(ត្បូងឃ្មុំ)៖ លោក រ័ត្ន វីរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងឲ្យដឹងថា ស្រុកអូររាំងឪ ក្នុងខេត្តត្បូងឃ្មុំ ត្រូវបានជ្រើសរើសជាស្រុកគំរូ ទាំងអនាម័យ និងបរិស្ថាននៅទូទាំងប្រទេស នាពេលខាងមុខ ដូចនេះទាមទារឲ្យអាជ្ញាធរខេត្ត ស្រុក ឃុំ ភូមិ ប្រជាពលរដ្ឋទាំងអស់ រួមគ្នាស្រឡាញ់បរិស្ថាន និងមានអនាម័យ ពិសេសការចោល និងទុកដាក់សម្រាមអោយបានត្រឹមត្រូវ។
ក្នុងនោះកន្លងមក ក្រសួងបរិស្ថាន បានផ្តល់ជូនរួចហើយនូវឡដុតសម្រាម១កន្លែង នៅទីនេះដែលចំណាយថវិការអស់ប្រមាណ១០ម៉ឺនដុលា្លរផងដែរ។
លោក រ័ត្ន វីរៈ ថ្លែងឲ្យដឹងបែបនេះ ក្នុងឱកាសលោកតំណាងឲ្យលោករដ្ឋមន្ត្រី សាយ សំអាល់ និងលោក ងួន ប៊ុណ្ណាន អភិបាលស្រុកអូររាំង រួមជាមួយលោក ជាប សំអាត អភិបាលរងស្រុក ដឹកនាំមន្ត្រីសាលាស្រុក កងកម្លាំងប្រដាប់អាវវុធទាំង៣ សិស្សានុសិស្ស និងប្រជាពលរដ្ឋសម្អាតបរិស្ថាន ជុំវិញទីប្រជុំជនស្រុកអូររាំងឪ តាមដងផ្លូវ តាមផ្សារ និងសាលារៀន វត្តអារាម ក្នុងន័យរួមគ្នាដើម្បីលើកកម្ពស់អនាម័យបរិស្ថាន។
លោកលើកឡើងថា ភាពស្អាត មានអនាម័យមនុស្សម្នាក់ៗ គឺអាចធ្វើបាន កុំគិតថាអ្នកមានឬក្រ។ លោកបញ្ជាក់ថាយ៉ាងដូច្នេះថា ពាក់អាវស្អាត វាខុសពីពាក់អាវថ្លៃថោក តម្លៃជារឿងមួយ ព្រោះថាអ្នកក្រ និងអ្នកមានសុទ្ធតែបោកខោអាវបានដូចគ្នា ប៉ុន្តែសំខាន់ត្រង់ថាអាវនោះ ស្អាត ឬក៏អត់។ ក្នុងន័យនេះ លោកពន្យល់ថា ប្រជាពលរដ្ឋគ្រប់រូប មិនថាឋានៈ តួនាទី មាន ឬក្រ សុទ្ធតែមានសិទ្ធ និងតួនាទីស្មើៗគ្នា ក្នុងការស្រឡាញ់ និងសម្អាតបរិស្ថាន។
រដ្ឋលេខាធិការក្រសួងបរិស្ថាន ក៏បានលើកទឹកចិត្តឲ្យបន្តមានកម្មវិធី ពញាក់ស្មារតីប្រជាពលរដ្ឋតាមទីសាធារណៈបែបនេះ ជាបន្តបន្ទាប់រហូត បងប្អូនប្រជាពលរដ្ឋយើងទាំងអស់ ភ្ញាក់ស្មារតី រួមគ្នាសម្អាតបរិស្ថាន អនាម័យក្នុងផ្ទះយើង ភូមិស្ថានយើង ឃុំយើង ស្រុកយើង ប្រទេសយើង ដើម្បីសោភ័ណភាព និងសុខភាពយើងម្នាក់ៗ។ ជាមួយគ្នានោះ លោកក៏បានប្រគល់អាវចំនួន២០០អាវ ដែលឧបត្ថម្ភដោយសប្បុរសជន និងក្រុមការងារចុះជួយស្រុកអូររាំងឪ ដល់អ្នកចូលរួមសម្អាតបរិស្ថានផងដែរ។
អភិបាលស្រុកអូររាំងឪ ឲ្យដឹងថា អាជ្ញាធរស្រុក រួមជាមួយប្រជាពលរដ្ឋ និងសិស្សានុសិស្ស ធ្វើការសម្អាតបរិស្ថាននាពេលនេះ គឺជាសារមួយដើម្បីពញាក់ស្មារតី ក៏ដូចជាបំផុសឲ្យប្រជាពលរដ្ឋ រួមគ្នាលើកកម្ពស់អនាម័យបរិស្ថាន មិនមែនមើលនៅនឹងភ្នែក គឺយកបេះដូងទៅស្រលាញ់បរិស្ថាន លុបបំបាត់វប្បធម៌ចោលសម្រាមពាសវាលពាសកាល នាំគ្នាទុកដាក់សម្រាម និងចោលសម្រាមឲ្យបានត្រឹមត្រូវ គឺមានន័យថា អនាម័យ ផ្តើមចេញពីយើងគ្រប់ៗគ្នា៕