(សៀមរាប)៖ លោកឧត្តមសេនីយ៍ទោ លី ឡាយ ប្រធាននាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ នៃអគ្គស្នងការនគរបាលជាតិ បានដឹកនាំកងកម្លាំងក្រោមឱវ៉ាត រៀបចំពិធីបួងសួង សែនព្រេនប្រចាំឆ្នាំ ជូនចំពោះ ដួងវិញ្ញាណក្ខន្ធបុព្វបុរស មេទ័ព ដូនតាខ្មែរ ព្រមទាំងបារមី នៃវត្ថុស័ក្តិសិទ្ធដែលបានថែរក្សាមហានគរ នាតំបន់រមណីយដ្ឋានអង្គរ ដើម្បីសុំសេចក្ដីសុខចម្រើន សិរីសួស្ដី ជ័យមង្គល ជូនចំពោះ កងកម្លាំងនៅក្នុងអង្គភាព និងព្រះរាជាណាចក្រកម្ពុជា ទាំងមូល ។
ពិធីនេះ គឺបានរៀបចំនាព្រឹកថ្ងៃច័ន្ទ ១៤កើត ខែមាឃ ឆ្នាំច សំរិត្ធិស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ នៅក្បែរខ្លោងទ្វារជ័យ/ខ្លោងទ្វារខាងកើត នៃប្រាសាទអង្គរធំ (ប្រាសាទបាយ័ន) ដែលពិធីនេះ គឺបានរៀបចំជាប្រចាំធម្មតា នៅរៀងរាល់ថ្ងៃសីល ១៥កើត ហើយរៀងរាល់មួយឆ្នាំម្ដង នឹងមានរៀបចំពិធីបួងសួង សែនព្រេនធំម្ដង គឺរៀបចំនៅថ្ងៃ ១៤កើត ឬ ១៥កើត ខែមាឃ ។
លោកប្រធាននាយកដ្ឋាន បានមានប្រសាសន៍ ថា ៖ ពិធីនេះ គឺបានរៀបចំឡើងទៅតាមទម្លាប់ របស់ប្រធាន និងថ្នាក់ដឹកនាំ នៃនាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ ដែលបានរៀបចំជាហូរហែរមកប្រមាណជា ២០ឆ្នាំមកហើយ ។ ការរៀបចំពិធីនេះ គឺដើម្បីសុំសេចក្ដីសុខ សេចក្ដីចម្រើន សិរីសួស្ដីជ័យមង្គល ជូនចំពោះ កងកម្លាំងនគរបាលការពារបេតិកភណ្ឌ ដែលបានឈេជើងនៅតំបន់រមណីយដ្ឋានអង្គរនេះ ហើយជូនចំពោះថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណាចក្រកម្ពុជាយើង ទាំងមូល ។
លោកបានបន្តមានប្រសាសន៍ថា ៖ តាំងពីបុរាណកាលតរៀងមក ដូនតា បុព្វបុរសខ្មែរយើង លោកតែងតែបានប្រារព្ធនូវពិធីដឹងគុណ ការសែនព្រេន បួងសួង និងសុំសេចក្ដីសុខ ចម្រើន សិរីសួស្ដី ជ័យមង្គលបែបនេះ ជារៀងរហូតមក ។ ហើយព្រះរាជាណាចក្រកម្ពុជាយើង គឺប្រកាន់យកនូវសាសនាព្រះពុទ្ធ ជាសាសនារបស់រដ្ឋ ហើយយើងក៏មានសិរីភាពពេញលេញ ក្នុងការគោរព បូជា សែនព្រេន បន់ស្រន់ តាមជំនឿ និងសាសនាផ្សេងៗ ផងដែរ ។
លោក តាន់ ចាយ អតីតប្រធាននាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ បានមានប្រសាសន៍នៅឯពិធីនេះ ថា ៖ តាំងពីការបង្កើតស្នងការពិសេសការពារបេតិកភណ្ឌ រហូតដល់នាយកដ្ឋានការពារបេតិកភណ្ឌមក លោកតែងតែដឹកនាំកម្លាំងក្នុងអង្គភាព ប្រារព្ធពិធីបួងសួងសុំសេចក្ដីសុខ សេចក្ដីចម្រើន សម្រាប់អង្គភាព ដោយសារតែយើងឈរជើង នៅក្នុងតំបន់រមណីយដ្ឋានអង្គរនេះ គឺថា តាំងពីព្រេងបុរាណមក នៅតាមប្រាសាទនីមួយៗ មានបារមីអ្នកថែរក្សា ការពារ ដូច្នេះ ដើម្បីរំលឹក នឹកគុណដល់បុព្វបុរសយើង ជាពិសេសបារមីអ្នកថែរក្សាតំបន់អង្គរ ទើបយើងបានរៀបចំប្រារព្ធនូវពិធីបែបនេះជារៀងរហូតមក ប្រមាណជាង ២០ឆ្នាំហើយ ៗតែងតែទទួលបាននូវសេចក្ដីសុខ សេចក្ដីចម្រើន ជាដរាបរៀងមក ៕