(ភ្នំពេញ)៖ ព្រះមហាវិមលធម្ម ពិន​ សែម ព្រះរាជាគណៈថ្នាក់ទោ សមាជិកថេរសភាសង្ឃព្រះពុទ្ធសាសនាកម្ពុជា មានសង្ឃដីកាថា ពិធីបុណ្យមាឃបូជា ជាពិធីបុណ្យមួយដ៏វិសេសវិសាល សម្រាប់ពុទ្ធសាសនិកជនទូទាំងប្រទេស នៅលើពិភពលោកយើងនេះ។

ព្រះតេជគុណមានសង្ឃដីកាដូចនេះ​ ក្នុងឱកាសដែលព្រះអង្គនិមន្តចូលរួមជាវាគ្មិន ក្នុងកម្មវិធី «ឈ្វេងយល់បុណ្យមាឃបូជា» ដែលត្រូវបានរៀបចំឡើងដោយ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ សហការជាមួយក្រុមហ៊ុនផ្កាឈូក នៅរសៀលថ្ងៃសៅរ៍ ១២កើត ខែមាឃ ឆ្នាំច សំរឹទ្ធស័ក​ ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ នាសាលសន្និសីទចតុមុខ។

កម្មវិធីនេះក៏មានការនិមន្តនិងអញ្ជើញជាវាគ្មិន ដោយអ្នកជំនាញផ្នែកព្រះពុទ្ធសាសនានិងសង្គម ព្រមទាំងមានការនិមន្ត និងអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់ ក្រសួងចំនួន០៥ ព្រះសង្ឃ និស្សិត និងប្រជាពលរដ្ឋទូទៅប្រមាណ៥០០អង្គ/នាក់ ក្នុងគោលបំណងពិភាក្សាលម្អិតពីអត្ថន័យនិងទស្សនវិជ្ជា ដែលរៀនសូត្របាន​មកពីពិធីបុណ្យនេះ។

ព្រះមហាវិមលធម្ម ពិន​ សែម មានសង្ឃដីការបញ្ជាក់យ៉ាងដូច្នេះថា៖ «បុណ្យមាឃបូជានេះ ជាបុណ្យមួយវិសេសវិសាលសម្រាប់ពុទ្ធសាសនិកជនគ្រប់ប្រទេសទាំងអស់ ដែលអ្នកគោរពប្រតិបត្តិព្រះពុទ្ធសាសនាថេរវាទនេះ។ សម្រាប់ព្រះរាជាណាចក្រកម្ពុជាយើង ក៏បានប្រារព្ធពិធីបុណ្យមាឃបូជានេះជារៀងរាលឆ្នាំ គ្រប់វត្តអារាមទូទាំងព្រះរាជាណាកច្រកម្ពុជា»

ពិធីបុណ្យមាឃបូជា តែងតែត្រូវបានធ្វើឡើងនៅថ្ងៃ១៥កើត ខែមាឃ ជារៀងរាល់ឆ្នាំ ហើយពិធីបុណ្យសាសនាមួយនេះ មានសារៈសំខាន់ណាស់នៅក្នុងពុទ្ធិសាសនា ប្រហាក់ប្រហែលនឹងបុណ្យពុទ្ធសាសនាដទៃទៀតដែរ រួមមាន៖ ពិសាខបូជា, អាសាឍបូជា និងបុណ្យបវារណា (ចេញវស្សា)ជាដើម។ បុណ្យមាឃបូជានេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា កំណត់ចូលជាបុណ្យជាតិរបស់កម្ពុជាផងដែរ ដោយនៅថ្ងៃប្រារព្ធបុណ្យនេះ រាជរដ្ឋាភិបាលបានអនុញ្ញាតឲ្យមន្ត្រីរាជការ សិស្សានុសិស្ស រួមទាំងវិស័យឯកជន ឈប់សម្រាកមួយថ្ងៃផងដែរ។

បើតាមព្រះមហាវិមលធម្ម ពិន​ សែម​ បានគូសបញ្ជាក់ថា បុណ្យមាឃបូជា ត្រូវបានប្រារព្ធរំលឹកថ្ងៃសាវកសន្និបាត របស់ព្រះសម្មាសម្ពុទ្ធជាបរមគ្រូនៃយើង។ ក្នុងពិធីបុណ្យមាឃបូជា មានសារៈសំខាន់២យ៉ាងគឺ៖ ចតុរង្គសន្និបាត ជាថ្ងៃដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនា និងការដាក់អាយុសង្ខារ នៃការចូលព្រះបរិនិព្វានរបស់ទ្រង់។

ព្រះសម្មាសម្ពុទ្ធ ទ្រង់បានប្រកាសបង្កើតព្រះពុទ្ធសាសនាឡើង ក្នុងលោកនាប្រទេសឥណ្ឌា កាលពី៥៨៨ឆ្នាំ មុនគ្រិស្តសករាជ នាថៃ្ងទី១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន៩ខែគត់។ ការបង្កើតព្រះពុទ្ធសាសនា​ ក្នុងឋានៈជាអង្គការសាសនាមួយនេះ ធ្វើឡើងនៅក្នុងចំណោម ព្រះសង្ឃចំនួន១,២៥០អង្គ ជាសមាជិកក្នុងអង្គមហាសន្និបាតមួយ ដែលបាននិមន្តមកពីគ្រប់ស្រទាប់វណ្ណៈទាំងអស់។

