(ភ្នំពេញ)៖ គណបក្សប្រជាជនកម្ពុជាខណ្ឌឫស្សីកែវ នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានបើកកិច្ចប្រជុំពិភាក្សាសំខាន់មួយ ក្នុងការដាក់ចេញផែនការ ផ្សព្វផ្សាយ EBA ដើម្បីបញ្ជ្រៀបទៅដល់កម្មករ កម្មការិនី មិនឲ្យព្រួយបារម្មណ៍ពីរឿងប្រាក់ខែឡើយ និងគ្រោងរៀបចំជួបសំណេះសំណាល ជាមួយលោក ឃួង ស្រេង អនុប្រធានគណបក្សរាជធានី និងកម្មករ កម្មការិនីសមាជិការបក្ស ក្នុងពេលដ៏ខ្លីខាងមុខនេះ។
កិច្ចពិភាក្សាផ្សព្វផ្សាយនៅព្រឹកមិញនេះ ធ្វើឡើងក្រោមអធិបតីភាពលោក ប្រាជ្ញ សីហា ប្រធានគណៈឃោសនាអប់រំ និងជាប្រធានក្រុមការងារកសាងបក្ស សហជីបតាមរោងចក្រក្នុងខណ្ឌ តំណាងឲ្យលោក ជា ពិសី ប្រធានគណបក្សខណ្ឌ និងមានការចូលរួមពីតំណាងកម្មករគ្រប់រោងចក្រ សហជីព និងអាជ្ញាធរសង្កាត់ទាំង៧។
លោក ប្រាជ្ញ សីហា បានជំរុញឲ្យតំណាងកម្មករគ្រប់រោងចក្រ សហជីពទាំងអស់ និងអាជ្ញាធរសង្កាត់ ត្រូវផ្ដោតសំខាន់លើការពន្លឿនផ្សព្វផ្សាយផែនការ ពាក់ព័ន្ធនិង EBA ក្នុងការបញ្ជ្រៀបឲ្យបានច្បាស់ ទៅដល់កម្មករ កម្មការិនីឲ្យបានយល់ និងកុំឲ្យមានការព្រួយបារម្មណ៍អំពីការបើកប្រាក់ខែ តបតាមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន ធ្វើយ៉ាងណាឲ្យបានលឿនបំផុត។
លោកបន្ថែមថា មុនថ្ងៃទី៣ ខែមីនា នាពេលដ៏ខ្លីខាងមុខនេះ នឹងមានរៀបចំកម្មវិធីជួបសំណេះសំណាលសួរសុខទុក្ខរវាងលោក ឃួង ស្រេង អនុប្រធានគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ ជាមួយកម្មករ កម្មការិនីជាសមាជិការបក្ស តាមផ្ទះជួលនានាផងដែរ៕