(ព្រះវិហារ)៖ មនុស្ស៣នាក់បានរងរបួសធ្ងន់ស្រាលដោយសាររលាកភ្លើង ចំណែកផ្ទះនិងសម្ភារមួយចំនួនទៀត ត្រូវបានភ្លើងឆេះអស់ ដែលហេតុការណ៍នេះ បណ្តាលមកពីទំនាស់ក្នុងគ្រួសារ ប្រពន្ធខឹងប្តី ក៏យកប្រេងសាំងចាក់ដុតតែម្តង។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ នៅភូមិកំពេញ ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
លោកវរៈសេនីយ៍ទោ ឱ សេង បានថ្លែងប្រាប់ឲ្យដឹងនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះថា មុនពេលកើតហេតុបុរសជាប្តី បានសុំប្រពន្ធទៅដើរលេងបុណ្យភូមិនៅពេលយប់ ប៉ុន្តែប្រពន្ធមិនឲ្យទៅ ក៏កើតជាទំនាស់ឡើង ធ្វើឲ្យប្រពន្ធខឹងយកប្រេងសាំងទៅដុតម៉ូតូ បណ្តាលឲ្យឆេះរាលដល់ផ្ទះ និងមនុស្ស៣នាក់រងរបួសធ្ងន់ស្រាលផងដែរ។
លោកបានបន្តថា ជនរងគ្រោះដោយសារភ្លើងឆេះមានឈ្មោះ យ៉ែម សុខហៃ ភេទប្រុស អាយុ២៤ឆ្នាំជាប្តីរងរបួសធ្ងន់, ឈ្មោះ គឹម ចិន្តា ភេទស្រី អាយុ៣៨ឆ្នាំ ជាប្រពន្ធរងរបួសធ្ងន់ និងឈ្មោះ គឹម សាន់ ភេទស្រី អាយុ៦៦ឆ្នាំ ជាម្តាយក្មេករងរបួសស្រាល រស់នៅភូមិឃុំខាងលើ។
ចំពោះសម្ភារៈដែលខូចខាតរួមមាន៖ ម៉ូតូមួយគ្រឿង ផ្ទះទំហំ៧គុណ៨ម៉ែត្រ កូនក្រឡឹង៥០គ្រាប់ ម៉ាស៉ីនព្រីនមួយឈុត ស្រូវ២បេ លុយខ្មែរ៥លានរៀល និងសម្ភារៈមួយចំនួនទៀតសរុបប្រហែល៤០លានរៀល៕