(ព្រៃវែង)៖ លោក ជាម ប៉េអា តំណាងរាស្រ្តមណ្ឌលព្រៃវែង បានអញ្ជើញចុះសួរសុខទុក្ខគ្រួសារក្រីក្រ ដែលខ្វះខាតផ្ទះសម្បែង និងសម្ភារប្រើប្រាស់ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ នៅក្នុងភូមិស្វាយជីក្រាយ ឃុំឫស្សីសាញ់ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។
ការចុះសួរសុខទុក្ខជាមួយប្រជាជនមូលដ្ឋាននេះ ក្រោយពីលោកតំណាងរាស្ត្រ បានសម្ពោធឆ្លងសាលាឆាន់ និងសមិទ្ធផលនានា ដែលតម្លៃសរុបប្រមាណ២៥ម៉ឺនដុល្លារអាមេរិក នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩ ជាមួយប្រជាជន អាជ្ញាធរដែនដី សប្បុរសជន និងពុទ្ធបរិស័ទចំណុះជើងវត្តបុទុមរតនារាម ហៅវត្តព្រៃដើមថ្នឹងខាងត្បូង។
នៅក្នុងឱកាសចុះសួរសុខទុក្ខជីវភាពប្រជាជន ជួបការលំបាកខ្វះខាតជាមួយសមាជិក សមាជិការគណបក្សប្រជាជនស្រុកស៊ីធរកណ្តាលនេះដែរ លោកតំណាងរាស្រ្ត ជាម ប៉េអា បានលើកទឹកចិត្តដល់ប្រជាជនទាំងអស់ ឲ្យរួបរួមសាមគ្គីភាពគ្នា និងចូលរួមជួយចែករំលែក ការលំបាកគ្នាទៅវិញទៅមក។
ជាមួយគ្នានេះ លោកតំណាងរាស្ដ្រ ក៏បានឧបត្ថម្ភថវិកា អណ្តូងទឹក និងសម្ភារប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃមួយចំនួន ដល់គ្រួសារក្រីក្រជួបការលំបាកផងដែរ៕