(ភ្នំពេញ)៖ នារសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានប្រារព្ធពិធីបិទអង្គប្រជុំ បូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០១៩ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និង លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ព្រមទាំងមានការចូលរួម ពីសំណាក់ឧត្តមសេនីយ៍ មេបញ្ជាការ មេបញ្ជាការរង គ្រប់បណ្តាកងឯកភាព លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរ-ស្ថាប័ន ជុំវិញរាជធានី អភិបាលខណ្ឌទាំង១២ អជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ និងភ្ញៀវកិត្តិយស សមាជិក សមាជិកានៃអង្គប្រជុំបូកសរុបទាំងមូលយ៉ាងច្រើនកុះករ។

ថ្លែងក្នុងពិធីដ៏អធឹកអធមនេះឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានលើកឡើងថា ដើម្បីប្រមូលផ្តុំកម្លាំង គ្រប់គ្រងសតិអារម្មណ៍ ធានាបាននូវប្រសិទ្ធិភាពលើការដឹកនាំបញ្ជា និងការអនុវត្តការងារ សម្រេចបានជោគជ័យអង្គភាពអាវុធហត្ថរាជធានីភ្នំពេញ បានយកចិត្តទុកដាក់លើកត្តា០២ ជាសំខាន់គឺ កត្តាសម្ភារៈ និងកត្តាមនុស្ស។

ឧត្តមសេនីយ៍ឯករូបនេះ បានលើកឡើងបន្ថែមថា យោងតាមលទ្ធផលនៃការស្រាវជ្រាវប្រមូលព័ត៌មាន និងការកត់ត្រារបស់មន្ត្រីជំនាញ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងរយ:ពេល១ឆ្នាំ គិតចាប់ពីថ្ងៃទី ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៧ ដល់ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨ សង្កេតឃើញថា គ្រប់បទល្មើសមានការថយចុះ រីឯប្រសិទ្ធិភាពនៃការបង្ក្រាបបទល្មើសរបស់អាវុធហត្ថ រាជធានីភ្នំពេញមានការកើនឡើងធៀបនឹងឆ្នាំ២០១៧។

ក្នុងរយៈពេល១ឆ្នាំកន្លងមក អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យបានចំនួន ១,៣៣១នាក់ ក្នុងនោះបញ្ជូនទៅតុលាការចំនួន ១,១២២នាក់ ប្រគល់ទៅឲ្យអង្គភាពពាក់ព័ន្ធចំនួន១០៦នាក់ និងបានអប់រំ ឲ្យវិលទៅលំនៅដ្ឋានវិញចំនួន១០៣នាក់ ។

ចាប់យកវត្ថុតាងរួមមាន៖
១៖ អាវុធវែង AK ចំនួន០៣ដើម រួមនឹងអាវុធខ្លីចំនួន១៣ដើម
២៖ រថយន្តចំនួន២៧គ្រឿង រួមនឹងម៉ូតូចំនួន២៩៦គ្រឿង
៣៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីនទឹកកក សរុបចំនួន ១,៦២១ កញ្ចប់ធំតូច (ស្មើនឹង៨គីឡូក្រាម៤៩៨,៨២ក្រាម) ព្រមទាំងថ្នាំញៀនប្រភេទចម្រុះមួយចំនួនទៀត។

បទល្មើសដែលអាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបបាននិងទទួលការចាប់អារម្មណ៍ខ្លាំង គឺការបង្ក្រាបករណីចោរប្លន់ប្រដាប់អាវុធ AK ទាំងសំបុកបញ្ជូនទៅតុលាការ និងការបង្ក្រាបករណីឆបោក និងជំរិតទារប្រាក់ឆ្លងដែនតាមអ៊ិនធើណែត ដែលមានជនសង្ស័យជាជនជាតិថៃ២៥នាក់ និងចិនតៃវ៉ាន់០៤នាក់ ​និងការបង្ក្រាបករណីជួញដូរគ្រឿងញៀនប្រភេទមេតំហ្វេតាមីនទឹកកក ចំនួន៧គីឡូក្រាម២៥៧.១ក្រាម ឃាត់ខ្លួនជនសង្ស័យ សរុប០៩នាក់ ចាប់យកអាវុធខ្លីចំនួន០២ដើម ប្រគល់ឲ្យអាវុធហត្ថ ខេត្តស្វាយរៀងចាត់ការតាមនិតិវិធីបន្ត និងការរបង្ក្រាបចោរឆក់រាប់សិបករណី ព្រមទាំងការបង្ក្រាបករណី គ្រឿងញៀនចម្រុះរាល់ថ្ងៃដូចភ្លៀងរលឹម។

ជាការចូលរួមក្នុងឱកាសនេះផងដែរ លោក ឃួង ស្រេង អភិបាលនៃគណអភិបាលរាជធានីភ្នំពេញ បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផល ក៏ដូចជាស្នាដៃទាំងឡាយ ដែល កងរាជអាវុធហត្ថរាជធានីភ្នំពេញ សម្រេចបាននាពេលកន្លងមក និងសូមកោតសរសើរស្មារតីម្ចាស់ការខ្ពស់ របស់ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដែលបានដឹកនាំអង្គភាពឲ្យទទួលបានលទ្ធផលជាផ្លែផ្កា។

នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានសម្តែងការគាំទ្រ និងឯកភាពទៅលើរបាយការណ៍បូកសរុប ការវាយតម្លៃរបស់ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ជុំវិញសភាពការណ៍ទូទៅ ក្នុងការប្រតិបត្តិតួនាទីភារកិច្ច ក៏ដូចជាការកសាងសមិទ្ធិផលនានា ព្រមទាំងសម្តែងការកោតសសើរនិងលើកទឹកចិត្ត ឲ្យនាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ ខិតខំបន្តទៅទៀត។

ក្រោយពេលសំណេះសំណាលផ្តាំផ្ញើត្រូវបានបញ្ចប់ នាយឧត្តមសេនីយ៍ សៅ សុខា បានប្រកាសបិទអង្គប្រជុំ បូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ២០១៩ របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់ទៅប្រកបដោយភាពអធឹកអធមរីករាយក្រៃលែង៕