នៅក្នុងមហាសន្និបាតនោះ ព្រះសម្មាសម្ពុទ្ធទ្រង់បានប្រកាស នូវគោលការណ៍មួយចំនួន១១ សម្រាប់ឲ្យសមាជិកមហាសន្និបាតទាំងអស់ កាន់យកជាវិថីជីវិត និងសម្រាប់យកទៅផ្សព្វផ្សាយ ដល់ជនដទៃទៀត ឲ្យបានយល់ពីពុទ្ធសាសនា។ គោលការណ៍ទាំងនេះ មានឈ្មោះជាភាសាបាលីថា «ឱវាទបាដិមោក្ខ»។ បាដិមោក្ខ ជាឈ្មោះបាលីពុទ្ធប្បញ្ញត្តិ ដែលជាសិក្ខាបទមួយៗ សម្រាប់ឲ្យភិក្ខុសូត្រ ក្នុងទីប្រជុំសង្ឃរាល់កន្លះខែ៖ ឧទាហរណ៍រៀនបាដិមោក្ខ, សម្ដែងបាតិមោក្ខជាដើម ដែលពុទ្ធសាសនិកជនម្មាក់ៗ ត្រូវយកមកសិក្សា ឲ្យយល់ដឹងនិងអនុវត្តន៍។

រីឯការប្រកាសដាក់អាយុសង្ខារនៃការចូលព្រះបរិនិព្វាន របស់ព្រះសម្មាសម្ពុទ្ធ ត្រូវបានព្រះអង្គធ្វើឡើងតាមការអារាធមា (ស្នើសុំ) របស់មារ (យក្ស)។ តាមសៀវភៅ «ឈ្វេងយល់មាឃបូជា» របស់ធម្មបណ្ឌិត ហេង មណីចិន្តា បានសរសេរពីការអារាធនារបស់មារ ដោយមារបាននិយាយទៅកាន់ព្រះសម្មាសម្ពុទ្ធថា «បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះមានព្រះភាគបរិនិព្វានទៅ សូមព្រះសុគតបរិនិព្វានទៅ បពិត្រព្រះអង្គដ៏ចម្រើន ឥឡូវនេះជាកាលគួរសមនឹងបរិនិព្វាន របស់ព្រះដ៏មានព្រះភាគហើយ»

ព្រះសម្មាសម្ពុទ្ធ បាននិទានប្រាប់ព្រះអានន្ទថា «ម្នាលអានន្ទ កាលបើក្រុងមារបាននិយាយយ៉ាងនេះហើយ តថាគតក៏បានពោលពាក្យនេះ ទៅនឹងក្រុងមារមានចិត្តបាបថា "ម្នាល់មារមានចិត្តបាប ចូរអ្នកមានសេចក្តីខ្វាយខ្វល់តិចចុះ ការបរិនិព្វានរបស់តថាគតមិនយូរប៉ុន្មានទេ កន្លទៅ៣ខែអំពីថ្ងៃនេះតទៅ តថាគតនឹងបរិនិព្វានហើយ។ ម្នាលអានន្ទ ក្នុងថ្ងៃនេះតថាគតមានសតិសម្បជញ្ញៈ បានដាក់អាយុសង្ខារក្នុងបាវាលចេតិយ អម្បាញ់មិញនេះឯង»

លោក ប៉ែន វិបុល អនុរដ្ឋលេខាធិការនៃក្រសួងធម្មការ និងសាសនា បានថ្លែងថា បច្ចុប្បន្ននេះ ពិធីបុណ្យមាឃបូជា ហាក់គ្មានការយល់ដឹងច្រើនពីកូនខ្មែរជំនាន់ក្រោយ ដូចពិធីបុណ្យបរទេសផ្សេងៗ ដែលមាននៅលើពិភពលោកនេះឡើយ។ សម្រាប់ប្រជាជនខ្មែរខ្លះ ដែលជាអ្នកកាន់ព្រះពុទ្ធសាសនា មិនទាន់យល់ច្បាស់ពីអត្ថន័យពិត របស់បុណ្យមាឃបូជាផងដែរ។

លោក ប៉ែន វិបុល អនុរដ្ឋលេខាធិការនៃក្រសួងធម្មការ និងសាសនា​ បានរិះគន់យ៉ាងខ្លាំងពីបញ្ហានេះ។ លោកបានសំណូមពរ ឲ្យប្រជាពលរដ្ឋងាកមកចាប់អារម្មណ៍ ក្នុងការរៀបចំពិធីបុណ្យសាសនាព្រះពុទ្ធដ៏ធំមួយនេះ ជាពិសេសតាមសាលារៀន ត្រូវបង្រៀនឲ្យសិស្សបានយល់ដឹងច្រើន ពីការប្រារព្ធពិធីបុណ្យមាឃបូជា។

លោក ប៉ែន វិបុល ថ្លែងបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងគួប្បីបញ្ចៀបការ​ផ្សព្វផ្សាយនេះ ធ្វើយ៉ាងណាឲ្យមានការចាប់អារម្មណ៍ ដោយបង្កើតឲ្យមានជាកម្រិតមិនត្រឹមតែជាទ្រឹស្តី តែជាការផ្សព្វផ្សាយចេញជារូបភាព ថាតើពិធី«មាឃបូជា» បង្កើតឡើងក្នុងទម្រង់បែបណា ហើយក្នុងអត្ថន័យបែបណា? ស្វាគមន៍ជានិច្ចចំពោះការចូលរួមសហការក្នុងនាមក្រសួង គឺបើកទូលាយរាល់ក្រុមហ៊ុន រាល់ស្ថាប័នឯកជន ដែលមានបំណងចង់រៀបចំ ដើម្បីឲ្យមានភាពល្អប្រសើរ ទន្ទឹមនឹងនេះ ក៏ជាសមិទ្ធផល ដែលស្រុកទេសរបស់យើងមានសុខសន្តិភាព»