(បន្ទាយមានជ័យ)៖ ថ្លែងទៅកាន់យុវជនជនជាតិម៉ាឡេស៊ីទាំង៤៧នាក់ ដែលត្រូវសាលាដំបូងខេត្តបន្ទាយមានជ័យ ចេញដីកាបង្គាប់ឱ្យដោះលែង នៅក្រៅឃុំជាបណ្តោះអាសន្ន, លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ដែលដើរតួយ៉ាងសំខាន់ ក្នុងការសម្របសម្រួលការងារនេះ បានផ្តាំផ្ញើថា ពីពេលនេះតទៅ ត្រូវចងចាំជាបទពិសោធន៍ក្នុងឆាកជីវិត មិនត្រូវបណ្តោយខ្លួនចាញ់បោកក្រុមហ៊ុនទុច្ចរិត ដែលមិនមានប្រភព និងហេតុផលច្បាស់លាស់ ដែលទីបំផុតធ្វើឱ្យខាតបង់ទាំងថវិកា ពេលវេលា កេរ្តិ៍ឈ្មោះ និងអនាគតរបស់ខ្លួន។

ការលើកឡើងនេះ ធ្វើឡើងក្នុងសន្និសីទមួយ នារសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ នៅសណ្ឋាគារពីរ៉ាមីត ក្រុងសារីសោភ័ណ ខេត្តបន្ទាយមានជ័យ ជាជំនួបផ្តាំផ្ញើមុននឹងអ្នកទាំង៤៧នាក់ ត្រូវចេញដំណើរទៅប្រទេសរបស់ខ្លួនវិញ នៅថ្ងៃទី១៧ ខែកុម្ភៈ ២០១៩នេះ ដែលមានវត្តមានពីសំណាក់ រដ្ឋមន្រ្តីសុខុមាលភាព សមាគមន៍ស្រ្តី គ្រួសារ និងអភិវឌ្ឍន៍កុមារ នៃរដ្ឋសារ៉ាវ៉ក់ ប្រទេសម៉ាឡេស៊ី លោកស្រី YB Datuk Sri Hajah Fatimah Abdullah និងសមាជិកព្រឹទ្ធសភា១រូប ព្រមទាំងសហការីតំណាងក្រសួងការបរទេសម៉ាឡេស៊ី និងតំណាងស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជាផងដែរ។

តាមការបញ្ជាក់ពី លោកទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានឱ្យដឹងថា អ្នកទាំង៤៧នាក់នេះ បានចាញ់បោកក្រុមហ៊ុនទុច្ចរិតបរទេស រហូតឈានដល់ការឃាត់ខ្លួនដែលសមត្ថកិច្ចបានអនុវត្តត្រឹមត្រូវទៅតាមផ្លូវច្បាប់ ហើយឈរលើភ័ស្ដុតាងត្រឹមត្រូវ។ លោកបន្តថា ក្រោយពីមានការស៊ើបអង្កេតជាក់ស្តែងតាមផ្លូវច្បាប់ ជាមួយទំនាក់ទំនងល្អរវាងកម្ពុជា ម៉ាឡេស៊ី ក៏ត្រូវបានសាលាដំបូងខេត្តបន្ទាយមានជ័យ ចេញដីកាបង្គាប់ឱ្យដោះលែងជនជាតិម៉ាឡេស៊ី ទាំង៤៧នាក់ ឱ្យនៅក្រៅឃុំបណ្តោះអាសន្ន។

ជាមួយគ្នានេះ តំណាងរដ្ឋាភិបាលម៉ាឡេស៊ី លោកស្រី YB Datuk Sri Hajah Fatimah Abdullah រដ្ឋមន្រ្តីសុខុមាលភាព សមាគមន៍ស្រ្តី គ្រួសារនិងអភិវឌ្ឍន៍កុមារ នៃរដ្ឋសារ៉ាវ៉ក់ ប្រទេសម៉ាឡេស៊ី បានកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួង ស្ថាប័នពាក់ព័ន្ធនានា ដែលបានសហការសម្របសម្រួលការងារនេះ ជាមួយការវិនិច្ឆ័យប្រកបដោយវិជ្ជមាន និងទំនួលខុសត្រូវខ្ពស់ ផ្អែកលើក្របខណ្ឌនៃច្បាប់របស់ប្រទេស។

លោកស្រីបន្តថា តាមរយៈកិច្ចខិតខំប្រឹងប្រែងនេះ ជាការបង្ហាញអំពីទំនាក់ទំនងកាន់តែជិតស្និទ្ធជាវិជ្ជមានរវាងប្រទេសទាំងពីរ ហើយឈានដល់កិច្ចសហប្រតិបត្តិការទ្វេភាគីគ្រប់វិស័យក្នុងរយៈយូរអង្វែងតទៅមុខថែមទៀត។

គួរបញ្ជាក់ថា ប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យ លោកឧត្តមអគ្គានុរក្ស២ អ៊ុង ស៊ីផាន កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ បានចេញលិខិតដោះលែង ជនជាតិម៉ាឡេស៊ីទាំង៤៧នាក់ ដោយអនុវត្តតាមដីកាបង្គាប់ឱ្យដោះលែងរបស់លោកចៅក្រមស៊ើបសួរសាលាដំបូងខេត្តបន្ទាយមានជ័យ ។

ពួកគេទាំង៤៧នាក់ ត្រូវបានជាប់ចោទពីបទ ឆបោក បើកកន្លែងល្បែងស៊ីសង ការកាន់កាប់ល្បែងស៊ីសង និងចាត់ចែងល្បែងស៊ីសង៕