(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួម អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្រ្តី និងកុមារ បានដាក់ចេញ នូវអនុសាសន៍៥ចំណុចសំខាន់ៗ ក្នុងការថែទាំសុខភាពមាតា ទារក និងកុមារ ចាប់ពីពេលមានគភ៌ ពេលសម្រាល និងពេលក្រោយសម្រាលបុត្រ។ នេះបើតាមសារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើជូនបង-ប្អូនជនរួមជាតិ ក្នុងទិវាជាតិសុខភាពមាតា ទារក និងកុមារ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានលើកឡើងក្នុងសារលិខិតថា ដើម្បីចូលរួមចំណែកទៅសម្រេចបាន គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ ការងារចាំបាច់ដែលយើងត្រូវរួមគ្នាធ្វើ ក្នុងការថែទាំសុខភាពមាតា ទារក និងកុមារ ចាប់ពីពេល មានគភ៌ ពេលសម្រាល និងពេលក្រោយសម្រាលបុត្រ រួមទាំងការពន្យារកំណើត ពីកូនមួយទៅកូន បន្ទាប់ការចិញ្ចឹមទារក និងអាហារូបត្ថម្ភ ដើម្បីឲ្យមាតា និងទារក មានសុខភាពល្អ ក្នុងឱកាសទិវាជាតិសុខភាពមាតា ទារក និងកុមារនេះ ខ្ញុំសូមផ្តល់អនុសាសន៍ដូចតទៅ៖
១៖ សូមឲ្យស្តី្រមានគភ៌ទាំងអស់ អញ្ជើញទៅពិនិត្យសុខភាព ពិគ្រោះយោបល់ជាមួយគ្រូពេទ្យ ឆ្មបជំនាញនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតផ្ទះ តាមកាលកំណត់ទទួលយក សេវាបង្ការ ព្យាបាលទាំងអស់ ឲ្យបានទៀងទាត់តាមការណែនាំរបស់គ្រូពេទ្យជំនាញ និង ស្ម័គ្រចិត្តធ្វើតេស្តឈាមដើម្បីពិនិត្យស្ថានភាពមេរោគអេដស៍ និងមេរោគស្វាយ ដើម្បីលុបបំបាត់ ពិការភាព និងការចម្លងជំងឺទាំងពីរនេះ ពីម្តាយទៅកូន។
២៖ សូមទៅសម្រាលកូន នៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលមានគ្រូពេទ្យធ្មបជំនាញ ទទួលបានការបណ្តុះបណ្តាលត្រឹមត្រូវ។
៣៖ សូមអញ្ជើញទៅពិនិត្យសុខភាព ក្រោយពេលសម្រាលទាំងមាតា និងទារក និងទទួលថ្នាំបង្ការ ជំងឺ១១មុខ តាមការកំណត់របស់គ្រូពេទ្យ។
៤៖ សូមបំបៅទារកដោយទឹកដោះម្តាយតែមួយមុខគត់ ចាប់ពីពេលទារកប្រសូតភ្លាមរហូតដល់ ទារកមានអាយុ៦ខែ និងផ្តល់អាហារបន្ថែមគ្រប់មុខ គ្រប់ជីវជាតិ (បបរខាប់គ្រប់គ្រឿង) រួមជាមួយការបន្តបំបៅទឹកដោះម្តាយ រហូតដល់កុមារមានអាយុយ៉ាងតិច២ឆ្នាំ។
៥៖ សូមប្រញាប់យកទារកទៅមន្ទីរពេទ្យភ្លាម នៅពេលឃើញសញ្ញាគ្រោះថ្នាក់ណាមួយ នៃជំងឺរលាកផ្លូវដង្ហើម ជំងឺរាក ឬជំងឺឆ្លងដទៃទៀត និងយកទារក ឬកុមារតូចដែលមានរាងកាយ ស្គម ឬមិនឡើងទម្ងន់សោះ ទៅពិគ្រោះយោបល់ និងទទួលការព្យាបាលនៅមន្ទីរពេទ្យ។
ជាមួយគ្នានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមអំពាវនាវ ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាល អ្នកផ្តល់សេវាទាំងអស់ ចូលរួមគាំទ្រការអនុវត្តគោលនយោបាយ គាំពារសង្គមរបស់រាជរដ្ឋាភិបាលកម្ពុជា ឲ្យមានប្រសិទ្ធភាពខ្ពស់ និងឈានទៅសម្រេចបានគោលដៅកាត់បន្ថយអត្រាការស្លាប់របស់មាតា ការស្លាប់របស់ទារកក្នុងផ្ទៃ ការស្លាប់របស់ទារកទើបនឹងកើត និងការស្លាប់របស់កុមារអាយុក្រោម៥ឆ្នាំ តាមការកំណត់នូវ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ និងសូមអំពាវនាវដល់គ្រប់ស្ថាប័នពាក់ព័ន្ធ ទាំងអស់ ទាំងជាតិ និងអន្តរជាតិ សូមបន្តជួយវិនិយោគគាំទ្រដល់ការងារសុខភាពមាតា ទារក និងកុមារនៅកម្ពុជា៕
ខាងក្រោមនេះ ជាសារលិខិតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលមានខ្លឹមសារទាំងស្រុង៖