(ភ្នំពេញ)៖ ស្ថានទូតអាមេរិកប្រចាំកម្ពុជាបាន បង្ហោះសារមួយដែល មានលក្ខណៈជាការលូកដៃយ៉ាងកំរោលចូលកិច្ចការផ្ទៃក្នុងកម្ពុជាទាំងស្រុង។ សុខៗស្រាប់តែស្ថានទូតបរទេសមួយនេះបង្ហោះសារ លើបណ្តាញសង្គមហ្វេសប៊ុក ផ្លូវការរបស់ខ្លួនថា លោក កឹម សុខា ជាមនុស្សស្អាតស្អំ ហើយជាប់ពន្ធនាគារដោយអយុត្តិធម៌។ យើងសូមសួរទៅស្ថានទូតអាមេរិកថា តើអ្នកដឹងរឿងលោក កឹម សុខា បានធ្វើអ្វីទេទើបបណ្តាលឲ្យអាជ្ញាធរកម្ពុជា ចាប់ខ្លួនឃុំឃាំងក្នុងពន្ធនាគារ? អ្នកដឹងទេថា លោក កឹម សុខា បាននិយាយចេញពីមាត់ខ្លួនឯង ហើយថតជាវិដេអូនិងបង្ហោះផ្សាយដោយគ្មានអ្នកណាបង្ខំ «ថា គាត់បានទទួលការណែនាំ និងហ្វឹកហាត់ពីសហរដ្ឋអាមេរិកដែលបានជួលគ្រូល្បីៗជាជនជាតិអាមេរិកកាំង និងកាណាដាឲ្យរៀបចំផែនការផ្តួលរំលំ រដ្ឋាភិបាលដោយយកគំរូតាមបដិវត្តនៅប្រទេសយូហ្គូស្លាវី និងស៊ែប៊ី»។
ក្រៅពីអ្វីដែលលោក កឹម សុខា បាននិយាយ សកម្មភាពជាក់ស្តែងជាច្រើនត្រូវបានធ្វើរួចហើយនៅកម្ពុជា។ នេះគឺជាទោសក្បត់ជាតិ ចុះហេតុអ្វីបានជាស្ថានទូតអាមេរិកហ៊ានអះអាងថា លោក កឹម សុខា ជាមនុស្សស្អាតស្អំ និងជាប់ឃុំដោយអយុត្តិធម៌ទៅវិញ? ក្នុងនាមជាពលរដ្ឋខ្មែរ យើងពិតជាមិនអាចទទួលយកបានទេចំពោះទង្វើបំពានម្តងហើយ ម្តងទៀតមកលើអធិបតេយ្យភាព របស់កម្ពុជាពីសំណាក់ស្ថានទូតអាមេរិកពីព្រោះទង្វើបែបនេះ បានបំពានសន្ធិសញ្ញាអន្តរជាតិផង និងបំពានលើអធិបតេយ្យភាពរបស់ប្រទេសដែលខ្លួនកំពុងបំពេញបេសកម្មការទូតផង។ យើងសូមឲ្យស្ថានទូតអាមេរិកគោរពគោលការណ៍យុត្តិធម៌ផង និងគោរពសិទ្ធិប្រទេសម្ចាស់ផ្ទះដែលកំពុងទទួលអ្នកឲ្យបំពេញការងារផង។ ដើម្បីឲ្យមានយុត្តិធម៌ក្នុងការវិនិច្ឆ័យ យើងសូមផ្តល់យោបល់ជូនស្ថានទូតអាមេរិកឲ្យពិនិត្យមើលទិដ្ឋភាពមួយចំនួនដូចខាងក្រោម៖
ទី១៖ សូមស្ថានទូតអាមេរិកពិនិត្យ មើលអ្វីដែលកំពុងកើតមាននៅ ក្នុងប្រទេសរបស់ខ្លួនជាមុនសិនមុននឹងនិយាយរិះគន់ប្រទេសគេ។ នៅសហរដ្ឋអាមេរិក សំណុំរឿងចោទប្រកាន់ស្តីពីការលូកដៃ របស់ប្រទេសរុស្ស៊ីក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកនៅតែបន្តក្តៅគគុកមិនទាន់ចប់នៅឡើយទេរហូតមកដល់បច្ចុប្បន្ន។ អ្នកបានលឺទេការចោទប្រកាន់ប្រធានាធិបតី ដូណាល់ ត្រាំ ថាបានបណ្តោយឲ្យរុស្ស៊ីលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់អាមេរិកដែលធ្វើឲ្យលោក ត្រាំ ឈ្នះឆ្នោត? ភ្នាក់ងារ ស៊ីអាយអេ របស់អាមេរិកបាន និងកំពុងស៊ើបអង្កេតរឿងនេះយ៉ាងសកម្ម ហើយក៏ធ្លាប់បានចោទប្រកាន់តាមផ្លូវច្បាប់ដល់មនុស្សមួយចំនួនរួចហើយដែរ។
ឧបមាថា ក្រុមស៊ើបអង្កេតរបស់អ្នកបានរកឃើញភស្តុតាងថា លោកប្រធានាធិបតីត្រាំ បានឃុបឃិតជាមួយរុស្ស៊ីក្នុងរឿងនេះមែន តើច្បាប់នៅប្រទេសរបស់អ្នកនឹងត្រូវចាត់ការបែបណាចំពោះលោកត្រាំ?
