(រតនគិរី)៖ នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះ រដ្ឋបាលខេត្តរតនគិរី បានរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍៦០ឆ្នាំ នៃការបង្កើតខេត្តរតនគិរី ដែលបានធ្វើឡើងនៅរង្វង់មូលនាគព័ន្ធ ស្ថិតក្នុងក្រុងបានលុង ក្រោមអធិបតីភាព លោកព្រឹទ្ធាចារ្យ ប៊ូ ថង ទីប្រឹក្សាសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា។
ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ទេសរដ្ឋមន្រ្តី លី ធុជ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តរតនគិរី, លោក មួង ប៉យ សមាជិកព្រឹទ្ធសភា, លោក ប៊ូ ឡាំ សមាជិករដ្ឋសភា, លោក ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត, លោក ថង សាវុន អភិបាលខេត្ត ព្រមទាំងលោក លោកស្រីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត, អភិបាលក្រុងស្រុកទាំង០៩ មន្រ្តីរាជការកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ សិស្សានុសិស្ស យុវជន ស.ស.យ.ក យុវជនកាយរិទ្ធ, យុវជនកាកបាទក្រហម និងប្រជាពលរដ្ឋមកពីសង្កាត់ទាំងបួនក្នុងក្រុងសរុបប្រមាណ២,០០០នាក់។
បន្ទាប់ពីធ្វើពិធីក្រុងពាលី សុំសេចក្ដីសុខសេចក្ដីចម្រើនពីម្ចាស់ទឹកម្ចាស់ដីរួចមក លោក ថង សាវុន បានលើកឡើងថា ខេត្តរតនគិរី ត្រូវបានបង្កើតឡើង នៅថ្ងៃអង្គារ៩ កើត ខែមាឃ ឆ្នាំច សំរិទ្ធស័ក ព.ស២៥០១ ត្រូវនិងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ១៩៥៩ តាមព្រះរាជក្រឹត្យដែលឡាយព្រះហស្ថលេខា ដោយសម្ដេច ព្រះនរោត្តម សុរាម្រិត តាមរយៈសំណើរបស់ទេសរដ្ឋមន្រ្តី ទទួលបន្ទុកក្រសួងមហាផ្ទៃ ផូ ព្រឿង និងនាយករដ្ឋមន្រ្តីស្ដីទី សុន សាន ដែលត្រូវបានកាត់ចេញពីខេត្តស្ទឹងត្រែង។
ពេលបង្កើតខេត្តនេះ មានស្រុកចំនួនបីគឺ ស្រុកវ៉ើនសៃ ស្រុកអណ្ដូងពេជ្រ (ស្រុកបកែវបច្ចុប្បន្ន) និងស្រុកលំផាត់ ខេត្តមានផ្ទៃដីសរុបចំនួន១០,៤៥០គីឡូម៉ែត្រការ៉េ និងទីរួមខេត្តសម័យនោះ ស្ថិតនៅស្រុកអណ្ដូងពេជ្រ (ស្រុកបកែវ បច្ចុប្បន្ននេះ) ហើយលោក អ៊ុង ញ៉ច ត្រូវបានរាជរដ្ឋាភិបាលសម័យសង្គមរាស្រ្តនិយម តែងតាំងជាអភិបាលខេត្តភាគឥសានមួយនេះ ចាប់ពីឆ្នាំ១៩៥៩ ដល់ឆ្នាំ១៩៦៨។
លោកបន្តថាស្ថិតក្នុងសម័យសង្គមរាស្រ្តនិយមក្រោមការដឹកនាំរបស់សម្ដេចព្រះនរោត្តម សីហនុ នាសម័យនោះខេត្តរតនគិរី ក៏ដូចជាខេត្តផ្សេងៗទៀត ប្រជាពលដ្ឋបានរស់នៅប្រកបដោយសុខដុមរមនាតែជាអកុសលនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ រដ្ឋប្រហារមួយដឹកនាំដោយ លោកសេនាប្រមុខ លន់ ណល់បានផ្ដួលរំលំរបបដឹកនាំរបស់សម្ដេចព្រះនរោត្តម សីហនុ បង្កទៅជាសង្គ្រាមរាំរៃពេញផ្ទៃក្រុងប្រទេស។
ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ រដ្ឋាភិបាលកម្ពុជាសម័យនោះ បានរៀបចំឡើងវិញ នៅហេដ្ឋារចនាសម្ព័ន្ធដែនដី និងការគ្រប់គ្រង ក្នុងនោះអភិបាលខេត្តរតនគិរី លោក ប៊ូ ជួង បានកាន់តំណែងជាអភិបាលខេត្តរតនគិរី ចាប់ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៨៥។ បន្ទាប់ពីការរំដោះប្រទេស ក្រោមគំនិតផ្ដួចផ្ដើមពីសំណាក់លោកព្រឹទ្ធាចារ្យ ប៊ូ ថង ខេត្តរតនគិរី ត្រូវបានប្ដូរទីតាំងទីរួមខេត្តពីស្រុកវើនសៃ មកស្រុកបានលុងវិញ និងបានរៀបចំប្លង់គោលទីប្រជុំជនក្រុងបានលុង ព្រមទាំងធ្វើការកសាង និងអភិវឌ្ឍន៍ជាបន្តបន្ទាប់ឲ្យមានការរីកចម្រើនរហូតមកដល់បច្ចុប្បន្ននេះ។
លោកអភិបាលខេត្ត បានរំលឹកឡើងវិញ នូវគ្រប់សម័យកាលនៃការខិតខំប្រឹងប្រែងរបស់ឥស្សរជនកំពូលៗ ចាប់ដែលបានចាប់ផ្តើមពីចំណុចសូន្យ កម្ពុជាបានធ្វើដំណើរលើកំណាត់ផ្លូវ ដែលពោពេញដោយឧបសគ្ក និងការលំបាកច្រើនរាប់មិនអស់ ទម្រាំឈានមកដល់តំណាក់កាលបច្ចុប្បន្ន។ ក្រោមគោលនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កម្ពុជាមានការឯកភាពជាតិ មានសុខសន្តិភាព ស្ថេរភាពនយោបាយ ដែលកត្តានេះបានបង្កឱកាសមាស សម្រាប់ធ្វើការអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើនលើគ្រប់វិស័យ។
ខេត្តរតនគិរី ក៏ដូចជាបណ្តាខេត្តផ្សេងៗដែរ មានការអភិវឌ្ឍលើគ្រប់វិស័យឡើងវិញ ក្រោយឆ្នាំ១៩៧៩ ជាពិសេសរយៈពេល២ទសវត្សចុងក្រោយនេះ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវគមនាគមន៍ ត្រូវបានតភ្ចាប់ពីរាជធានីភ្នំពេញ មកកាន់ខេត្តរតនគិរី និងបានតភ្ជាប់ពីខេត្តរតនគិរី ទៅកាន់បណ្តាខេត្តផ្សេងៗទៀត ក្នុងគោលដៅជំរុញកំណើនសេដ្ឋកិច្ចខេត្ត។ ជាក់ស្តែងនៅក្នុងឆ្នាំ២០១៧ ផលិតផលសរុបក្នុងខេត្ត (GDP) មនុស្សម្នាក់ទទួលបាន១,១៤៩ដុល្លាអាមេរិក។
ក្នុងនាមជាថ្នាក់ដឹកនាំខេត្ត ក៏ដូចជាប្រជាពករដ្ឋនៅទូទាំងខេត្តរតនគិរី លោក ថង សាវុន បានសម្តែងនូវការចងចាំ និងដឹងគុណយ៉ាងជា្រលជ្រៅបំផុត ចំពោះអតីតថ្នាក់ដឹកនាំខេត្តរតនគិរីគ្រប់ៗរូប ដែលបានខិតខំបង្កើត និងកសាងអភិវឌ្ឍន៍ខេត្តមួយនេះឲ្យមានការរីកចម្រើនពីមួយអាណត្តិទៅមួយអាណត្តិ និងសូមប្តេជ្ញាខិតខំប្រឹងប្រែងបន្តអភិវឌ្ឍន៍រតនគិរី ឲ្យមានភាពរុរឿងដូចបណ្តាខេត្តនានានៅទូទាំងប្រទេសកម្ពុជា៕