បាប់ វិនិយោគរបស់បណ្តាប្រទេសនានានៅក្នុងតំបន់។
តំណាងវិស័យឯកជន ដៃគូអភិវឌ្ឍន៍ ស្ថាប័នស្រាវជ្រាវ និងក្រុមហ៊ុនប្រឹក្សាផ្នែកច្បាប់ ដែលបានចូល រួមក្នុងកិច្ចប្រជុំបានបង្ហាញនូវការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះការរៀបចំសេចក្តីព្រាងច្បាប់ថ្មី ស្តីពីវិនិយោត និងបានផ្តល់ធាតុចូលបឋមមួយចំនួន ព្រមទាំងបានសន្យាផ្ញើមតិយោបល់ និងធាតុចូលបន្ថែមទៀតមក ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងពេលដ៏ឆាប់ខាងមុខ។
លោក សុខ ចិន្តាសោភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអ្នកចូលរួមទាំងអស់ ដែលបានផ្តល់ធាតុចូលយ៉ាងច្រើនក្នុងកិច្ចប្រជុំនាថ្ងៃនេះ និងញ៉ាំងឱ្យកិច្ចប្រជុំទទួលបាននូវលទ្ធផលជាផ្លែផ្កា។ លោកសង្ឃឹមថា ជាមួយនឹងការបន្តចូលរួមសហការយ៉ាងស្វិតស្វាញ ពីគ្រប់តួអង្គពាក់ព័ន្ធច្បាប់ថ្មី ស្តីពីវិនិយោគនៃកម្ពុជា នឹងលេចចេញជារូបរាងនាពេលអនាគតដ៏ខ្លីខាងមុខ ដែលនឹងទទួលបាននូវការសារទរពីអ្នកវិនិយោគក្នុងស្រុក និងបរទេស៕