(កំពង់ស្ពឺ)៖ ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយសង្គមស៊ីវិលមួយចំនួន នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ បានរៀបចំសិក្ខាសាលាមួយ ក្រោមប្រធានបទ «ប្រយុទ្ធដើម្បីអនាគត» នៅវិទ្យាល័យហ៊ុន សែនភ្នំស្រួច ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដើម្បីចូលរួមលើកកម្ពស់ស្រ្តី។
សិក្ខាសាលានេះ ធ្វើឡើងក្រោមអធិបតីភាព លោកស្រីបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ តំណាងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ដោយមានការចូលរួមពី សមាគមអតីតនិស្សិតសាកលវិទ្យាល័យឆាលស្ទឺតកម្ពុជា, សមាគម CPMEC, CWEA, Chey Reach, Wedu, និងក្រុមការងារស្ម័គចិត្តបានបន្តបំពេញបេសកកម្មក្នុងការរៀបចំសិក្ខាសាលាក្រោមកម្មវិធី «ស្ត្រីត្រចះត្រចង់» ព្រមទាំងមានវត្តមានរបស់តំណាងពីសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា សមាគមសហគ្រិនស្ត្រី ក្រុមយុវជនជ័យរាជកម្ពុជា អង្គការ Wedu ប្រចាំនៅកម្ពុជា មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ស្ពឺ និងលោក-លោកស្រី នាយក-នាយិកា លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស សរុបប្រមាណ២៥០នាក់។
លោកស្រី ឡេង សុម៉ាលី នាយិកាគម្រោងស្ត្រីត្រចះត្រចង់ បានលើកឡើងថា ស្ត្រីគឺជាចលករអភិវឌ្ឍន៍ដ៏រឹងមាំរបស់ប្រទេសជាតិ និងក្រុមគ្រួសារ, ដើម្បីបំពេញតួនាទីដ៏សំខាន់នេះសម្រេចបានជោគជ័យ ស្ត្រីគប្បីត្រូវបានលើកទឹកចិត្តនិងបង្កឱកាសទទួលបានការសិក្សា ពេញលេញ និងបានខ្ពង់ខ្ពស់ ដូចបុរសដែរ។
សិក្ខាសាលានេះ ក៏មានគោលបំណងចូលរួមគាំទ្រគោលនយោបាយអភិវឌ្ឍធនធានមនុស្សឆ្លើយតបទៅនឹងគោលដៅអភិវឌ្ឍជាតិជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០ និងបង្កើនឆន្ទៈសហការគាំទ្រគោលនយោបាយអប់រំតាមរយៈការលើកទឹកចិត្តសិស្សានុសិស្សមានជំនាញទន់ក្នុងការខិតខំប្រឹងប្រែងរៀនសូត្រ កុំបោះបង់ការសិក្សា និងចេះតម្រង់ទិសក្នុងការកំណត់គោលដៅជីវិត ការជ្រើសរើសជំនាញរបស់ខ្លួនអោយបានត្រឹមត្រូវនៅថ្នាក់មហាវិទ្យាល័យ៕