(ភ្នំពេញ)៖ ការិយាល័យឥណទានកម្ពុជា CBC និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK បានសហការគ្នាលើការផ្តល់សេវាត្រួតពិនិត្យសុខភាពហិរញ្ញវត្ថុ។ ការសហការគ្នានេះធ្វើឡើងនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រោមការចូលរួមពី លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិនៃការិយាល័យឥណទានកម្ពុជា (CBC) លោក គា បូរាណ ប្រធាននាយកប្រតិបត្តិនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK។
ការផ្តល់សេវាត្រួតពិនិត្យសុខភាពហិរញ្ញវត្ថុសេវានេះ ត្រូវបានដាក់ឲ្យប្រើប្រាស់តាមសាខា របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK ចាប់ពីថ្ងៃទី២ ខែមករា ឆ្នាំ២០១៩កន្លងមក។
លោក អឿ សុធារ័ត្ន ឲ្យដឹងថា ក្នុងរយៈពេលជាង៦ឆ្នាំនៃប្រតិបត្តិការ CBC បានចាប់ផ្តើម និងផ្តោតចំបងជាមួយនឹងរបាយការណ៍ឥណទានអតិថិជន ដែលអនុញ្ញាតឲ្យសមាជិក អាចស្វែងយល់ពីអតិថិជនរបស់ពួកគេកាន់តែច្បាស់ និងធ្វើការសម្រេចចិត្តលើការផ្តល់ឥណទានប្រកបដោយប្រសិទ្ធិភាព និងទំនួលខុសត្រូវ។
លោកបន្ដថា បន្ថែមពីលើនេះប្រព័ន្ធនេះក៏បានជួយដល់អតិថិជនទូទៅក្នុងការស្នើសុំ និងស្វែងយល់អំពីព័ត៌មានឥណទានរបស់ពួកគេ ឲ្យកាន់តែប្រសើរឡើងដែលនឹងជួយពួកគេ ក្នុងការត្រៀមខ្លួនសម្រាប់ការស្នើសុំកម្ចី មិនតែប៉ុណ្ណោះប្រព័ន្ធនេះក៏ចូលរួមចំណែក ដល់ស្ថេរភាពនៃវិស័យហិរញ្ញវត្ថុ និង សេដ្ឋកិច្ចផងដែរ។
លោកបន្តថា «ដោយមើលឃើញពីសារសំខាន់នៃ របាយការណ៍ឥណទានចំពោះប្រជាជនកម្ពុជា និងដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាជន ដែលរស់នៅតាមបណ្តាខេត្ត ទើបការិយាល័យឥណទានកម្ពុជា បានពង្រីកសេវាត្រួតពិនិត្យសុខភាពហិរញ្ញវត្ថុ ដោយធ្វើកិច្ចសហប្រតិបត្តិអាជីវកម្មជាមួយដៃគូយុទ្ធសាស្រ្តគឺ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK ដែលមានសាខាជាង១៥០ទូទាំងប្រទេសក្នុងការផ្តល់សេវាកម្មនេះ ដោយជំហ៊ានដំបូងយើងដាក់ឲ្យដំណើរការ តាមសាខារបស់ AMK ចំនួន៥ ហើយគ្រោងនឹងពង្រីកទូទាំងប្រទេសនៅបំណាច់ឆ្នាំ២០១៩នេះ»។
លោកបន្ថែមថា សេវាត្រួតពិនិត្យសុខភាពហិរញ្ញវត្ថុជាសេវាកម្មរបស់ CBC ដែលអនុញ្ញាតឲ្យប្រជាពលរដ្ឋទូទៅ អាចពិនិត្យមើលរបាយការណ៍ឥណទាន ឬលទ្ធភាពក្នុងការប្រើប្រាស់ឥណទាន ដោយខ្លួនឯងតាមរយៈភ្នាក់ងារដៃគូយុទ្ធសាស្ត្រ CBC។
លោកបញ្ជាក់ថា ដើម្បីប្រើប្រាស់សេវាកម្មនេះ អតិថិជនគ្រាន់តែយកអត្តសញ្ញាណប័ណ្ណ ឬ លិខិតឆ្លងដែនច្បាប់ដើម និងមានសុពលភាពហើយអញ្ជើញទៅកាន់សាខាទាំង៥ របស់គ្រឹះស្ថានមីក្រូហិញ្ញវត្ថុ AMK ដូចជាទីស្នាក់ការកណ្តាល សាខាខណ្ឌពោធិ៍សែនជ័យ សង្កាត់ចោមចៅ៣ សាខាកំពង់ចាម សាខាខេត្តកណ្តាល និងសាខាខេត្តសៀមរាប។
លោក គា បូរាណ ឲ្យដឹងថា «AMK មានក្តីសោមនស្សរីករាយដោយបានចាប់ដៃគូសហប្រតិបត្ដិការជាមួយការិយាល័យឥណទានកម្ពុជា CBC ក្នុងការបម្រើសេវាត្រួតពិនិត្យសុខភាពហិរញ្ញវត្ថុ ដល់ប្រជាជនកម្ពុជាឲ្យបានទូលំទូលាយ តាមរយៈការស្នើសុំត្រួតពិនិត្យរបាយការណ៍ឥណទានផ្ទាល់ខ្លួន តាមសាខាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK»។
លោកបន្ដថា បច្ចុប្បន្ន AMK បានផ្តល់សេវាទៅដល់អតិថិជនជាង៧៦ម៉ឺននាក់ និងមានសាខាគ្រប់ដណ្តប់គ្រប់ស្រុក និងឃុំទូទាំងប្រទេស។ ដូច្នេះសេវាហិរញ្ញវត្ថុមួយនេះនឹងជួយ ដល់អតិថិជនក្នុងការស្វែងយល់ពីស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួន លើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងត្រៀមខ្លួនរួចរាល់ប្រកបដោយការទទួលខុសត្រូវ ក្នុងការទទួលបានប្រាក់កម្ចីពីស្ថាប័នហិរញ្ញវត្ថុ៕