ខ្ញុំនៅចាំបានថា អ្នកក៏ធ្លាប់បានចោទប្រកាន់ និងតាមចាប់ខ្លួន ពលរដ្អអាមេរិកាំងម្នាក់ឈ្មោះ Edward Snowden ពីបទក្បត់ជាតិដោយសារតែបុរសរូបនោះបានបញ្ចេញព័ត៌មានសម្ងាត់មួយចំនួន ទៅខាងក្រៅទាក់ទងនឹងទង្វើមិនគួរគប្បីមួយចំនួនរបស់រដ្ឋាភិបាលអាមេរិកាំង។ បើកុំតែ បុរសរូបនោះរត់គេចខ្លួនទាន់ ម៉្លេះសមគាត់ត្រូវបានរដ្ឋអំណាច របស់អាមេរិកចាប់ដាក់ពន្ធនាគារ បាត់ទៅហើយពីទោសក្បត់ជាតិ។ នៅប្រទេសបារាំង អតីតប្រធានាធិបតី នីកូឡា សាកូហ្ស៊ី ក៏រងការចោទប្រកាន់ពីបទថាបានទទួលប្រាក់ពីប្រទេសលីប៊ីយកមកប្រើប្រាស់ដើម្បីឃោសនាបោះឆ្នោត។ ប្រសិន បើនៅក្នុងប្រទេសរបស់អ្នកក៏ចាត់ការរឿងក្បត់ជាតិ និងរឿងការលូកដៃពីបរទេសដែរ ចុះហេតុអីបានជាចំណាត់ការរបស់កម្ពុជាក្នុងនាមជារដ្ឋអធិបតេយ្យមួយដូចអាមេរិក និងអឺរ៉ុបដែរ បែរជាអ្នកមកនិយាយថា លោក កឹម សុខា ជាមនុស្សស្អាតស្អំ ហើយជាប់ឃុំដោយអយុត្តិធម៌ទៅវិញ? តើយុត្តិធម៌សម្រាប់អ្នកឯងមានស្តង់ដាប៉ុន្មាន? សិទ្ធិមនុស្សដែលអ្នកកំពុងបង្រៀនគេមានស្តង់ដាប៉ុន្មាន?
ទី២៖ ក្នុងនាមខ្ញុំជាពលរដ្ឋខ្មែរសូមទាមទារឲ្យស្ថានទូតអាមេរិកប្រចាំកម្ពុជាគោរពយ៉ាងម៉ឺងម៉ាត់ នូវអធិបតេយ្យភាពរបស់ប្រទេសកម្ពុជាក្នុងនាមជារដ្ឋអធិបតេយ្យមួយដែលជាសមាជិកអង្គការសហប្រជាជាតិដូចសហរដ្ឋអាមេរិក និងបណ្តាប្រទេសនៅអឺរ៉ុបដែរ។ អ្នកដឹងទេថា បណ្តាប្រទេសក្នុងលោកនេះ គេតែងតែការពារអធិបតេយ្យភាពរបស់គេយ៉ាងតឹងតែងណាស់ មិនអាចអនុញ្ញាតឲ្យបរទេសណាមកបំពានបានឡើយរាប់ទាំងប្រទេសរបស់អ្នកផង។ ចុះហេតុដូចម្តេចបានជាស្ថានទូតអាមេរិកមកលូកដៃចូលកិច្ចការផ្ទៃក្នុងកម្ពុជា ដោយចំហរនិងដោយខ្វះសុច្ចរិតភាពនិងតុល្យភាពយ៉ាងដូច្នេះ?
