(កំពង់ធំ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ធំ រួមជាមួយលោកស្រី ញឹក ស៊ីម ថោងខុន និងមន្ត្រីរាជការក្រោមឱវាទ នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានអញ្ជើញសម្ពោធពុទ្ធិសមិទ្ធផលមួយចំនួនមានតម្លៃប្រមាណ ៤១៨លានរៀល ក្នុងវត្តសសាំងធម្មរាសី ហៅវត្តស្រឹង ស្ថិតនៅឃុំច្រនាង ស្រុកតាំងគោក (ទើបបង្កើតថ្មី) ខេត្តកំពង់ធំ។
បន្ទាប់ពីកាត់ខ្សែបូរសម្ពោធសមិទ្ធផលខាងលើហើយ លោករដ្ឋមន្ត្រីបានអញ្ជើញជួបសំណេះសំណាលជាមួយពុទ្ធបរិស័ទ និងសិស្សានុសិស្សបន្តទៀត ដោយក្នុងពិធីនោះ លោករដ្ឋមន្ត្រីបានរំឭកប្រាប់ប្រជាពលរដ្ឋឱ្យរួមគ្នាថែរក្សាការពារសន្តិភាព និងសមិទ្ធផលទាំងឡាយ ទាំងខាងពុទ្ធចក្រ និងអាណាចក្រ ឱ្យនៅគង់វង្សយូរអង្វែង ដើម្បីបន្សល់ទុកសម្រាប់កូនចៅជំនាន់ក្រោយ ដាច់ខាតកុំចូលរួមជាមួយចលនាទាំងឡាយណា ដែលនាំទៅដល់ការបំផ្លិចបំផ្លាញជាតិ បំផ្លាញសន្តិភាព និងសមិទ្ធផលនានា ដែលបានកសាងឡើងដោយលំបាកនេះឱ្យសោះ។
ក្នុងបរិយាកាសដ៏ស្និទ្ធស្នាលនោះ លោករដ្ឋមន្ត្រីបានលើកឡើងពីវគ្គខ្លះនៃពុទ្ធប្រវត្តិ ដោយផ្ដោតលើចំណុចនៃការធ្វើទាន និងការទទួលបានកុសលផលបុណ្យពីការប្រព្រឹត្តនូវអំពើល្អ ព្រមទាំងអំពាវនាវឱ្យប្រជាជនប្រព្រឹត្តតែអំពើល្អ ក្រោមម្លប់ព្រះពុទ្ធសាសនា និងក្រោមដំបូលសន្តិភាពដ៏សុខសាន្ត។
លោកបានបន្តថា វិស័យពុទ្ធចក្ររីកចម្រើនទៅបាន ទាល់តែវិស័យអាណាចក្ររីកចម្រើនជាមុនសិន បើប្រទេសជាតិមានសង្គ្រាមដូចជំនាន់មុន ពុទ្ធបរិស័ទក៏គ្មានធនធានទំនុកបម្រុងព្រះសង្ឃដែរ តែបើប្រទេសជាតិមានការរីកចម្រើន ប្រជាជននឹងមានធនធានសម្រាប់ទំនុកបម្រុងព្រះសង្ឃ និងព្រះពុទ្ធសាសនាជាក់ជាមិនខាន។
ការរីកចម្រើនផ្នែកពុទ្ធចក្រនេះផងដែរ ក៏ត្រូវមានចំណុចបីដើរទន្ទឹមគ្នា ក្នុងនោះរួមមាន៖
* ព្រះសង្ឃមានវិន័យសង្ឃត្រឹមត្រូវ និងច្បាស់លាស់។
* ពុទ្ធបរិស័ទ ដែលជាពុទ្ធសាសនិកជន ចូលរួមគាំទ្រ ហើយដែលមានធនធានសម្រាប់ទំនុកបម្រុងព្រះសង្ឃ។
* ត្រូវមានហេដ្ឋារចនាសម្ព័ន្ធបម្រើដល់សាសនា ដូចជា វត្តអារាម ព្រះិហារ កុដិ ឧប្បដ្ឋាន សាលា ។ល។
