(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានរំលឹកជាថ្មីទៅដល់អាជ្ញាធរឲ្យអនុវត្តន៍តាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឲ្យចាត់វិធានការច្បាប់ចំពោះអ្នកព័ត៌មានទាំងឡាយណា ដែលធ្វើសកម្មភាពបំពានទៅលើសមត្ថកិច្ចរបស់អាជ្ញាធរ។
ការគូសបញ្ជាក់ជាថ្មីរបស់លោក ខៀវ កាញារីទ្ធ បានធ្វើឡើងបន្ទាប់ពីមានសេចក្តីរាយការណ៍ពីសកម្មភាពមួយចំនួនរបស់អ្នកព័ត៌មាន ដែលប្រាសចាកពីក្រុមសីលធម៌វិជ្ជាជីវៈ និងតួនាទីជាអ្នកព័ត៌មាន។
លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ដូច្នេះ «ការណែនាំរបស់នាយករដ្ឋមន្ត្រីច្បាស់លាស់ណាស់។ បើកន្លែងណាមានករណីអ្នកកាសែតបំពានលើសសមត្ថកិច្ចខ្លួន អាជ្ញាធរត្រូវចាប់វាយខ្នោះភ្លាម»។
សម្តេចតេជោ ហ៊ុន សែន ក្នុងជំនួបជាមួយអ្នកព័ត៌មាននៅខែមករា ឆ្នាំ២០១៩កន្លងទៅនេះ បានក្រើនរំលឹកដល់អ្នកព័ត៌មានកុំឲ្យដើរតួនាទីជំនួសសមត្ថកិច្ច ដោយចុះទៅបង្ក្រាបបទល្មើស ឬដាក់ប៉ារ៉ាស់យកលុយពីបទល្មើសផ្សេងៗជាដើម។ សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាឲ្យវាយខ្នោះភ្លាមចំពោះអ្នកព័ត៌មានទាំងឡាយណា ដែលធ្វើសកម្មភាពប្រាសចាកពីវិជ្ជាជីវៈរបស់ខ្លួន ឬដើរតួនាទីជំនួសអាជ្ញាធរមានសមត្ថកិច្ច៕