(កំពង់ស្ពឺ)៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ប្រមាណចំនួន៣៦៩នាក់ នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានបន្តចុះពិនិត្យព្យាបាលជំងឺ និងចែកជូនអំណោយថ្នាំពេទ្យ ដល់ប្រជាពលរដ្ឋប្រមាណជិង៧ពាន់នាក់ នៅសាលាបឋមសិក្សាអង្គព្រះស្រី ភូមិព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ព្រមទាំងមានការចែកនំបុ័ង និងទឹកសុទ្ធផងដែរ។
ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅសាលាបឋមសិក្សាអង្គព្រះស្រី ភូមិព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដឹកនាំដោយ លោក លេង ផាលី ប្រធានក្រុមគ្រូពេទ្យគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ក្រោមអធិបតីភាព ទេសរដ្ឋមន្ត្រី ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ និងមានការចូលរួមសហការដោយ៖ លោក ហ៊ូ តាំងអេង រដ្ឋលេខាធិការក្រសួងផែនការ លោកស្រី ហង់ លីណា ប្រតិភូរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកអគ្គនាយកវិទ្យាស្ថានជាតិស្ថិតិ លោក ភឿក សារិន នាយខុទ្ធខាល័យ លោក ថេង បញ្ញាវ័ន ប្រតិភូរដ្ឋាភិបាលកម្ពុជាទទួលបន្ទុក អគ្គនាយកនាយកដ្ឋានផែនការ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ លោក យឹម សុខុម ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកបសេដ្ឋ លោកស្រី ដាំ ដារិនី រដ្ឋលេខាធិការក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ស៊ុ សំណាង អគ្គនាយកអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុនៃក្រសួងការពារជាតិ ឧត្តមសេនីយ៍ទោ ហ៊ុល សំអូន មេបញ្ជាការកងពលតូច ដឹកជញ្ជូនលេខ១១ យឹម យ៉ាន់ អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល លោក នួន ផារ័ត្ន លោក សំ រិទ្ធី តំណាងរាស្ត្រនៃកម្ពុជា លោក ដាវ អានសាន លោក ជូន វន រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម លោក យឹម យ៉ាន់ អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត អោ វណ្ណថេន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ លោក ចែម ភឿនរីមវុទ្ធី អភិបាលស្រុកគងពិសី លោកសាស្ត្រាចារ្យ នាង ប៊ូ លោក ពាង ផារ័ត្ន ប្រធានក្រុមហ៊ុនទឹកបរិសុទ្ធអូរសិលា លោក ឆាយ សត្យា ប្រធានសសយក ក្រសួងផែនការ និងក្រុមការងារ។
ការពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋនោះរួមមាន៖ ជំងឺទូទៅ មានវះកាត់ខ្នាតតូច ជំងឺផ្លូវចិត្ត ជំងឺទូទៅផ្នែកកុមារ ជំងឺរោគស្ត្រី ជំងឺឬសដូងបាត ជំងឺសួត ក្រពះ ពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ ជំងឺសើស្បែក ជំងឺព្រូន ជំងឺស្លេកស្លាំង ជំងឺសន្លាក់ឆ្អឹង ជំងឺរលាកថ្លើម ជំងឺកាមរោគ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺភ្នែក សុខភាពមាត់ធ្មេញ ជំងឺទឹកនោមផ្អែម ជំងឺបេះដូង លើសឈាម ជំងឺត្រចៀក ច្រមុះ បំពង់ករ ជំងឺតម្រងនោម អេកូសាស្ត្រ...។ល។
ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនេះ គឺជាស្មារតីមនុស្សធម៌សុទ្ធសាធ ដែលស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូន ប្រជាពលរដ្ឋ ក្នុងនាមជាឈាមជ័រ ខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋមួយចំណែក។ បញ្ហាសុខភាព គឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរក ភាពជោគជ័យសុភមង្គល ជូនគ្រួសារ និងសង្គមជាតិ។
សូមជម្រាបជូនថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បានចុះពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋរួមនឹងការចែកជូនថ្នាំដោយឥតគិតថ្លៃ បានចំនួន១៧រាជធានីខេត្តហើយ ដោយក្នុងនោះរួមមានខេត្តដូចជា៖ កំពង់ស្ពឺ, កំពង់ធំ, កំពង់ចាម, ព្រៃវែង, តាកែវ, កំពង់ឆ្នាំង, សៀមរាប, បាត់ដំបង, កណ្តាល, ព្រះវិហារ, កំពត, កោះកុង, ព្រះសីហនុ, បន្ទាយមានជ័យ, ស្វាយរៀង, ឧត្តរមានជ័យ និងរាជធានីភ្នំពេញ។
ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បានចុះពិនិត្យ ព្យាបាលជូនប្រជាពលរដ្ឋមូលដ្ឋាន ក្នុងតំបន់ដាច់ស្រយាលតាមខ្នងផ្ទះ ដោយផ្ទាល់នេះ ដោយសារប្រទេសជាតិ មានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើឲ្យប្រជាពលរដ្ឋមានភាពសុខសាន្ត។ មានតែសម្តេចតេជោទេ ដែលមានទេពកោសល្យពីកំណើត ដឹកនាំប្រទេសជាតិឲ្យមានការរើកចំរើន ឥតឈប់ឈរមានការផ្សះផ្សាជាតិបង្រួបបង្រួមជាតិ មានស្ថិរភាព និងសន្តិភាពពិតប្រាកដ។ ដូច្នេះនេះប្រជាពលរដ្ឋទាំងអស់ ត្រូវតែរួមគ្នាថែរក្សាសុខសន្តិភាព និងស្ថិរភាពតាមគោលនយោបាយ ឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ឲ្យបានគង់វង្ស។
សូមបញ្ជាក់ថារយៈពេល៧៤ខែ (២០១២-២០១៩) នេះជាឆ្នាំទី៧ហើយ ដែលក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចំនួន៤,២៧៥នាក់ (បួនពាន់ពីររយចិតសិបប្រាំនាក់) ចុះពិនិត្យនិងព្យាលបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃចំនួន១៦៧លើក ក្នុងនោះព្យាលបាលជូនប្រជាពលរដ្ឋបាន ចំនួន៣៩៤,៤៤៧នាក់ (សាមសិបប្រាំបួនម៉ឺន បួនពាន់បួនរយសែសិបប្រាំពីរនាក់)៕