(ភ្នំពេញ)៖ ប្រជាពលរដ្ឋជាទូទៅបានឮ បានដឹងអំពីបទល្មើសរំលោភសេពសន្ថវៈ ប៉ុន្តែប្រជាពលរដ្ឋមួយចំនួនតូចមិនមានការចាប់អារម្មណ៍ថា ការបង្ហាញកេរភេទ ជាសាធារណៈ គឺជាបទល្មើសព្រហ្មទណ្ឌឡើយ ។ ដូច្នេះដើម្បីយល់កាន់តែច្បាស់ថា តើបទបង្ហាញកេរភេទមានន័យដូចម្តេច? ហើយអ្នកដែលប្រព្រឹត្តបទល្មើស បង្ហាញកេរភេទនេះមានទោសកម្រិតណា?
ដូចនេះទើបកម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សម្រាប់សប្តាហ៍នេះសូមលើកយកប្រធានបទស្តីពី បទល្មើស «បទបង្ហាញកេរភេទ» មកបកស្រាយដូចខាងក្រោម៖
បទល្មើស «បទបង្ហាញកេរភេទ» គឺជាប្រភេទបទល្មើសមជ្ឈិម ដែលត្រូវបានចែងនៅក្នុងក្រមព្រហ្មទណ្ឌមាត្រា២៤៩ ហើយត្រូវបានកំណត់និយមន័យថា អំពើបង្ហាញកេរភេទដែលនាំឲ្យអ្នកដទៃមើលឃើញ នៅក្នុងទីកន្លែងមួយដែលសាធារណជនអាចមើលឃើញ ។ បើផ្អែកទៅលើនិយមន័យខាងលើនេះវិញ យើងឃើញថាសញ្ញាណនៃបទល្មើសនេះ គឺសង្កត់ធ្ងន់ទៅលើពាក្យថា «កេរភេទ» ចំពោះពាក្យថាកេរភេទនេះ បើយោងទៅតាមក្បួនវេជ្ជសាស្ត្រ គឺសំដៅទៅលើប្រដាប់បន្តពូជបុរស និងប្រដាប់បន្តពូជនារី ។
ករណីដែលមានការបង្ហាញនូវប្រដាប់បន្តពូជបុរស-នារី នៅតាមទីកន្លែងសាធារណៈ ឬក៏កន្លែងដែល សាធារណជនអាចមើលឃើញនោះ វាជាបទល្មើស «បទបង្ហាញកេរភេទ» ។ ឧទារហណ៍ លោក ក បានឃើញនារី ខ ម្នាក់ឈរនៅចំណតឡានក្រុងតែម្នាក់ឯងគាត់ក៏ដើរមកជិតនាងហើយក៏បានរូតខោរបស់គាត់បង្ហាញនូវប្រដាប់បន្តពូជរបស់គាត់ឲ្យនារី ខ នោះឃើញ ។ ក្នុងករណីនេះលោក ក បានប្រព្រឹត្តនូវបទល្មើស «បទបង្ហាញកេរភេទ» ។
ចំពោះទោសដែលត្រូវអនុវត្តវិញ អនុលោមតាមមាត្រា ២៤៩ នៃក្រមព្រហ្មទណ្ឌ បានបញ្ញត្តិថា បទល្មើស «បទបង្ហាញកេរភេទ» ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ (ប្រាំមួយ) ថ្ងៃ ទៅ ៣ (បី) ខែ និងពិន័យជាប្រាក់ពី ១០០ ០០០(មួយសែន) រៀល ទៅ ៥០០ ០០០ (ប្រាំសែន) រៀល។
សរុបមកបទល្មើស «បទបង្ហាញកេរភេទ» ដែលច្បាប់ព្រហ្មទណ្ឌកម្ពុជាបានកំណត់ជាបទល្មើស និងផ្ដន្ទាទោស ក្នុងគោលបំណងដើម្បីការពារនូវកិត្ដិយស សេចក្ដីថ្លៃថ្នូររបស់បុគ្គល សន្ដិសុខសណ្ដាប់ធ្នាប់ និងប្រពៃណីល្អរបស់សង្គមខ្មែរ ។
រៀបរៀងដោយ៖ លោក ថន យូសៀង និងលោក ប៊ុន វិទូ ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ១០០៣ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០១៦ ៨៤១ ១១៧, អ៊ីម៉ែល៖[email protected]គេហទំព័រ៖ www.ciclg .com,ហ្វេបុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