(ប៉ៃលិន)៖ លោក អ៉ី ឈាន ប្រធានក្រុមការងារថ្នាក់ជាតិចុះខេត្តប៉ៃលិន ព្រមទាំងក្រុមការងារ បានពិនិត្យមើលក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់លោកស្រី បាន ស្រីមុំ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន ដែលពិនិត្យនិងព្យាបាលជំងឺ ជូនដល់ប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ។
ការពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនេះ បានធ្វើឡើង១ថ្ងៃពេញ គឺនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ នៅសាលាបឋមសិក្សាបឹងព្រលឹត ស្ថិតក្នុងភូមិបឹងព្រលឹត ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ក្នុងឱកាសនោះ លោក អ៉ី ឈាន បាននាំបណ្តាំសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះលោកយាយ លោកតា និងប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិនទាំងអស់ និងសូមជូនពរឲ្យមានសុខភាពល្អ និងអាយុយឺនយូរគ្រប់ៗគ្នា។
ប្រធានក្រុមការងារ បានកោតសសើរ និងថ្លែងអំណរគុណ ដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត របស់ការិយាល័យតំណាងរាស្ត្រមណ្ឌលប៉ៃលិន និងយុវជនមកពីសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ដែលបានយកចិត្តទុកដាក់ ជួយដល់សុខុមាលភាពប្រជាពលរដ្ឋនៅខេត្តប៉ៃលិន ព្រោះបច្ចុប្បន្ននេះនៅខេត្តប៉ៃលិន មានការខ្វះខាតផ្នែកបច្ចេកទេស និងសម្ភារមិនទាន់ទំនើបសម្បូរបែបនៅឡើយ។ ដូច្នេះនៅពេលនេះ បានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ជួយព្យាបាលដល់ប្រជាពលរដ្ឋ គឺជាការជួយសម្រួលនូវបន្ទុកសេវា ចំណាយរបស់ពួកគាត់បានមួយកម្រិត។
សូមបញ្ជាក់ថា ការពិនិត្យនិងព្យាបាលជំងឺ ជូនដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃនេះ ធ្វើឡើងរយៈពេល១ថ្ងៃពេញ ចាប់ពីម៉ោង៨ព្រឹក រហូតដល់ម៉ោង៥ល្ងាច ដោយក្រុមគ្រូពេទ្យជំនាញជំងឺទូទៅ រួមទាំងសម្ភារបរិក្ខាពេទ្យទំនើបៗ ដូចជា៖ អេកូកូល័រសម្រាប់ពិនិត្យផ្ទៃពោះ និងជំងឺផ្សេងៗ ផងដែរ៕