(ភ្នំពេញ)៖ លោក នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអភិបាលខណ្ឌដង្កោ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ រួមនិងមន្ត្រីរាជការខណ្ឌ សង្កាត់ ភូមិ បានចុះសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋ និងពិនិត្យគម្រោងស្ថាបនាផ្លូវបេតុង០១ខ្សែ ដែលជាគម្រោងថវិការបស់ រដ្ឋបាលខណ្ឌ ឆ្នាំ២០១៩ ដែលមានប្រវែង៣៦៥ម៉ែត្រ ទទឹង០៤ម៉ែត្រ ស្ថិតក្នុងភូមិក្រាំងស្វាយ សង្កាត់ក្រាំងពង្រ។
លោកអភិបាលខណ្ឌ បានផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ប្រជាពលរដ្ឋទាំងអស់ ដែលជានិច្ចកាលសម្តេចទាំងពីរ តែងបានគិតគូរ និងយកចិត្តទុកដាក់ដល់ការលំបាកនានារបស់ប្រជាពលរដ្ឋ ព្រមទាំងបានលើកឡើងអំពីការអភិវឌ្ឍន៍រីកចម្រើន ឥតឈប់ឈររបស់ប្រទេសជាតិពីមួយថ្ងៃ ទៅមួយថ្ងៃ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។
លោក នុត ពុធដារ៉ា ក៏បានលើកឡើងថា គម្រោងផ្លូវបេតុងដែលនឹងត្រូវស្ថាបនានេះ នឹងជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានផងដែរ។
ជាមួយគ្នានេះ បងប្អូនប្រជាពលរដ្ឋ បានធ្វើការសាទរ និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជាពិសេសអាជ្ញាធរមូលដ្ឋាន ដែលបានគិតគូរ និងយកចិត្តទុកដាក់ដល់ការលំបាក របស់ពួកគាត់ និងបានធ្វើការអភិវឌ្ឍន៍មូលដ្ឋានបានរីកចម្រើន៕