(ស្វាយរៀង)៖ វិស័យអចនព្រទ្យនៅក្រុងបាវិត ខេត្តស្វាយរៀង មានការរីកចម្រើនខ្លាំង នៅឆ្នាំ២០១៨ និងឆ្នាំ២០១៩នេះ ដោយមានអ្នកវិនិយោគមកបណ្តាក់ទុនរកស៊ី បង្កើតជាតំបន់សេដ្ឋកិច្ចពិសេស មានរោងចក្រ សហគ្រាស កាស៊ីណូ អាគារខ្ពស់ៗ សំណង់អាគារជាច្រើន និងទីក្រុងរណបបាវិត ព្រមទាំងតំបន់ដីឡូត៍តែម្តង ដែលកំពុងមានការចាប់អារម្មណ៍ខ្លាំងនៅក្នុងក្រុងមួយនេះ។
ជាក់ស្តែងនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ក្រុមហ៊ុនអចនទ្រព្យមួយដែលមានឈ្មោះថា បញ្ញាវ័ន្ត លែន ឌីវេឡុបម៉ិន ដែលបានបោះទុនវិនិយោគ លើទឹកដីក្រុងបាវិត ចំនួនពីរគម្រោងដែលអតិថិជនជាច្រើន នាំគ្នាចាប់អារម្មណ៍អំពីគម្រោងដីឡូត៍នេះ។
លោក ភិន សុផល នាយកប្រតិបិត្តរបស់ក្រុមហ៊ុន បានថ្លែងប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តស្វាយរៀងថា ដោយមើលឃើញនូវសក្កានុពលសេដ្ឋកិច្ច មានភាពល្អប្រសើរនៅក្រុងបាវិត នៅថ្ងៃនេះក្រុមហ៊ុនបានធ្វើការសម្ពោធបើកលក់គម្រោងដីឡូត៍ទី២ ស្ថិតក្នុងភូមិថ្នាញ សង្កាត់បាទី ក្រុងបាវិត ដែលមានផ្ទៃដី៥ហិចតា៧០អា ស្មើរ៣៧៥ឡូត៍ និងគម្រោងទី១ ដែលបានដាក់ឲ្យបើកលក់ដីឡូត៍រួចហើយនោះ ស្ថិតក្នុងភូមិបាវិតលើ ក្រុងបាវិតមានផ្ទៃដី៧ហិចតា ស្មើរ៤១២ឡូត៍កំពុងមានការចាប់អារម្មណ៍ខ្លាំងពីអតិថិជន។
នាយកប្រតិបត្តិក្រុមហ៊ុនរូបនេះ បានបន្តទៀតថា ក្រុមហ៊ុនបានអភិវឌ្ឍន៍ធ្វើគម្រោងដីឡូត៍នៅក្រុងបាវិត សម្រាប់ប្រជាពលរដ្ឋមានលុយគ្រប់ក៏អាចទិញបាន និងអ្នកមានលុយតិចតួច ហើយចង់បានដីសង់លំនៅឋាន ក៏អាចទិញបានដែរដោយអាចទិញដីឡូត៍ក្រុមហ៊ុន ធ្វើការបង់រំលស់ប្រចាំខែ ចំនួនតិចដោយមិនគិតការប្រាក់ផងដែរ។
ទន្ទឹមនឹងនេះក្រុមហ៊ុនតែងតែឈរលើគោលការណ៍ស្មោះត្រង់ ដោយធ្វើការស្របច្បាប់នៅក្នុងប្រទេសកម្ពុជា ដោយគោរពទៅតាមការណែនាំរបស់រាជរដ្ឋាភិបាល ទៅលើការរៀបចំការងារ នៃការអភិវឌ្ឍដី ឬហៅថាការពុះដីឡូត៍ គឺក្រុមហ៊ុនបានរៀបចំដូចជាប្រព័ន្ធលូ ប្រព័ន្ធភ្លើង ប្រព័ន្ធផ្លូវ លំហរសាធារណៈ ក្នុងគម្រោងផ្តល់ជូនប័ណ្ណកម្មសិទ្ធស្របច្បាប់ (ប្លង់រឹង) ដើម្បីផ្តល់ភាពងាយស្រួល និងសុវត្ថិភាពជូនអតិថិជនទាំងអស់ ដែលបានទិញដីឡូត៍ពីក្រុមហ៊ុនកន្លងមក ក៏ជាអតិថិជនដែលមានបំណង់ចង់ទិញបន្ថែមទៀត ចៀសវាងការចំណាយលុយខុសគោលដៅ និងមានការខាតបង់។
លោកបានបន្ថែមថា លើសពីនេះទៅទៀតក្រុមហ៊ុន ក៏មានគម្រោងសិក្សាទៅលើលទ្ធភាពសាងសាង់លំនៅឋានធូរថ្លៃផងដែរ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការជួយដល់ប្រជាជនទាំងអស់ដែលមានចំណូលទាប ឲ្យគាត់មានលទ្ធភាពមានគេហដ្ឋានរស់នៅសមរម្យ និងទាន់សម័យកាលផងដែរ៕