(ភ្នំពេញ)៖ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ដោយ​ដកហូតបាន​ថ្នាំញៀនចំនួន៧កញ្ចប់ ទូរស័ព្ទ១គ្រឿង។

អធិការនគរបាលខណ្ឌឬស្សីកែវ លោកវរសេនីយ៍ទោ គល់ យី បានបញ្ជាក់ថា ការតាមឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទជួញដូរថ្នាំញៀន ខាងលើនេះ បានធ្វើឡើងនៅព្រឹក​ថ្ងៃ១៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ស្ថិតនៅត្រង់ចំណុចក្រុមទី៨ ផ្លូវរថភ្លើង ក្នុងភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ទោ គល់ យី ​បានបន្ថែមទៀតថា ជនសង្ស័យឈ្មោះ សែម សរ ​អាយុ៣៧ឆ្នាំ ​មុខរបរមិនពិតប្រាកដ មានទីលំនៅបន្ទប់ជួល ក្រុមទី១ ភូមិបាក់ទូក សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ។

យ៉ាងណាក៏ដោយ ជនសង្ស័យ និងវត្ថុតាង បាននិងកំពុងស្ថិតនៅក្រោមការឃុំខ្លួនសាកសួរបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ​ចាត់ការតាមនីតិវិធី៕​