(ភ្នំពេញ)៖ កិច្ចប្រជុំក្រុមប្រឹក្សាទេសាភិបាលលើកទី៤២ របស់មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (International Fund for Agricultural Development - IFAD) នៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកទឹកចិត្តឱ្យ IFAD ពិនិត្យ និងវាយតម្លៃដោយហ្មតចត់ លើការអភិវឌ្ឍន៍ ដើម្បីស្រូបទាញយកសក្តានុពល នៃអត្ថប្រយោជន៍របស់នវានុវត្តភាព, បច្ចេកវិទ្យាថ្មី និងសហគ្រិនភាព សម្រាប់បម្រើឱ្យប្រសិទ្ធភាព នៃការអភិវឌ្ឍន៍វិស័យកសិកម្ម ព្រមទាំងសម្រួចទិសដៅជាយុទ្ធសាស្ត្រ នៃប្រតិបត្តិការរបស់ IFAD ក្នុងការជួយដល់ប្រទេសកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព៍ត៌មាន របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលទើបចេញផ្សាយនៅថ្ងៃទី១៧ ខែកុម្ភៈនេះ។
កិច្ចប្រជុំកិច្ចប្រជុំក្រុមប្រឹក្សាទេសាភិបាលលើកទី៤២ ប្រចាំឆ្នាំ២០១៩ របស់ IFAD បានប្រព្រឹត្តធ្វើកាលពីថ្ងៃទី១៣-១៥ ខែ កុម្ភៈ ឆ្នាំ ២០១៩ នាទីក្រុងរ៉ូម ប្រទេសអ៊ីតាលី ក្រោមប្រធានបទ «នវានុវត្តភាព និងសហគ្រិនភាពជនបទ» (Rural Innovation and Entrepreneurship) សម្រាប់កិច្ចប្រជុំប្រចាំឆ្នាំ ២០១៩ នេះ, អង្គប្រជុំបានពិភាក្សាដោយផ្តោតការយកចិត្ត ទុកដាក់ជាពិសេស លើសារៈសំខាន់នៃយេនឌ័រ និងកង្វះខាតអាហារូបត្ថម្ភក្នុងដំណើរការ អភិវឌ្ឍខ្សែច្រវាក់តម្លៃ, តួនាទីរបស់សហគ្រិនភាព និងនវានុវត្តភាព នៅជនបទ ក្នុងការលើកកម្ពស់ភាពធន់ ដើម្បីឆ្លើយតបនឹងវិបត្តិ សកល និងសារៈសំខាន់នៃបច្ចេកវិទ្យាថ្មីចំពោះការធ្វើកសិកម្មនា ពេលអនាគត ។
ក្នុងកិច្ចប្រជុំនេះ, បន្ថែមលើការថ្លែងគាំទ្រ ចំពោះប្រធានបទនៃកិច្ចប្រជុំពេញអង្គនេះ «នវានុវត្តភាព និង សហគ្រិនភាពជនបទ» ដែលជាប្រធានបទ ក៏ដូចជាការពិភាក្សា ដែលស្របនឹងបរិការណ៍សាកលនៃបដិវត្តន៍ ឧស្សាហកម្មលើកទី៤ ហើយក៏ស្របនឹងដំណាក់កាលអភិវឌ្ឍថ្មីរបស់កម្ពុជា, លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់អំពីជំហររបស់កម្ពុជា ក្នុងការគាំទ្រចំពោះប្រសិទ្ធភាព នៃហិរញ្ញប្បទានសហប្រតិបត្តិការ កន្លងមករបស់ស្ថាប័ននេះ។
អគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី ក៏បានលើកទឹកចិត្តឱ្យ IFAD ពិនិត្យ និងវាយតម្លៃបរិការណ៍នេះ ដោយហ្មតចត់ ដើម្បីស្រូបទាញយកសក្តានុពល នៃអត្ថប្រយោជន៍របស់នវានុវត្តភាព, បច្ចេកវិទ្យាថ្មី និងសហគ្រិនភាព សម្រាប់បម្រើឱ្យប្រសិទ្ធភាព នៃការអភិវឌ្ឍន៍វិស័យកសិកម្ម ព្រមទាំង សម្រួចទិសដៅជាយុទ្ធសាស្ត្រ នៃប្រតិបត្តិការរបស់ IFAD ឱ្យចំតម្រូវការពិតជាក់ស្តែងនៃប្រទេសនីមួយៗ ។
ឆ្លៀតក្នុងឱកាសនេះ, អគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ក៏បានដឹកនាំ គណៈប្រតិភូចូលជួបពិភាក្សាការងារជាមួយលោក ហ្គីលបឺត ហុងបូ (H.E. Gilbert F.Houngbo), ប្រធាន របស់ IFAD ។
ក្នុងជំនួបដ៏មានសារៈសំខាន់នេះ អគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី បានលើកឡើងអំពីទិសដៅជាយុទ្ធសាស្រ្ត នៃកិច្ចសហប្រតិបត្តិការវាងកម្ពុជា និង IFAD ដើម្បីតម្រង់ទិសនៃប្រតិបត្តិការ របស់ IFAD ឱ្យឆ្លើយតបចំតាមតម្រូវការអាទិភាពថ្មី ក្នុងដំណាក់កាលអភិវឌ្ឍថ្មីរបស់កម្ពុជា បន្ទាប់ពីបានក្លាយ ជាប្រទេសមានចំណូលមធ្យមកម្រិតទាប និងគោលដៅនៃការអភិវឌ្ឍឈានឡើងក្លាយជាប្រទេសចំណូលមធ្យម កម្រិតខ្ពស់ត្រឹមឆ្នាំ២០៣០។ ក្នុងបរិការណ៍នេះ ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការនៃភាពជាដៃគូ គួរត្រូវផ្តោតលើ «គោលដៅនៃការបន្តពង្រឹង និងពង្រីកពាណិជ្ជូបនីយកម្មកសិកម្ម និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ទីផ្សារ កសិកម្មបន្ថែមទៀត» ។
ជាមួយគ្នានេះ, អគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី បានថ្លែងគូសបញ្ជាក់ថា «នវានុវត្តភាព, បច្ចេកវិទ្យាថ្មី និងការអភិវឌ្ឍសហគ្រិនភាព» នឹងដើរនាទីយ៉ាងសំខាន់ក្នុងការឈាន ទៅសម្រេចតាមគោលដៅខាងលើ ដោយនឹងជួយបំពេញបន្ថែមលើកិច្ចខិតខំប្រឹងប្រែង ដែលរាជរដ្ឋាភិបាលបាននិងកំពុង អនុវត្តក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការបច្ចុប្បន្នជាមួយ IFAD ដែលរួមមាន៖ ការវិនិយោគលើហេដ្ឋារចនា-សម្ព័ន្ធរូបវ័ន្តតភ្ជាប់ទីផ្សារ, ការអភិវឌ្ឍសមត្ថភាពជំនាញ និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។
លោក ហ្គីលបឺត ហុងបូ បានថ្លែងគាំទ្រពេញទំហឹងចំពោះទិសដៅជាយុទ្ធសាស្រ្តនៃកិច្ច សហប្រតិបត្តិការ រវាងកម្ពុជា និង IFAD។
សូមជម្រាបថា ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានដឹកនាំប្រតិភូកម្ពុជា ត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយ នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះ៕