(ព្រៃវែង)៖ តំណាងរាស្ដ្រមណ្ឌលព្រៃវែង លោក ជាម ប៉េអា និងលោក ខៀវ ភារិទ្ធ នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានអញ្ជើញសម្ពោធឆ្លងសាលាឆាន់ និងសមិទ្ធផលនានា ដែលតម្លៃសរុបប្រមាណ២៥ម៉ឺនដុល្លារ នៅវត្តបុទុមរតនារាម ហៅវត្តព្រៃដើមថ្នឹងខាងត្បូង ដែលមានការចូលរួមពីប្រជាពលរដ្ឋ សរុប៣០០នាក់។
ពិធីសម្ពោធសមិទ្ធផលវត្តព្រៃដើមថ្នឹងខាងត្បូង ដែលស្ថិតក្នុងភូមិព្រៃដើមថ្នឹងទី៣ ឃុំព្រៃដើមថ្នឹង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ប្រជាជន លោកយាយ លោកតា សប្បុរសជន និងពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ បានបង្ហាញទឹកញញឹមពព្រាយសាទរនឹងសមិទ្ធផលថ្មីក្នុងវត្ត សម្រាប់ប្រារព្ធពិធីបុណ្យឧទ្ទិសកុសល។
នៅក្នុងឱកាសនេះ លោក ជាម ប៉េអា បានលើកឡើងអំពី សមិទ្ធផលនានាកើតចេញពីសុខសន្តិភាព ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល។ ជាក់ស្តែង សក្ខីភាពសមិទ្ធផលនានាទាំងអស់នេះ គឺបានកើតចេញសុខសន្តិភាព ដែលនាំមកដោយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន។
លោកតំណាងរាស្ត្របានផ្តាំផ្ញើបងប្អូនប្រជាជន ក្នុងមូលដ្ឋានឃុំព្រៃដើមថ្នឹងដូច្នេះថា «យើងត្រូវបន្តចូលរួមថែរក្សាសន្តិភាព និងការអភិវឌ្ឍ ឱ្យគង់វង្សយូរអង្វែង។ មានគណបក្សប្រជាជន គឺប្រជាជនមានសន្តិភាព»។
ជាមួយគ្នានេះ លោកក៏បានបំពាក់មេដាយប្រគេនជូនព្រះចៅអធិការវត្ត និងជូនលោកតាអាចារ្យ ព្រមទាំងសប្បុរសជនមួយចំនួន ដែលបានចូលរួមចំណែកកសាងវិស័យពុទ្ធចក្រ។ បន្ថែមលើសពីនេះ លោក ជាម ប៉េអា និងលោក ខៀវ ភារិទ្ធ តំណាងរាស្ត្រមណ្ឌលព្រៃវែង ក៏បានប្រគេនបច្ច័យថវិកា និងឧបត្ថម្ភសម្ភារមួយចំនួន ជូនព្រះសង្ឃក្នុងពិធីកាន់អង្គ និងសម្ពោធសមិទ្ធផលនានាដាក់ ឱ្យប្រើប្រាស់ជាផ្លូវការ ដើម្បីជាប្រយោជន៍ និងប្រើប្រាស់យូរអង្វែងសម្រាប់ប្រជាជនក្នុងស្រុកស៊ីធរកណ្តាល៕