ជាមួយគ្នានោះ លោករដ្ឋមន្ត្រីបានលើកឡើងពីសច្ចធម៌ប្រវត្តិសាស្ត្រផងដែរថា បើគ្មានថ្ងៃរំដោះ៧មករាទេ ព្រះពុទ្ធសាសនា និងសាសនាដទៃទៀតនៅកម្ពុជាមិរស់ឡើងវិញបានទេ ពីព្រោះពួកខ្មែរក្រហមបានបំផ្លិចបំផ្លាញសាសនាទាំងអស់ ចាត់ទុកព្រះសង្ឃនិងពុទ្ធិបរិស័ទជាឈ្លើយសង្គម ព្រះសង្ឃត្រូវពួកវាចាប់ផ្សឹក និងធ្វើគុត ទីវត្តអារាមត្រូវពួកវាវាយបំផ្លាញចោល និងយកធ្វើជាឃ្លាំងគ្រាប់ ទ្រុងសត្វចិញ្ចឹម កន្លែងសម្លាប់មនុស្សជាដើម។ ប៉ុន្តែដោយសារការតស៊ូរំដោះជាតិរបស់គណបក្សប្រជាជនកម្ពុជាដែលដឹកនាំដោយសម្ដេច ជា ស៊ីម សម្ដេច ហេង សំរិន និងសម្ដេចតេជោ ហ៊ុន សែន ទើបប្រទេសជាតិបានរួចផុតពីទុក្ខវេទនាដ៏ខ្លោចផ្សារ នេះ។
លោកបានលើកឡើងពីប្រវត្តិតស៊ូរបស់សម្ដចតេជោ ហ៊ុន សែន ក្នុងការអនុវត្តនយោបាយឈ្នះ-ឈ្នះ ដើម្បីស្វែងរកសន្តិភាពជូនប្រជាជនកម្ពុជា និងចាប់ផ្ដើមកសាងប្រទេសតាំងពីបាតដៃទទេ រហូតដល់មានការរីកចម្រើនដូចពេលបច្ចុប្បន្ន។ លោកថា ការតស៊ូ និងស្នាដៃរបស់សម្ដេចតេជោ ហ៊ុន សែន តែងទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់អន្តរជាតិ ដូចជាប្រទេសឥណ្ឌា បារាំង ចិន កូរ៉េ ជប៉ុន និង អាស៊ាន ជាដើម ហើយលោកព្រមទាំងបានលើកទឹកចិត្តឱ្យប្រជាជនកម្ពុជា រួមគ្នាថែរក្សាសន្តិភាពដែលរកបានដោយលំបាកនេះឱ្យបាន។
លោកបានដាស់តឿនដល់អាជ្ញាធរ កម្លាំងសមត្ថកិច្ច គណៈពង្រឹងមូលដ្ឋាន ត្រូវខិតខំយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ដូចជាសេវាសាធារណៈ ការកសាងហេដ្ឋារចនាសម្ព័ន្ធ ការពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ដោះស្រាយបញ្ហាខ្វះខាតទឹកប្រើប្រាស់ និងស្រោចស្រពផលដំណាំ ដោះស្រាយបញ្ហាច្បាប់ និងយុត្តិធម៌សង្គម ព្រមទាំងបញ្ហាផ្សេងៗទៀត ធ្វើយ៉ាងណាត្រូវឆ្លើយតបឱ្យបានទាន់ពេលវេលាជាមួយប្រជាជន។
សូមជម្រាបថា ថវិកាដែលចំណាយក្នុងការសាងសង់សមិទ្ធផលក្នុងវត្តសសាំងធម្មរាសី ហៅវត្តស្រឹងនេះ មានចំនួនប្រមាណ ៤១៨លានរៀល។ ក្នុងពិធីសម្ពោធនោះ លោករដ្ឋមន្ត្រី ថោង ខុន ក៏បានឧបត្ថម្ភថវិកាជូនវត្តចំនួន ១០លានរៀល ឧបត្ថម្ភជូនវិទ្យាល័យស្រះបន្ទាយចំនួន ១លានរៀល។ ក្រុមការងារចុះជួយមូលដ្ឋានឃុំច្រនាង ដែលមានលោក វ៉ាត់ ចំរើន ជាប្រធានក្រុមការងារ បានឧបត្ថម្ភថវិកាដល់វត្តស្រឹងចំនួន ១លានរៀល និងឧបត្ថម្ភការចាក់ដីនៅវិទ្យាល័យស្រះបន្ទាយចំនួន ៤លានរៀល (ចំនួន១០០ឡាន)។ ក្រៅពីនេះ ក្រុមមន្ត្រីរាជការស្រុកក៏បានឧបត្ថម្ភថវិកាជូនវត្តចំនួន ៥០ម៉ឺនរៀល ហើយក្រុមការងារឃុំច្រនាងក៏បានឧបត្ថម្ភវថិកាចំនួន ៥០ម៉ឺនរៀល ផងដែរ៕