(ភ្នំពេញ)៖ នារីវ័យក្មេងម្នាក់ បានរត់មកប្ដឹងនគរបាលប៉ុស្ដិ៍កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ឲ្យជួយអន្ដរាគមន៍ បន្ទាប់ពីសង្សាររបស់ខ្លួនដែលទើបស្គាល់គ្នា២ខែ បានឆបោកម៉ូតូ១គ្រឿង និងទូរស័ព្ទ១គ្រឿងរបស់នាង ហើយគេចខ្លួនបាត់។ នារីរងគ្រោះរូបនេះ បានអះអាងថា សង្សារបស់ខ្លួនដែលទើបស្គាល់គ្នានេះ ជាមន្ដ្រីនគរបាលផងដែរ។
មន្ត្រីនគរបាលមូលដ្ឋាន បានប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះថា ករណីខាងនេះកើតឡើងនៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ ចំណុចនៅមុខផ្សារស៊ិនជូរីផ្លាហ្សា តាមបណ្តោយផ្លូវមហាវិថីសហព័ន្ធរុស្សី ភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
មន្ត្រីនគរបាលដដែលបានឲ្យដឹងថា នារីរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះ អាន ស្រីលីន អាយុ១៩ឆ្នាំ មុខរបរកម្មការនីរោងចក្រ ស្នាក់នៅបន្ទប់ជួល ភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ជិះម៉ូតូម៉ាក HONDA C125 ពណ៌ខ្មៅស៊េរី២០១៨ ពាក់ស្លាកលេខភ្នំពេញ1NT-2943។ ចំណែកឯជនសង្ស័យរូបនោះ ឈ្មោះ ណាក់ ភារៈ អាយុ៣២ឆ្នាំ មុខរបរជាមន្ត្រីនគរបាលមិនស្គាល់អង្គភាព និងកន្លែងស្នាកនៅនោះទេ។
នារីរងគ្រោះបានឲ្យដឹងថា រូបនាង និងមន្ត្រីនគរបាលរូបនោះ បានស្គាល់គ្នាតាមរយៈ Facebook ទើបតែជាង២ខែប៉ុណ្ណោះ ហើយក្នុងអំឡុងពួកគេបានស្គាល់គ្នា ធ្លាប់ណាត់ជួបគ្នាដើរលេងបានចំនួន២ដងផងដែរ។ ប៉ុន្តែនាងមិនដែលបានស្គាល់ផ្ទះជនសង្ស័យខាងលើឡើយ លុះដល់ថ្ងៃទី១៤ ខែកុម្ភៈ ចំថ្ងៃទិវានៃក្តីស្រលាញ់ មុនពេលកើតហេតុជនសង្ស័យខាងលើ បានប្រាប់ទៅនាងថា ចង់ទៅលេងស្រុករបស់នាងដើម្បីបានស្គាល់សាច់ញាតិ។
ក្រោយមកពួកគេទាំង២បានឯកភាពគ្នា រួចក៏ណាត់គ្នាជួបនៅមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដើម្បីឌុបគ្នាទៅលេងស្រុករបស់នាង ជិះម៉ូតូនាងម៉ាក Honda C125 ពណ៌ខ្មៅស៊េរី២០១៨ ពាក់ស្លាកលេខភ្នំពេញ1NT-2943 ឌុបគ្នាទៅលេងស្រុកកំណើតរបស់នាងនៅឯខេត្តកំពង់ចាម។ ក្រោយពីដេកនៅស្រុកកំណើតនាង មួយយប់ លុះដល់ព្រឹកថ្ងៃទី១៥ ខែកុម្ភៈ អ្នកទាំង២ក៏បានត្រឡប់មកភ្នំពេញវិញ។
ខណៈមកដល់ចំណុចមុខផ្សារស៊ិនជូរីផ្លាហ្សា បុរសខាងលើបានប្រាប់ថា ឲ្យនាងចាំនៅមុខផ្សារមួយភ្លែត គាត់ជិះម៉ូតូទៅយកកូនសោរចូលផ្ទះដែលផ្ញើនៅមិត្តភ័ក្រ នៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ព្រមទាំងយកទូរស័ព្ទដៃនាងម៉ាក Huawei មួយគ្រឿងទៅផង ងាយស្រួលខលរកមិត្តភ័ក្រក្រែងទៅរកមិនជួប ហើយក៏ទៅបាត់រហូតតែម្តង ព្រមទាំងបិទលេខទូរស័ព្ទ និង Block Facebook របស់នាងចោលទៀតផង៕