(បាត់ដំបង)៖ លោក គៀត ច័ន្ទថារិទ្ធ អនុប្រធានទី១ ប្រធានក្រុមចុះជួយស្រុកបាណន់ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំស្នឹង បានអញ្ជើញប្រារព្ធពិធីបន់ស្រន់ សុំសេចក្ដីសុខសប្បាយ សុវត្ថិភាព ក្នុងការបើកការដ្ឋានស្ដារប្រឡាយ នៅប្រាសាទបាណន់ បន្ទាប់មកលោកក៏បានអញ្ជើញបើកការដ្ឋានស្ដារប្រព័ន្ធប្រឡាយ ទឹកស្រោចស្រពប្រវែង១៥,០០០ម៉ែត្រ នៅក្នុងឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩។

ក្នុងនោះការស្ដារប្រឡាយនេះ អាចស្រោចស្រពលើផ្ទៃលើ ២,០០០ហិកតា សម្រាប់ប្រជាជនចំនួន៥ឃុំ។ ការស្ដារប្រឡាយនេះដែរ គឺឆ្លើយតបទៅតាមសំណូមពរ និងការស្នើសុំរបស់ប្រជាពលរដ្ឋ ដែលរស់នៅឃុំស្នឹងនេះតែម្ដង ដើម្បីបំពេញតម្រូវការស្រោចស្រពដំណាំកសិកម្មជាដើម។

ក្នុងឱកាសនោះ លោក គៀត ច័ន្ទថារិទ្ធ បានលើកឡើងថា បើការស្ដារប្រឡាយមានទឹកគ្រប់គ្រាន់ គឺអាចឲ្យប្រជាពលរដ្ឋធ្វើស្រែវស្សា និងស្រែប្រាំងបាន ក្នុងការស្ដារប្រឡាយនេះដែរ លោកនឹងដាំកូនឈើនៅអមប្រឡាយនេះជាច្រើនពាន់ដើម តែលោកសំណូមពរដល់ប្រជាពលរដ្ឋជួយថែរក្សា ប្រឡាយ និងកូនឈើ នៅពេលប្រឡាយស្ដារ និងដាំកូនឈើរួចរាល់។

បន្ថែមពីនេះ លោកក៏បានលើកឡើងពីស្ថានភាពនយោបាយមួយចំនួន ដែលពេលបច្ចុប្បន្ននេះ មានការញុះញុងពីគណបក្សប្រឆាំង ហើយលោកក៏បានសំណូមពរដល់ប្រជាពលរដ្ឋ កុំជឿពាក្យសម្ដីគេងាយៗ គួរយកពេលវេលាសម្រាប់ប្រកបរបអាជីវកម្ម ការងារផ្សេងៗសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារប្រសើរជាង។

លោក គៀត ច័ន្ទថារិទ្ធ បាននាំនូវអំណោយ និងថវិកាមួយចំនួន សម្រាប់ឧបម្ភត្ថក្នុងកម្មវិធីរួមមាន ម៉ូតូ១០គ្រឿង សម្រាប់ទីស្នាក់ការគណបក្សឃុំ ក្នុងមួយឃុំមួយគ្រឿង, ថវិកា២០០,០០០រៀល សម្រាប់ទីស្នាក់ការគណបក្សឃុំស្នឹង, ថវិកា២០០,០០០រៀល សម្រាប់ប៉ុស្តិ៍នគរបាលរដ្ឋបាលស្នឹង, ថវិកា៤៦០,០០០រៀល សម្រាប់ប្រជាការពារ, ថវិកា២០០,០០០រៀល សម្រាប់មណ្ឌលសុខភាពស្នឹង និងប្រជាពលរដ្ឋដែលបានចូលរួមក្នុងកម្មវិធី ក្នុងម្នាក់ សារុងមួយ៕