(ក្រចេះ)៖ ក្រុមហ៊ុនកូរ៉េកិនម្សៅដំឡូងមី ឈ្មោះ SingSong ដែលមានទីតាំងស្ថិតនៅផ្លូវជាតិលេខ៧ សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ បាន និងកំពុង បង្ហូរកាកសំណល់កង្វះរបស់ក្រុមហ៊ុន ចូលតាមព្រែក អូរ និងបឹង បណ្ដាលឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅក្រុងក្រចេះ និងស្រុកចិត្របុរី។
សមត្ថកិច្ចមូលដ្ឋាន បានប្រាប់អង្គភាព Fresh News ឲ្យដឹងនៅរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះថា ដោយសារការបង្ហូរកាកសំណល់កង្វះបែបនេះ បានបណ្ដាលឲ្យត្រីតូចធំជាច្រើន ដែលរស់នៅតាមបឹង ព្រែកអូរ ដែលស្ថិតនៅក្បែរទីតាំងក្រុមហ៊ុន ក្នុងក្រុងក្រចេះ និងនៅស្រុកចិត្របុរី បានពុលទឹកងាប់អណ្តែតពេញផ្ទៃទឹកជាបន្ដបន្ទាប់។
របាយការណ៍របស់សមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា ការពុលងាប់ត្រីក្នុងទឹកបឹង អូរ និងព្រែកនេះ ត្រូវបានពលរដ្ឋថា បណ្តាលមកពីការពុលដោយសារការបង្ហូរកាកសំណល់ពី ក្រុមហ៊ុនកូរ៉េចូលមកទឹកបឹង និងអូរ។ ក្នុងស្ថានភាពការពុលបែបនេះ ពលរដ្ឋមានការព្រួយបារម្ភពីសុវត្ថិភាពសុខភាពរបស់ពួកគាត់ ក៏ដូចជាសត្វពាហនៈដែលសព្វថ្ងៃ បានពឹងផ្អែកលើទឹកបឹងទឹកព្រែក និងទឹកអូរ។
ទន្ទឹមគ្នានេះ ប្រជាពលរដ្ឋមូលដ្ឋានក្រុងក្រចេះ និងស្រុកចិត្របុរី បានអំពាវនាវដល់សមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ មានវិធានការទប់ស្កាត់ និងស្តារឡើងវិញចំពោះករណីនេះ។
ពាក់ព័ន្ធបញ្ហានេះ អង្គភាព Fresh News មិនទាន់អាចសុំការបំភ្លឺបាននៅឡើយទេពីភាគីក្រុមហ៊ុនកូរ៉េ SingSong គិតត្រឹមល្ងាចថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះ៕