(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការប្រចាំការ ទីស្តីការគណៈរដ្ឋមន្រ្តី នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានជំរុញលើកទឹកចិត្ត ឲ្យបង្កើតផលិតផលហិរញ្ញវត្ថុថ្មីៗ ស្របតាមតម្រូវការរបស់ប្រជាជនក្រីក្រ ក្រៅពីសេវាឥណទាន ដូចជា សេវាប្រាក់សន្សំ សេវាផ្ទេរប្រាក់ សេវាធានារ៉ាប់រងខ្នាតតូច និងសេវាធនាគារចល័តជាដើម។
ការជំរុញបែបនេះ បានធ្វើឡើងក្នុងឱកាសដែលលោកបណ្ឌិតសភាចារ្យ ហ៊ីង ថូរ៉ាក់ស៊ី អញ្ជើញបើកសន្និបាត បូកសរុបលទ្ធផលការងារសម្រេចបាន ក្នុងឆ្នាំ២០១៨ និងផែនការយុទ្ធសាស្រ្ត ក្នុងឆ្នាំ២០១៩ និងអបអរសាទរពិធីគម្រប់ខួប៥ឆ្នាំ របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឌែលតា ម៉ាយក្រូហ្វាយនែន ភីអិលស៊ី នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។
លោកបណ្ឌិតសភាចារ្យ ហ៊ីង ថូរ៉ាក់ស៊ី បានឲ្យដឹងថា វិស័យមីក្រូហិរញ្ញវត្ថុ បានរីកចំរើនគួរជាទីពេញចិត្ត និងប្រកបដោយនិរន្តរភាព ដែលបានផ្តល់ឥណទាន សរុបប្រមាណ៥.៤ប៊ីលានដុល្លារអាមេរិក ដល់អតិថិជនសរុប ១.៨លាននាក់ បានទទួលប្រាក់បញ្ញើសរុបចំនួន ប្រមាណ២.៥ប៊ីលានដុល្លារអាមេរិក ដែលមានអតិថិជន ដាក់ប្រាក់បញ្ញើសរុប២.១លាននាក់។
លោកបណ្ឌិត បន្ដថា ទោះបីវិស័យនេះ បានរីកចំរើនយ៉ាងណាក្តី ក៏ប៉ុន្តែនៅមានបញ្ហាប្រឈមមួយចំនួនដែរ ដូចជា ១៖ ការប្រកួតប្រជែងទីផ្សារ ជាមួយគ្រឹះស្ថានផ្លូវការ និងមិនផ្លូវការ, ២៖ ខ្វះខាតធនធានមនុស្ស ឲ្យស្របតាមការរីកចំរើន នៃបច្ចេកវិទ្យាហិរញ្ញវត្ថុ -ល-។
លោកបណ្ឌិតសភាចារ្យ ហ៊ីង ថូរ៉ាក់ស៊ី បានលើកឡើងថា គ្រឹះស្ថានឥណទានជនបទ មានចំនួន២៧៣គ្រឹះស្ថាន បានផ្តល់ឥណទានសរុបចំនួន១០៩ប៊ីលានដុល្លារអាមេរិក មានអតិថិជនសរុប ចំនួន២១៣,៥០០នាក់ និងមានអនុបាត មិនដំណើរការចំនួន១១%។ ទន្ទឹមនឹងនេះ ក៏មានគ្រឹះស្ថានមួយចំនួន នៅតែបន្តធ្វើប្រតិបត្តិការ ដោយពុំមានការសុំច្បាប់អនុញ្ញាតនៅឡើយ។
ជាមួយគ្នានោះ លោកបណ្ឌិតសភាចារ្យ សូមជំរុញលើកទឹកចិត្ត ឲ្យបង្កើតផលិតផលហិរញ្ញវត្ថុថ្មីៗ ស្របតាមតម្រូវការរបស់ប្រជាជនក្រីក្រ ក្រៅពីសេវាឥណទាន ដូចជា សេវាប្រាក់សន្សំ សេវាផ្ទេរប្រាក់ សេវាធានារ៉ាប់រងខ្នាតតូច និងសេវាធនាគារចល័តជាដើម ក្នុងគោលបំណងជួយសម្រួល និងលើកកំពស់ស្ថានភាពហិរញ្ញវត្ថុគ្រួសារ ឲ្យកាន់តែប្រសើរឡើង។
គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ត្រូវផ្តល់ឥណទានផ្អែក លើសមត្ថភាពនៃការសងត្រឡប់ និងផលិតភាពនៃមុខរបរ ឬ អាជីវកម្មរបស់អតិថិជន និងត្រូវជៀសវាងការផ្តល់ឥណទាន ដែលមានភាពធូរលុង និងពឹងផ្អែកតែទៅលើ ទ្រព្យសម្បត្តិដាក់ធានាតែម៉្យាងប៉ុណ្ណោះ។ នេះជាការគូសបញ្ជាក់បន្ថែម របស់លោកបណ្ឌិតសភាចារ្យ ហ៊ីង ថូរ៉ាក់ស៊ី។
លោកបណ្ឌិតសភាចារ្យ បានបន្ថែមទៀតថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ត្រូវពង្រឹងយន្តការ នៃកិច្ចការពារអតិថិជន ដោយផ្តោតលើការអនុវត្ត ក្រុមប្រតិបត្តិ តម្លាភាព ការបង្ហាញព័ត៌មាន ភាពសមស្របនៃផលិតផល គោលការណ៍ និងយន្តការដោះស្រាយបណ្តឹងដែលសាមញ្ញ និងងាយស្រួល៕