(ភ្នំពេញ)៖ ប្រធានរាជបណ្ឌិត្យសភាកម្ពុជាលោកបណ្ឌិត សុខ ទូច បានមើលឃើញថា ការប្រកាសពីដំណើរការព្យួរបណ្តោះអាសន្ននូវប្រព័ន្ធអនុគ្រោះពន្ធក្រោមកម្មវិធី «អ្វីៗគ្រាប់យ៉ាងលើកលែងតែអាវុធ (EBA)» របស់គណៈកម្មការអឺរ៉ុប សម្រាប់ទំនិញកម្ពុជា គឺជារឿងនយោបាយច្រើនជាងរឿងអនុវត្តន៍ច្បាប់។

គណៈកម្មការអឺរ៉ុបកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ បានប្រកាសពីការចាប់ផ្តើមដំណើរការនីតិវិធីក្នុងការព្យួរប្រព័ន្ធអនុគ្រោះពន្ធសម្រាប់ទំនិញរបស់កម្ពុជា។ ចាប់ពីថ្ងៃប្រកាសជាផ្លូវរហូតដល់ថ្ងៃចូលជាធរមានប្រសិនបើសភាអឺរ៉ុបសម្រេចព្យួរមែននោះ គឺមានរយៈពេល១៨ខែ។ ការដំណើរការព្យួរនេះដោយគណៈកម្មការអឺរ៉ុបលើកឡើងថា កម្ពុជាធ្វើឲ្យធ្លាក់ចុះនូវការគោរពសិទ្ធិមនុស្ស សិទ្ធិធ្វើនយោបាយ សេរីភាពបញ្ចេញមតិ ឬលទ្ធិប្រជាធិបតេយ្យជាដើម។

លោក សុខ ទូច បានចោទសួរទៅគណៈកម្មការអឺរ៉ុបថា ក្នុងចំណោមប្រទេសទទួលបានប្រព័ន្ធអនុគ្រោះពន្ធនៅតំបន់អាស៊ីដូចជា ឡាវ មីយ៉ាន់ម៉ា និងបង់ក្លាដេស... តើប្រទេសណាមានស្ថានភាពគោរពសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យល្អប្រសើរជាងកម្ពុជានោះ?

លោក សុខ ទូច បានលើកឡើងថា ប្រទេសឡាវជារបបកុម្មុយនិស្ត មានបក្សនយោបាយតែមួយ, ប្រទេសមីយ៉ាន់ម៉ា មានការសម្លាប់ជនជាតិភាគតិចរ៉ូហ៉ីងយ៉ា រីឯបង់ក្លាដេសមានការធ្វើទុក្ខបុកម្នេញខ្លាំងលើប្រឆាំង...។

សម្រាប់លោក សុខ ទូច ប្រទេសកម្ពុជា បញ្ហាសិទ្ធិមនុស្ស សេរីភាពបញ្ចេញមតិ និងលទ្ធិប្រជាធិបតេយ្យល្អប្រសើរជាប្រទេសទាំងនោះច្រើនណាស់។

លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានលើកឡើងថា កម្ពុជាបានគោរព និងកែលំអរជាបន្តបន្ទាប់នូវច្បាប់ និងសិទ្ធិពាក់ព័ន្ធវិស័យការងារតាមការចង់បានរបស់អង្គការការងារអន្តរជាតិ ក៏ដូចជាមាត្រាផ្សេងៗរបស់អង្គការពាណិជ្ជកម្មពិភពលោកក្នុងនាមជាសមាជិក។

ដោយយោងលើការបញ្ជាក់ពីអនុវត្តន៍លើច្បាប់ការងារ និងមើលឃើញភាពល្អប្រសើរនៃបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជា បើធៀបនឹងមីយ៉ាន់ម៉ា ឡាវ និងបង់ក្លាដេសនោះ លោក សុខ ទូច បានវាយតម្លៃថា ការសម្រេចចិត្តរបស់គណៈកម្មការអឺរ៉ុបលើបញ្ហា EBA នេះ ជារឿងនយោបាយច្រើនជាងការអនុវត្តន៍ច្បាប់៕