(ភ្នំពេញ)៖ បុរសម្នាក់បើករថយន្ត Land cruiser ស៊េរីទំនើបមិនប្រយ័ត្ន ជ្រុលទៅបុកគូទរថយន្តកូរ៉េ ដែលកំពុងចតនៅចិញ្ចើមផ្លូវ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនបង្កឲ្យមាននរណាម្នាក់រងរបួសឡើយ។
ហេតុការណ៍នេះ បានកើតឡើងនៅម៉ោងជាង១១យប់ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយមហាវិថីព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ បើករថយន្តមួយគ្រឿងម៉ាក Land Cruiser ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AD-2992 ដោយធ្វើដំណើរតាមទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តខាងលើ បានរេចង្កូតមកខាងស្តាំក៏ជ្រុលទៅបុកគូទរថយន្តកូរ៉េមួយគ្រឿង ពណ៌ក្រហមលាយស ពាក់ស្លាកលេខភ្នំពេញ 3E-9535 ដែលកំពុងចតតាមចិញ្ចើមផ្លូវរង់ចាំដឹករថយន្តមួយគ្រឿងទៀត ចំពេញមួយទំហឹងបណ្តាលឲ្យរថយន្ត Land Cruiser ផុងជាប់នឹងកន្ទុយរថយន្តកូរ៉េខាងក្រោយរងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនបណ្ដាលឲ្យនរណាម្នាក់រងរបួសនោះទេ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហើយ ទាក់ទងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ នៅពេលក្រោយ៕