(ភ្នំពេញ)៖ នៅក្នុងឆ្នាំ២០១៨កន្លងទៅនេះ ស្ត្រីខ្មែរប្រមាណ ៤១,៥៩៩នាក់ នៃចំនួនពលករសរុប ១០៤,៩៣៩នាក់ បានចេញទៅធ្វើការនៅប្រទេស ក្នុងនោះសាធារណៈរដ្ឋកូរ៉េមានចំនួន ១,១៤២នាក់។
ក្នុងកិច្ចប្រជុំបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មីរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រីនៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ លោកស្រី អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី បានថ្លែងឲ្យដឹងថា ពលការិនីទាំងនេះចេញទៅធ្វើការនៅប្រទេសថៃ ម៉ាឡេស៊ី ជប៉ុន សិង្ហបុរី អារ៉ាប់ប៊ីសាអូឌីត តំបន់រដ្ឋបាលពិសេសហុងកុង និងសាធារណរដ្ឋកូរ៉េ។
លោកស្រី បានឲ្យដឹងផងដែរថានៅឆ្នាំ២០១៨ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានជួយសង្គ្រោះ និងសម្រួលដល់ការធ្វើមាតុភូមិនិវត្តន៍ជនរងគ្រោះខ្មែរនៅបរទេសសរុប ៨,៩៨៤នាក់ ក្នុងនោះមានស្រ្តីចំនួន ២២០នាក់៕