(ភ្នំពេញ)៖ លោកបណ្ឌិត កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាភិបាលមូលនិធិ ស.អ បានធ្វើការពន្យល់ និងបកស្រាយពីកម្មវិធីពិព័រណ៍ «Digital Cambodia 2019» ដែលធ្វើនៅថ្ងៃទី១៥ ដល់១៧ ខែមិនា ឆ្នាំ២០១៩ នៅឯមជ្ឈមណ្ឌលសន្និបាតពិព័រណ៍កោះពេជ្រ និងជាព្រឹត្តិការណ៍លើក ទី១ នៅក្នុងប្រទេកម្ពុជា ពាក់ព័ន្ធនឹងបច្ចេកវិទ្យា។
លោក កាន ច័ន្ទមេត្តា បានថ្លែងថា កម្មវិធី Digital Cambodia 2019 ជាកម្មវិធីឈានមុខប្រចាំឆ្នាំលើកទី១ របស់កម្ពុជា ដែលមានគោលបំណងបង្កើត Platform ថ្នាក់ជាតិដើម្បី ទី១. បង្ហាញអំពីបរិយាកាស និង Ecosystem ប្រកបដោយអំណោយផល និងភាពទាក់ទាញសម្រាប់ការ វិនិយោគវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននៅកម្ពុជា, ទី២. បង្ហាញអំពីវឌ្ឍនភាពនៃការអភិវឌ្ឍ ក្របខណ្ឌគោលនយោបាយ និងគតិយុត្ត និងផលិតផល និងសេវាពាក់ព័ន្ធ នឹងបច្ចេកវិទ្យា-គមនាគមន៍និងព័ត៌មាន, ទី៣.បញ្ជ្រាបអំពីសារៈសំខាន់ និងភាពមិនអាចខ្វះបាននៃវិស័យបច្ចេកវិទ្យា គមនាគមន៍និងព័ត៌មានដល់គ្រប់មជ្ឈដ្ឋាន ជាពិសេសយុវជននិងស្ត្រី ក្នុងន័យធ្វើឱ្យប្រសើរឡើង នៃការអប់រំសម្រាប់សិស្ស-និស្សិត និងជំនាញបច្ចេកទេស បង្កើនប្រសិទ្ធភាពការងារនិងផលិតភាព និងពង្រឹងភាពប្រកួតប្រជែង សហគ្រាសធុនតូចបំផុត ធុនតូច និងមធ្យមរបស់កម្ពុជា លើឆាកតំបន់និងអន្តរជាតិ, ទី៤. កៀរគរគ្រប់តួអង្គពាក់ព័ន្ធ ក្នុងវិស័យឧស្សាហកម្មបច្ចេកវិទ្យា-គមនាគមន៍និងព័ត៌មាន រួមមាន ស្ថាប័នរាជរដ្ឋាភិបាល អ្នកវិនិយោគជាតិនិងអន្តរជាតិ អាជីវកម្មចាប់ផ្ដើមថ្មី (Startup) អ្នកវិជ្ជាជីវៈ និងគ្រឹះស្ថានសិក្សាស្រាវជ្រាវ ព្រមទាំងសង្គមស៊ីវិល ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងឧត្តមានុវត្តន៍ និងពិភាក្សាយោបល់ អំពីនិន្នាការថ្មីៗ ក៏ដូចជាអំពីបញ្ហាប្រឈមនានា លើវិស័យឧស្សាហកម្មបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានក្នុងក្របខណ្ឌជាតិនិងអន្តរជាតិ, ទី៥. ជំរុញអំពីសហគ្រិនភាព និងនវានុវត្តន៍ថ្មីៗ, និង៦. អភិវឌ្ឍបណ្តាញអាជីវកម្មរវាងអាជីវកម្ម ចាប់ផ្តើមថ្មី (Startup) ជាមួយសហគ្រាសធុនតូចបំផុត ធុនតូច និងមធ្យម។
លោកបន្តថា ដើម្បីឆ្លើយតបនឹងគោលនយោបាយ អភិវឌ្ឍន៍វិស័យទូរគមនាគមន៍-បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ឆ្នាំ២០២០ និងក្របខណ្ឌផែនការ និងក្របខណ្ឌគតិយុត្តិមួយចំនួនទៀត ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានប្រឹងប្រែងអនុវត្ត នូវផែនការពង្រីកហេដ្ឋារចនាសម្ព័ន្ធ ទូរគមនាគមន៍ទូទាំងផ្ទៃប្រទេសរួមទាំងការពង្រឹង នូវគុណភាពសេវាស្របតាមការវិវត្តន៍ របស់បច្ចេកវិទ្យាទំនើប, បានចូលរួមជំរុញការបណ្តុះបណ្តាល ធនធានមនុស្សជំនាញបច្ចេកទេស, ព្រមទាំងបានបង្កើតបទដ្ឋាន គតិយុត្តមួយចំនួន ដើម្បីទ្រទ្រង់ដល់ការអភិវឌ្ឍផ្នែកឌីជីថល។ អ្វីដែលសំខាន់នោះ គឺយើងបានបង្កើតយន្តការសហការ យ៉ាងស្អិតល្មួត ជាមួយវិស័យឯកជន ដើម្បីជំរុញការអភិវឌ្ឍវិស័យនេះ។
សូមបញ្ជាក់ថា «Digital Cambodia 2019» នឹងមានការចូលរួម ពីរដ្ឋមន្ត្រីទូរគមនាគមន៍ និងព័ត៌មានវិទ្យាអាស៊ាន តំណាងមកពី Regional ITU តំណាងមកពីលេខាធិការដ្ឋានអាស៊ាន ព្រមទាំងមានវាគ្មិនប្រមាណ ៧០ រូប។ កម្មវិធីនេះក៏មានការតាំងពិព័ណ៌ប្រមាណ១៥០ ស្តង់ និងសង្ឃឹមថា នឹងមានអ្នកចូលរួមប្រមាណ ២០,០០០ នាក់មកពីស្ថាប័នរាជរដ្ឋាភិបាល ប្រតិបត្តិករទូរគមនាគមន៍ ក្រុមហ៊ុនផ្តល់សេវាកម្មបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានក្រុមហ៊ុនអភិវឌ្ឍបច្ចេកវិទ្យា ធនាគារ មីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនចាប់ផ្តើមធុរកិច្ចថ្មី (startup) អង្គការក្រៅរដ្ឋាភិបាល គ្រឹះស្ថានអប់រំ និងដៃគូអភិវឌ្ឍន៍៕