(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានបញ្ជាក់អំពីបំណងរបស់សម្តេច ដោយកំពុងពិចារណា ក្នុងការបង្កើត «ក្រុមមេធាវីការពារក្តី» ដែលស្ថិតក្រោមការគ្រប់គ្រងដោយផ្ទាល់របស់សម្តេច ដើម្បីជួយដល់ជនរងគ្រោះជាស្ត្រីក្រីក្រ។
ការបញ្ជាក់នេះធ្វើឡើងក្នុងឱកាសដែលសម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០១៩ របស់ «ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី» ដែលធ្វើឡើងនៅវិមានសន្តិភាព។
Facebook ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន បានដកស្រង់ប្រសាសន៍របស់សម្តេចតេជោយ៉ាងដូច្នេះថា «ដើម្បីជួយស្រ្តីរងគ្រោះទន់ខ្សោយអោយកាន់តែមានប្រសិទ្ធភាព សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងពិចារណាក្នុងការបង្កើត “ក្រុមមេធាវីការពាក្តី” ដែលស្ថិតនៅក្រោមការគ្រប់គ្រងផ្ទាល់របស់សម្តេចតេជោ ដើម្បីជួយដល់ជនរងគ្រោះដែលជាស្រ្តីក្រីក្រ»។
ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានរំលឹក និងជំរុញឲ្យក្រសួងកិច្ចការនារី និងក្រសួងយុត្តិធម៌ ត្រូវពិនិត្យមើលទណ្ឌិតជាស្ត្រី ដែលកំពុងជាប់ឃុំឃាំង គឺត្រូវរៀបចំកាត់ទោស និងបន្ឋូរបន្ថយទោសឲ្យបានលឿន ព្រោះស្រ្តីអ្នកទោសមួយចំនួន កំពុងប្រឈមនឹងបញ្ហាជាច្រើន ដូចជាមានកូនក្នុងបន្ទុកដែលត្រូវចិញ្ចឹមមើលថែ ហើយត្រូវបានប្តីបោះបង់ចោលជាដើម។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា «ត្រូវពិនិត្យសម្រួលព្យួរទោសដោះចេញឲ្យពួកគាត់មានសេរីភាពឡើងវិញ ប្រកបដោយការយោគយល់ និងអធ្យាស្រ័យដល់ស្រ្តីទាំងនោះ។ គឺ ត្រូវដោះស្រាយលើកលែងសម្រួលទោស ដោយមិនរង់ចាំតែថ្ងៃបុណ្យទានឡើយ ជាពិសេសមុនពេលចូលឆ្នាំខ្មែរ២០១៩ នេះគឺត្រូវរៀបចំកាត់ទោសផ្តល់សេរីភាពឲ្យពួកគាត់បានទៅផ្ទះវិញ»។
នៅក្នុងឱកាសនេះដែរ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់សារជាថ្មីនូវអនុសាសន៍សំខាន់ចំនួន ១១ចំណុច ដើម្បីលើកម្ពស់ការចូលរួមរបស់ស្រ្តី អោយទទួលបាននូវការរីកចម្រើន និងផលប្រយោជន៍កាន់តែច្រើនឡើងថែមទៀតនៅក្នុងសង្គម៕