(សៀមរាប)៖ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានរៀបចំសន្និបាត អាណត្តិទី៥ (ឆ្នាំ២០១៩-២០២៥) ហើយលោក ទៀ សីហា ត្រូវបានអង្គសន្និបាតនេះ បោះឆ្នោតជ្រើសរើស ឲ្យធ្វើជាប្រធានគណៈកម្មាធិការសាខា នៃអាណត្តិទី៥នេះ។
សន្និបាតបានរៀបចំឡើងនៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតក្នុងអធិបតីភាពរបស់លោកស្រី ពុំ ចន្ទីនី អគ្គលេខាសាខាកាកបាទក្រហមកម្ពុជា, លោក សៀង ណាំ ប្រធានកិត្តិយសសាខាសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ព្រមទាំងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ និងសមាជិកសមាជិកានៃអង្គសន្និបាត សរុបប្រមាណ១៨០រូប។
នាឱកាសនោះ លោក ទៀ សីហា ត្រូវបានអង្គសន្និបាតបោះឆ្នោតជ្រើសរើស ជាប្រធានគណៈកម្មាធិការសាខា នៃអាណត្តិទី៥, លោក គុជ លីណា ជាអនុប្រធាន, លោកស្រី ទាង អេង ជាអនុប្រធាន, លោកស្រី សុខ ណារ៉ូ ជាអនុប្រធាន, លោក ណម ពិសិដ្ឋ ហិរញ្ញិក, និងលោក លី ប៊ុនណា ជាលេខាធិការគណៈកម្មាធិការសាខា។ ចំណែកលោក សៀង ណាំ ជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប និងមានអនុប្រធានគណៈកម្មាធិការសាខា អនុប្រធានកិត្តិយសសាខាផងដែរ។
លោក ទៀ សីហា បានសម្ដែងនូវគារវៈកិច្ចដ៏ខ្ពង់ខ្ពស់ ជូនចំពោះសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្ដេចបានផ្ដល់នូវទំនុកចិត្តទទួលស្គាល់ គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប អាណត្តិទី៥ ដែលប្រសូត្រចេញពីឆន្ទៈគាំទ្រពីសមាជិក សមាជិកាពេញសិទ្ធិ នៃអង្គសន្និបាត ដើម្បីឲ្យសាខាខេត្តសៀមរាប អាណត្តិទី៥នេះ បានបន្តបេសកកម្មមនុស្សធម៌ដ៏ឧត្តុង្គឧត្តម លើទឹកដីអង្គរដូចបណ្ដាសាខាទាំង២៤រាជធានី-ខេត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាផងដែរ៕