(ស្វាយរៀង)៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ត្រូវបានមើលឃើញថា បានសម្លាប់មនុស្សជាច្រើននាក់ស្ទើរជារៀងរាល់ថ្ងៃ និងបន្សល់ទុកនូវសោកនាកដកម្មជាច្រើនដល់សង្គម និងសហគមន៍។ ក្រោមការយកចិត្តទុកដាក់ ពីសំណាក់រាជរដ្ឋាភិបាលប្រទេសកម្ពុជា មានការរីកចម្រើនគ្រប់វិស័យ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ត្រូវបានកែលម្អ ផ្លូវ ស្ពាន ជាច្រើនត្រូវបានកសាង ចំណូលប្រជាជាជនមានការកើនឡើង ដែលប្រជាជនមានម៉ូតូ រថយន្តប្រើប្រាស់ គ្រប់គ្រួសារ។
ជាមួយក្នុងនោះដែរ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នៅតែជាក្តីបារម្មណ៍របស់រាជរដ្ឋាភិបាល និងអ្នកប្រើប្រាស់ផ្លូវគ្រប់រូប។ ក្នុងមួយឆ្នាំៗ មនុស្សប្រមាណជិត២,០០០នាក់ បានស្លាប់ និងជាច្រើនពាន់នាក់ផ្សេងទៀត រងគ្រោះដោយរបួសធ្ងន់ ស្រាលនៅលើដងផ្លូវ ក្នុងប្រទេសកម្ពុជា។ គ្រោះមហត្តរាយនេះ ពិតជាបានធ្វើឲ្យមានការរាំងស្ទះ ក្នុងដំណើរកិច្ចអភិវឌ្ឍន៍ប្រទេសជាតិ។ គ្រោះថ្នាក់ចរាចរណ៍ បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សេដកិច្ចគ្រួសារ និងសង្គម។
ដោយមើលឃើញនូវបញ្ហាប្រឈម ចំពោះគ្រោះថ្នាក់ចរាចរណ៍ អង្គភាពស្ថាបនាផ្លូវថ្នល់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមឥណទានពីធនាគាអភិវឌ្ឍអាស៊ី បានរៀបចំការអប់រំ និងផ្សព្វផ្សាយ ស្តីពីកត្តាហានិភ័យ ដោយគ្រោះថ្នាក់ចរាចរណ៍ ដល់ប្រជាសិស្សានុសិស្ស ដែលកំពុងសិក្សានៅវិទ្យាល័យ ហ៊ុន សែន កំពង់ចក ស្ថិនក្នុងឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង ស្ថិតនៅតាមបណ្តោយផ្លូវជាតិ លេខ១៣ ភ្ជាប់ពីផ្លូវជាតិលេខ៨ ទៅផ្លូវជាតិលេខ១ ដែលមានសិស្សសរុបប្រមាណជាង១,០០០នាក់។
ការអប់រំស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដល់សិស្សានុសិស្សនាពេលនេះ ពិតជាមានសារៈសំខាន់សម្រាប់ចូលរួចកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ដល់សិស្សានុសិស្ស ប្រជាកសិករ ដែលជាជនងាយរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ព្រោះអ្នកប្រើប្រាស់ផ្លូវទាំងនោះ មិនទាន់មានបទពិសោធន៍គ្រប់គ្រាន់ ក្នុងការប្រើប្រាស់ផ្លូវថ្មី ដែលផ្តល់ដោយរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជាដោយសម្តេចតែយកចិត្តទុកដាក់ ចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ។ កិច្ចអភិវឌ្ឍន៍ធនធានមនុស្ស សុខមាលភាពប្រជាពលរដ្ឋ និងការដឹកជញ្ជូន គឺជាចំនុចស្នូល ក្នុងកិច្ចដំណើរការអភិវឌ្ឍន៍ប្រទេសកម្ពុជា។
ក្រោយការចង្អុលបង្ហាញ ពីថ្នាក់ដឹកនាំ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ការអប់រំ និងផ្សព្វផ្សាយ ដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ពិសេស កសិករ និងប្អូនៗ ក្មួយៗសិស្សានុសិស្សដែលជាអ្នកប្រឈមចំពោះគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក។
លោក សរ នៃ អភិបាលរងស្រុករំដួល បានលើកឡើងថា មានការកត់សំគាល់ឃើញថា ក្រោយផ្លូវត្រូវបានស្ថាបនា ចំនួនគ្រោះថ្នាក់ចរាចរណ៍មានការកើនឡើង គួរឲ្យកត់សំគាល់ ហើយភាគច្រើន នៃគ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងចំពោះយុវជន និងមនុស្សចាស់ ដែលរស់នៅតាមភូមិ ឃុំបណ្តោយផ្លូវជាតិលេខ១៣នេះតែម្តង។ ឆ្លៀតក្នុងឱកាសនេះដែរ លោកក៏បានក្រើនរំលឹក ពីការចូលរួមរបស់យុវជន ក្នុងការចែករំលែកក្តីស្រលាញ់ ដោយចូលរួមផ្សព្វផ្សាយដល់មិត្តភ័ក្ត និងអ្នកភូមិស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅកម្ពុជា។
លោក ពា គីមវង ទីប្រឹក្សាបច្ចេកទេស និងអ្នកជំនាញផ្នែកសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឲ្យដឹងថា បច្ចុប្បន្នគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោល បានសម្លាប់មនុស្សជាមធ្យមពី៥ ទៅ៦នាក់ ក្នុងមួយថ្ងៃ ហើយក្នុងមួយឆ្នាំ មានមនុស្សប្រមាណជិត២,០០០នាក់ បានស្លាប់បាត់បង់អាយុជីវិត ដោយគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវ។
លោកបានបន្ថែមថា ការបំលាស់ប្តូរឥរិយាបទអ្នកប្រើប្រាស់ផ្លូវ គឺពិតជាមិនងាយនឹងធ្វើការផ្លាស់ប្តូរទេ បើសិនខ្វះការចូលរួមពីអ្នកប្រើប្រាស់ផ្លូវ អាជ្ញាធរដែនដី ថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធ រួមនិងអ្នករៀបចំគោលនយោបាយ ថ្នាក់ជាតិ និងថ្នាក់តំបន់ ព្រោះភាគច្រើន នៃគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកកើតឡើង ដោយសាកត្តាមនុស្សមានរហូតដល់៩៥% ដែលក្នុងនោះ មានដូចជាការបើកបរហួសល្បឿនកំណត់ ការបើកបរក្រោយពេលហូបគ្រឿងស្រវឹង ការវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ ឬការប្តូរគន្លងផ្លូវមិនបានត្រឹមត្រូវ។ លោកក៏បានស្នើសុំឲ្យអ្នកប្រើប្រាស់ផ្លូវទាំងអស់ ចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងមានការយោគយល់គ្នា ទៅវិញទៅមកនៅលើដងផ្លូវ៕