(ភ្នំពេញ)៖ ការប្រកាសព្យួរបណ្តោះអាសន្ននូវប្រព័ន្ធអនុគ្រោះពន្ធក្រោមកម្មវិធី «អ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ (EBA)» សម្រាប់ទំនិញកម្ពុជាពីសំណាក់គណៈកម្មការអឺរ៉ុប កំពុងនាំឲ្យការយល់ឃើញខុសៗគ្នាក្នុងសាធារណៈមតិ។ ក្រុមប្រឆាំងបានព្យាយាមបំប៉ោង បំភ័យជាខ្លាំងលើបញ្ហានេះ ខណៈរាជរដ្ឋាភិបាលបានបង្ហាញភាពជំនឿចិត្តមុតមាំថាមិនបង្កបញ្ហាប៉ះពាល់ធ្ងន់ធ្ងរសម្រាប់កម្ពុជានោះឡើយ។
លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានចេញមកបកស្រាយយ៉ាងលំអិតលើបញ្ហានេះ។ លោកបានអះអាងថា នីតិវិធីនៃការព្យួរបណ្តោះអាសន្ននូវប្រព័ន្ធអនុគ្រោះពន្ធនេះ ត្រូវប្រើរយៈពេលរហូតដល់ទៅ១៨ខែ ចាប់ពីថ្ងៃប្រកាសដំណើរនីតិវិធីរហូតដល់ថ្ងៃចូលជាធរមាន នេះក្នុងករណីសមាជិកសភាសម្រេចឲ្យព្យួរ។ តែបើទោះបីយ៉ាងណាកម្ពុជា មានរយៈពេល៦ខែក្នុងការជជែកតវ៉ា លើកហេតុផលផ្សេងៗពន្យល់ទៅគណៈកម្មការអឺរ៉ុប ដែលលោក សុភ័ក្ត្រមានជំនឿថា ប្រព័ន្ធអនុគ្រោះពន្ធនេះអាចនឹងមិនត្រូវបានព្យួរនោះឡើយ។
បើទោះបីជាយ៉ាងណាកម្ពុជា ក៏បានក៏ត្រៀមលក្ខណៈរួចរាល់ហើយផងដែរ សម្រាប់ការដោះស្រាយបញ្ហាប្រឈមនានាក្នុងការធ្វើពាណិជ្ជកម្មប្រសិនបើសភាអឺរ៉ុបសម្រេចព្យួរប្រព័ន្ធអនុគ្រោះពន្ធសម្រាប់ទំនិញរបស់កម្ពុជាផែននោះ។ នេះបើតាមការបញ្ជាក់របស់លោក សុខ សុភ័ក្ត្រ។
លោក សុភ័ក្ត្រ បានលើកឡើងថា កម្ពុជាបានធ្វើកំណែទម្រង់លើការផ្តល់សេវាលើការប្រតិបត្តិការនានាសម្រាប់អ្នកវិនិយោគ និងធុរជន មានដូចជាការលុបបំបាត់លែងឲ្យមានកាំកុងត្រូលតាមច្រកទ្វារអន្តរជាតិ លុបភ្នាក់ងារនាវាចរ (កាំសាប) ការបញ្ចុះតម្លៃអគ្គិសនី ការកំណត់លែងឲ្យអ្នកនាំចេញទំនិញមកសុំវិញ្ញាបនប័ត្របញ្ជាក់ប្រភពដើមទំនិញជាដើម។ បើតាមលោក សុខ សុភ័ក្ត្រ ការធ្វើកំណែទម្រង់ទាំងនេះ បានកាត់បន្ថយការចំណាយលើប្រតិបត្តិការផ្នែកសេវារបស់អ្នករកស៊ីនាំចេញរហូតដល់ទៅប្រមាណ ២០០លានដុល្លារអាមេរិក។
មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មរូបនេះ បានអះអាងថា ការធ្វើកំណែទម្រង់នេះវាមិនត្រឹមតែជួយផ្តល់លទ្ធភាពសម្រាប់ការប្រកួតប្រជែងទំនិញនៅទីផ្សារអឺរ៉ុបក្នុងករណីព្យួរប្រព័ន្ធអនុគ្រោះពន្ធតែប៉ុណ្ណោះទេ តែក៏បានជួយដល់បង្កើនលទ្ធភាពប្រកួតប្រជែងសម្រាប់ទំនិញរបស់កម្ពុជា ដែលនាំទៅប្រទេសមិនមានការអនុគ្រោះពន្ធផងដែរ។
សូមបញ្ជាក់ថា គណៈកម្មការអឺរ៉ុបកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ បានប្រកាសជាផ្លូវការនូវការចាប់ផ្តើមដំណើរការនីតិវិធីព្យួរជាបណ្ដោះអាសន្ននូវប្រព័ន្ធអនុគ្រោះពន្ធក្រោមកម្មវិធី «គ្រប់មុខទំនិញលើកលែងតែសព្វាវុធ (EBA)»។ ការផ្តួចផ្តើមគំនិតនេះ មិនមានន័យថា សហភាពអឺរ៉ុបចាប់ផ្តើមព្យួរប្រព័ន្ធអនុគ្រោះពន្ធភ្លាមៗ ឬជាស្វ័យប្រវត្តិនោះឡើយ គ្រាន់តែជាពេលវេលាដែលចាប់ផ្តើមបើកនីតិវិធីពិគ្រោះយោបល់ជាផ្លូវការតែប៉ុណ្ណោះ។ កម្ពុជាមានរយៈពេល៦ខែក្នុងការជជែកតវ៉ា និងលើកហេតុផលផ្សេងៗពន្យល់ទៅគណៈកម្មការអឺរ៉ុប។
ប្រសិនបើគណៈកម្មការអឺរ៉ុបមិនទទួលយកការពន្យល់របស់កម្ពុជា ហើយនៅតែសម្រេចព្យួរប្រព័ន្ធអនុគ្រោះពន្ធនេះមែន គឺត្រូវប្រើរយៈពេលចំនួន ១៨ខែ គិតចាប់ពីថ្ងៃចាប់ផ្តើម (១២ កុម្ភៈ ២០១៩) រហូតដល់ការចូលជាធរមាន។ ពោលទំនិញរបស់កម្ពុជានៅតែបន្តនាំចូលទៅកាន់សហភាពអឺរ៉ុបដោយមិនជាប់ពន្ធរយៈពេលជាង ១ឆ្នាំទៀត មុននឹងមានការសម្រេចជាថ្មី៕