ទី៣៖ ក្នុងនាមជាពលរដ្ឋខ្មែរ ខ្ញុំសូមឲ្យមហាអំណាចអាមេរិក ក៏ដូចជាអឺរ៉ុប បញ្ឈប់ការប្រើប្រាស់កម្ពុជាជាល្បែងភូមិសាស្ត្រនយោបាយដែលធ្វើឲ្យពលរដ្ឋខ្មែរក្លាយជាចំណាប់ខ្លាំង ដោយមហិច្ឆតាដណ្តើមឥទ្ធិពល និងផលប្រយោជន៍ភូមិសាស្ត្រ នយោបាយរបស់អ្នកតទៅទៀត។ កម្ពុជាបានរងគ្រោះឆ្អែតឆ្អន់ហើយដោយសារតែសង្គ្រាមវិនាសកម្ម បង្កើតឡើងដោយសារអ្នកកាលពីអតីតកាល។ គ្រាប់បែកជិត៣លានតោនត្រូវបានទម្លាក់លើទឹកដីកម្ពុជាដែលបានសម្លាប់ពលរដ្ឋខ្មែររាប់សែននាក់ និងបន្តធ្វើឲ្យមានជនរងគ្រោះជា
រៀងរាល់ថ្ងៃដោយសារតែកាកសំណល់នៃគ្រាប់មិនទាន់ផ្ទុះ។ ដូច្នេះវាល្មមគ្រប់គ្រាន់ដែលយើងឆ្អែតឆ្អន់ ហើយវាក៏ល្មមគ្រប់គ្រាន់សម្រាប់អ្នកដែរ។
ទី៤៖ ក្នុងនាមពលរដ្ឋខ្មែរ ខ្ញុំសូមស្នើឲ្យស្ថានទូតអាមេរិកប្រចាំកម្ពុជា សិក្សាស្វែងយល់បន្ថែមពីករណីលោក កឹម សុខា ដោយស្តាប់ឡើងវិញនូវសម្តីលោក កឹម សុខា ដែលបាន និយាយនិងត្រូវបានប្រព័ន្ធផ្សាយព័ត៌មានស្និទ្ធនឹងបក្សប្រឆាំងបានបង្ហោះផ្សាយទាំងស្រុង។ សូមឲ្យស្ថានទូតអាមេរិកពិនិត្យ មើលសកម្មភាពទាំងឡាយរបស់ក្រុមប្រឆាំងនៅកម្ពុជាដែលបានធ្វើកន្លងទៅ តើវាស៊ីសង្វាក់គ្នាយ៉ាងណាជាមួយនឹងអ្វីដែល លោក កឹម សុខា បាននិយាយ។ បើបានឃើញហើយ សូមប្រៀបធៀបទង្វើទាំងនេះទៅ នឹងអ្វីដែលកើតមានឡើងនៅក្នុងប្រទេសរបស់អ្នកផង។
ទី៥៖ បច្ចុប្បន្ន សហរដ្ឋអាមេរិកកំពុងផ្តល់ជំរកដល់ក្រុមបះបោរដែលប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា និងបានអនុញ្ញាតឲ្យប្រព័ន្ធផ្សាយព័ត៌មានរបស់ខ្លួន មានវិទ្យុអាស៊ីសេរី និងវិទ្យុសំឡេងសហរដ្ឋអាមេរិកជាដើមធ្វើជាឧបករណ៍ដាច់ថ្លៃរបស់ក្រុមឧទ្ទាមក្រៅច្បាប់ដើម្បីញុះញង់ បញ្ឆេះកំហឹង និងធ្វើសកម្មភាពប្រឆាំងរដ្ឋាភិបាលដឹកនាំដោយនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយចំហ ដោយខ្វះវិជ្ជាជីវៈ និងយ៉ាងគឃ្លើន។ តើអ្នកចង់បានអ្វីទៀតពីកម្ពុជា? តើអ្នកចង់ឃើញពលរដ្ឋខ្មែរប៉ុន្មានទៀត ដែលរងគ្រោះនិងស្លាប់ក្រោមទម្ងន់មនោគមន៍វិជ្ជា និងទម្ងន់គ្រាប់បែករបស់អ្នក?
សរុបមកវិញ មានពលរដ្ឋខ្មែរច្រើនណាស់ដែលបានបញ្ចេញ ប្រតិកម្មតបទៅនឹងទង្វើរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជាក្នុងបញ្ហាជាច្រើន ជាពិសេសសំណុំរឿងលោក កឹម សុខា នៅពេលនេះ។ ដូច្នេះ ស្ថានទូតអាមេរិកគួរតែបានភ្លឺភ្នែកហើយចំពោះប្រតិកម្មរបស់ម្ចាស់ស្រុកនៅពេលនេះ។ កម្ពុជាចង់ចងមិត្តជាមួយគ្រប់បណ្តាប្រទេសដោយគ្មានរើសអើង ប៉ុន្តែអ្វីដែលកម្ពុជាចង់បានគឺ សុំត្រឹមភាពស្មើមុខមាត់ និងការគោរពសិទ្ធិគ្នាទៅវិញទៅមកតែប៉ុណ្ណោះ។ យើងពិតជាមិនចង់ឃើញមិត្តណាដែលចូលចិត្តចាប់ដៃហើយជាន់ជើងនោះឡើយ៕
ដោយ៖ អ្នកតាមដាននយោបាយតុកាហ្វេ