(ភ្នំពេញ)៖ លោក សំ ប្រជាមានិត អគ្គលេខាធិការនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅមុននេះបន្តិចនាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ឱ្យដឹងថា ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម មិនមានការផ្លាស់ប្តូរ ឬបញ្ចប់តួនាទី ប្រធានសាលាដំបូងរាជធានីភ្នំពេញ លោក តាំង ស៊ុនឡាយ នោះឡើយ។
ការចេញមកបញ្ជាក់របស់ អគ្គលេខាធិការនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បានធ្វើឡើងបន្ទាប់ពីមានការផ្សព្វផ្សាយតាមបណ្តាញសារព័ត៌មាន និងបណ្តាញសង្គមមួយចំនួនថា មានការផ្លាស់ប្តូរ និងបញ្ចប់តួនាទី លោក តាំង ស៊ុនឡាយ នៅចុងឆ្នាំ២០១៨កន្លងទៅនេះ។
លោក តាំង ស៊ុនឡាយ បានឡើងកាន់តំណែងជាប្រធានសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៥ បន្តពីលោក អាំង មាលតី ដែលត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួន ពាក់ព័ន្ធអំពើពុករលួយមួយក្នុងសំណុំរឿងគ្រឿងញៀន។ រហូតមកដល់ពេលនេះ លោកបានកាន់តំណែងនេះ រយៈពេលជាង៤ឆ្នាំមកហើយ៕