(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានជំរុញឲ្យក្រសួងចំនួន២គឺក្រសួងកិច្ចការនារី និងក្រសួងយុត្តិធម៌ ត្រូវពិនិត្យមើលទណ្ឌិតជាស្ត្រីដែលកំពុងជាប់ឃុំឃាំង គឺត្រូវរៀបចំកាត់ទោស និងបន្ឋូរបន្ថយទោសឲ្យបានលឿន។
ការជំរុញនេះធ្វើឡើងក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០១៩ របស់ «ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី» ដែលធ្វើឡើងនៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។
Facebook ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន បានដកស្រង់ប្រសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រីថា «សម្តេចតេជោបានរំលឹក និងជំរុញឲ្យក្រសួងកិច្ចការនារី និងក្រសួងយុត្តិធម៌ ត្រូវពិនិត្យមើលទណ្ឌិតជាស្ត្រីដែលកំពុងជាប់ឃុំឃាំង គឺត្រូវរៀបចំកាត់ទោស និងបន្ឋូរបន្ថយទោសឲ្យបានលឿន ព្រោះស្រ្តីអ្នកទោសមួយចំនួនកំពុងប្រឈម នឹងបញ្ហាជាច្រើនដូចជាមានកូនក្នុងបន្ទុក ដែលត្រូវចិញ្ចឹមមើលថែ ហើយត្រូវបានប្តីបោះបង់ចោលជាដើម។ ត្រូវពិនិត្យសម្រួលព្យួរទោសដោះ ចេញអោយពួកគាត់មានសេរីភាពឡើងវិញ ប្រកបដោយការយោគយល់ និងអធ្យាស្រ័យ ដល់ស្រ្តីទាំងនោះ។ គឺត្រូវដោះស្រាយលើកលែងសម្រួលទោស ដោយមិនរង់ចាំតែថ្ងៃបុណ្យទានឡើយ ជាពិសេសមុនពេលចូលឆ្នាំខ្មែរ ២០១៩ នេះគឺត្រូវរៀបចំកាត់ទោសផ្តល់សេរីភាព ឲ្យពួកគាត់បានទៅផ្ទះវិញ»។
នៅក្នុងឱកាសដ៏មានតម្លៃនោះសម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីសប្បាយរីករាយក្រៃលែង ដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីដ៏មានសារៈសំខាន់ ក្នុងការលើកម្ពស់សិទ្ឋិសេរីភាព យែនឌ័រ និងការចូលរួមរួមរបស់ស្ត្រី។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងនិងអភិវឌ្ឍសង្គមជាតិ។
ជាមួយគ្នានេះផងដែរ កម្ពុជាកំពុងអនុវត្តគោលនយោបាយគាំពារសង្គម ដែលបានចាប់ផ្តើមអនុវត្តមុនគេចំពោះស្ត្រីដែលជាកម្មការិនីមានផ្ទៃពោះ។ រាជរដ្ឋាភិបាលកម្ពុជាបានគិតគូរ ចំពោះម៉ោងចេញ-ចូល និងម៉ោងសម្រាកចំពោះកម្មការនី ដែលទទួលបានការពិនិត្យផ្ទៃពោះ ដោយមិនគិតថ្លៃនៅតាមមន្ទីរពេទ្យរដ្ឋ ព្រមទាំងទទួលបានថវិកាក្នុងពេលសម្រាលកូនទៀតផង។ ជាពិសេសទៀតនោះ គឺក្នុងពេលសម្រាលកូន គឺបានឈប់សម្រាករយៈពេល ៣ខែ ហើយទទួលបានប្រាក់ខែ១២០% ទៀតផង។ នៅពេលដែលរដ្ឋាភិបាលមានចំណូលកាន់តែខ្ពស់ គឺនឹងបន្ថែមអត្ថប្រយោជន៍ដល់ស្រ្តីកាន់តែច្រើនថែមទៀត។
ក្រៅពីនោះទៅទៀត សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ថា មន្ត្រីដែលបានតែងតាំងថ្មីៗក្នុងអណត្តិនេះ គឺត្រូវតែផ្តល់ការងារឲ្យពួកគេធ្វើ មិនមែនតែងតាំងហើយទុកឲ្យនៅទំនេរនោះទេ ជាពិសេសស្ត្រី។ ចំពោះពីអាយុមន្ត្រីរាជការ ដែលត្រូវចូលនិវត្តន៍ គឺត្រូវកំណត់យកត្រឹមអាយុ ៦០ឆ្នាំ។ សូមក្រសួងមន្ទីរទាំងអស់ ត្រូវអនុវត្តឲ្យបានគ្រប់គ្នា៕