(ភ្នំពេញ)៖ ក្រុមហ៊ុន SCHNEITEC RENEWABLE គ្រោងនឹងបង្កើតស្ថានីយផលិតថាមពលអគ្គិសនីដើរដោយពន្លឺ ព្រះអាទិត្យកម្លាំងប្រមាណ ៦០មេហ្គាវ៉ាត់នៅក្នុងខេត្តកំពង់ស្ពឺ។
ក្រសួងបរិស្ថានតាមរយៈលោក សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាននៅសប្តាហ៍នេះ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃផលប៉ះពាល់បរិស្ថាន និងសង្គមពេញលេញសម្រាប់គម្រោងមួយនេះ។
របាយការណ៍នេះត្រូវបានសិក្សារៀបចំឡើងដោយក្រុមហ៊ុនទីប្រឹក្សា E & A Consultant។ របាយការណ៍បានគ្របដណ្តប់លើចំណុចសំខាន់ៗមួយចំនួនរួមមាន៖
១៖ ការពិនិត្យ វិភាគ និងបង្ហាញពីលក្ខណៈ និងព័ត៌មានរបស់គម្រោងអភិវឌ្ឍន៍ និងបង្កើតស្ថានីយផលិតអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យកម្លាំង៦០មេហ្គាវ៉ាត់លើផ្ទៃដីទំហំ ១១៥ហិកតា
២៖ សិក្សាអំពីធនធានរូបសាស្រ្ត ធនធានជីវសាស្រ្ត និងធនធានសេដ្ឋកិច្ចសង្គមនៅក្នុង និងជុំវិញតំបន់គម្រោង ដើម្បីជាទិន្ន័យគោលមួយក្នុងការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គម
៣៖រៀបចំកិច្ចពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន និងមន្ទីរជំនាញពាក់ព័ន្ធសម្រាប់ផ្តល់យោបល់លើគម្រោង
៤៖ កំណត់ទំហំនៃហេតុប៉ះពាល់បរិស្ថានទៅលើធនធានបរិស្ថានធម្មជាតិ និងបរិស្ថានសង្គមដែលមានស្រាប់ នៅក្នុងតំបន់សិក្សាទាំងវិជ្ជមាន និងអវិជ្ជមានដោយសារសកម្មភាពដំណើការរបស់គម្រោង
៥៖ កំណត់នូវវិធានការកាត់បន្ថយហេតុប៉ះពាល់បរិស្ថាន និងសង្គម (អវិជ្ជមាន)ដែលអាចកើតមានឡើងពីសកម្មភាពគម្រោងអោយដល់កំរិតអប្បបរមា
៦៖ វិភាគតម្លៃសេដ្ឋកិច្ច និងតម្លៃបរិស្ថាន ទាំងផ្នែកវិជ្ជមាន និងអវិជ្ជមាន
៧៖ រៀបចំមូលនិធិបរិស្ថាន និងសង្គមដើម្បីស្តារបរិស្ថានឡើងវិញនិងចូលរួមអភិវឌ្ឍន៍ភូមិ ឃុំដែលពាក់ព័ន្ធនឹងគម្រោងវិនិយោគ។
ឆ្លងតាមការសិក្សាបានរកឃើញថា គម្រោងខាងលើនេះមានសារ:ប្រយោជន៍ខ្ពស់សម្រាប់ប្រទេសកម្ពុជា ដោយថ្លៃអគ្គិសនីលក់ជូនអគ្គិសនីកម្ពុជាគឺក្នុងតម្លៃ ៧.៦សេនដុល្លារក្នុងមួយគីឡូវ៉ាត់ម៉ោង។ វាជួយកាត់បន្ថយការបញ្ចញឧស្ម័នផ្ទះកញ្ចក់បានច្រើនទៀតផង។
អង្គប្រជុំបានវាយតម្លៃថា របាយការណ៍នេះត្រូវបានរៀបចំឡើងបានត្រឹមត្រូវ ហើយអង្គប្រជុំបានផ្តល់មតិយោបល់មួយចំនួនទៀតបន្ថែមទៅ លើមតិយោបល់ដែលបានផ្តល់ជូនកន្លងមកដោយនាយកដ្ឋាន EIA ដើម្បីឱ្យក្រុមហ៊ុនទីប្រឹក្សាយកទៅពិនិត្យកែសម្រួលរបាយការណ៍នេះឡើងវិញ៕