(សៀមរាប)៖ នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបរសសកម្មពិសេស ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញចាត់ចែង និងជូនដំណើរជនជាតិម៉ាឡេស៊ីទាំង៤៧នាក់ នៅអាកាសយាន្តដ្ឋានអន្តរាជាតិក្រុងសៀមរាប បន្ទាប់ពីត្រូវសាលាដំបូងខេត្តបន្ទាយមានជ័យ ចេញដីកាបង្គាប់ឱ្យដោះលែងនៅក្រៅឃុំជាបណ្តោះអាសន្ន កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩កន្លងទៅនេះ។
គួរបញ្ជាក់ថា ប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យ លោកឧត្តមអគ្គានុរក្ស២ អ៊ុង ស៊ីផាន កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ បានចេញលិខិតដោះលែង ជនជាតិម៉ាឡេស៊ីទាំង៤៧នាក់ ដោយអនុវត្តតាមដីកាបង្គាប់ឱ្យដោះលែងរបស់លោកចៅក្រមស៊ើបសួរសាលាដំបូងខេត្តបន្ទាយមានជ័យ។ ពួកគេទាំង៤៧នាក់ ត្រូវបានជាប់ចោទពីបទ ឆបោក បើកកន្លែងល្បែងស៊ីសង ការកាន់កាប់ល្បែងស៊ីសង និងចាត់ចែងល្បែងស៊ីសង។
ក្នុងពេលជូនដំណើរនៅព្រឹកមិញនេះ ដោយសារតែក្នុងចំណោមពួកគេទាំង៤៧នាក់ មាន៣នាក់រស់នៅរដ្ឋ Selangor និងម្នាក់នៅទីក្រុងគូឡាឡាំពួរ ទើបពួកគាត់ទាំង៤ ត្រូវបានចាត់ចែងឲ្យចេញដំណើរដោយឡែក ឆ្ពោះទៅកាន់ទីក្រុងគូឡាឡាំពួរ តាមរយៈយន្តហោះ Air Asia ជើងហោះហើរលេខAK 543 នៅវេលាម៉ោង០៨៖៣៥នាទីព្រឹក។
ចំណែកការចេញដំណើរជើងបន្ទាប់ គឺមានចំនួន៤៣នាក់ ដែលមកពីរដ្ឋ Sarawak ៤០នាក់ និងSabah ៣នាក់ ត្រូវបានរដ្ឋាភិបាលម៉ាឡេស៊ី បានចាត់ចែងយន្តហោះឯកជនរបស់ ក្រុមហ៊ុន JC International Airlines ធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុង Kuching រដ្ឋ Sarawak នៅវេលាម៉ោង១០ព្រឹក៕